(ញូវយ៉ក)៖ ប្រេងឆៅត្រូវបានជួញដូរក្នុងតម្លៃជាង ៩៤ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃពុធសប្តាហ៍នេះ ដោយសាការក្តីបារម្ភអំពីការកាត់បន្ថយការផ្គត់ផ្គង់ដែលបានព្រមព្រៀងដោយអង្គការ OPEC+។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងប្រភេទ Brent ក្នុងកិច្ចសន្យាជួញដូរអនាគត បានកើនឡើង ៦២សេន ឬ ០,៧ភាគរយដល់ ៩៤,៩១ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃពុធ បន្ទាប់ពីបានធ្លាក់ចុះមកនោត្រឹម ៩៣,៣៣ដុល្លារក្នុងវគ្គជួញដូរមុននេះ ស្របពេលដែលប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកបានឡើងថ្លៃ ៣៩សេន ឬ ០,៤ ភាគរយដល់ ៨៩,៧៤ដុល្លារ។

លោក Craig Erlam អ្នកវិភាគប្រភេទក្រុមហ៊ុន OANDA បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «មានកម្លាំងចលករលេចធ្លោពីរនៅក្នុងទីផ្សារប្រេងនៅពេលនេះនោះគឺចក្ខុវិស័យសេដ្ឋកិច្ចដែលជាហានិភ័យចម្បងធ្វើឱ្យប្រេងធ្លាក់ចុះថ្លៃ និងអង្គការ OPEC + ដែលការកត្តាជំរុញតម្លៃ»។

លោកបានបន្ថែមថា៖ «អង្គការ OPEC + បានអះអាងសារជាថ្មីកាលពីសប្តាហ៍មុនថានឹងកាត់បន្ថយផលិតកម្មប្រេង ២លានបារ៉ែលក្នុងមួយថ្ងៃ ... ប៉ុន្តែការភ័យខ្លាចអំពីកំណើនសេដ្ឋកិច្ចនៅតែគ្របដណ្តប់លើទីផ្សារដែលអាចអង្អាក់តម្លៃប្រេងមិនឱ្យកើនឡើង»

កាលពីសប្តាហ៍មុន អង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមទាំងប្រទេសរុស្ស៊ីផងដែរនោះ ដែលរួមគ្នាហៅថាអង្គារ OPEC+ បានសម្រេចចិត្តកាត់បន្ថយទិសដៅទិន្នផលរបស់ខ្លួនចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ (bpd)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕