(តូក្យូ)៖ កាលពីថ្ងៃពុធ ប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះថ្លៃខ្លាំងបំផុតមិនធ្លាប់មានធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេល ២៤ឆ្នាំ ដែលបង្កើនការរំពឹងទុកថានឹងមានការធ្វើអន្តរាគមជុំទីពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

រូបិយប័ណ្ណរបស់ជប៉ុនបានធ្លាក់ថ្លៃដល់ ១៤៦,៣៥យ៉េនក្នុងមួយដុល្លារ ពោលគឺជាកម្រិតទាបបំផុតមួយគិតចាប់ពីខែសីហា ឆ្នាំ១៩៩៨មក ជាពេលដែលកើតមានវិបត្តិហិរញ្ញវត្ថុអាស៊ី ដែលកើតឡើងខ្ពស់លើសពីកម្រិតដែលបង្កឱ្យមានការធ្វើអន្តរាគមន៍ពីអាជ្ញាធរជប៉ុនកាលពីខែមុន ដើម្បីទប់ស្កាត់ការធ្លាក់ចុះថ្លៃប្រាក់យ៉េនខ្លាំងនេះ។

កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ ប្រាក់យ៉េនត្រូវបានជួញដូរនៅក្នុងតម្លៃប្រហែល ១៤៦,៣០យ៉េនក្នុងមួយដុល្លារកាលពីថ្ងៃពុធ ខណៈដែលពាណិជ្ជករបានថ្លឹងថ្លែងទៅលើទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក និងផលប៉ះពាល់របស់អតិផរណានេះចំពោះការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនាពេលអនាគត។

ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនលោក Hirokazu Matsuno បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «យើងកំពុងឃ្លាំមើលយ៉ាងដិតដល់នូវការប្រែប្រួលរូបិយប័ណ្ណបរទេសជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ ហើយត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការសមស្របលើការប្រែប្រួលតម្លៃហួសហេតុ»។

ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Shunichi Suzuki ត្រូវបានដកស្រង់ដោយកាសែត Jiji Press ថា មិនមានការផ្លាស់ប្តូរជំហររបស់ជប៉ុនទាល់តែសោះ ហើយថាវានឹងចាត់វិធានការចាំបាច់នៅក្នុងទីផ្សារប្តូរប្រាក់ប្រសិនបើចាំបាច់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕