(ពោធិ៍សាត់)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជួយទិញស្រូវពីបងប្អូនប្រជាកសិករ ឱ្យអស់ពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ ក្នុងពេលដែលកសិករកំពុងរងផលប៉ះពាល់ពីទឹកជំនន់។

បណ្ឌិត កៅ ថាច ជំរុញបែបនេះ ធ្វើឡើងក្នុងពេលដែលលោក និងសហការី បានចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិកររបស់ រោងម៉ាស៊ីនកិនស្រូវភូ កុកគី និងរោងម៉ាស៊ីនកិនស្រូវ អ៊ុង ឃុង ដែលស្ថិតស្រុកបាកាន និងសួរសុខទុក្ខ ប្រជាកសិករចំនួន២៥គ្រួសារ ដែលទទួលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់បំផ្លិចបំផ្លាញស្រូវ និងផលដំណាំ រួមផ្សំ នៅស្រុកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែតុលានេះ ។

តាមការលើកឡើងពីប្រជាកសិករនៅខេត្តពោធិ៍សាត់ បច្ចុប្បន្នទិន្នផលស្រូវលើដីស្រែជាង ៤០០ហិកតា របស់ពួកគាត់ត្រូវបានបំផ្លាញទាំងស្រុងដោយសារទឹកជំនន់ ខណៈដែលពួកគាត់ត្រូវចំណាយថ្លៃដើមផលិតខ្ពស់លើការដាំដុះអស់ប្រមាណ ជិត ៤លានរៀល ក្នុងមួយហិកតា ស្របពេល ជី ពូជ ប្រេង ថ្នាំ ឡើងថ្លៃ ប៉ុន្តែទិន្នផលស្រូវទទួលបានមិនសូវល្អ ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់បងប្អូនកសិករ បណ្ឌិត កៅ ថាច លើកឡើងអំពីមូលហេតុដែលជាដើមចម នាំឱ្យវត្ថុធាតុដើមមានការឡើងថ្លៃ ជាពិសេស ប្រេង គឺបណ្តាមកពីសង្គ្រាមរវាង អ៊ុយក្រែន និង រុស្សី និងការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក។

ដើម្បីចូលរួមកាត់បន្ថយការចំណាយខ្ពស់លើការដាំដុះស្រូវ លោកបានណែនាំនូវចំនុចមួយចំនួនដល់កសិករ គួរពិនិត្យលទ្ធភាពដើម្បីកាត់បន្ថយការប្រើប្រាស់ពូជស្រូវ ដើម្បីធ្វើការសន្សំសំចៃ និងកាត់បន្ថយការចំណាយលើថ្លៃពូជ,ពិនិត្យលទ្ធភាពផ្លាស់ប្តូរការដាំដុះពូជស្រូវដែលមានទីផ្សារ និងមានតំលៃខ្ពស់ និងកាត់បន្ថយការប្រើប្រាស់ជីហួសប្រមាណ ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិត និងសន្សំសំចៃ។

បន្ថែមពីនេះគួរពិនិត្យលទ្ធភាពសិក្សា លើការប្រើប្រាស់ថាមពលសូឡា ជំនួសប្រេងសាំងដើម្បីធ្វើការបូមទឹកបញ្ជូលស្រែ និងអាចជួយសន្សំសំចៃថវិកាទិញប្រេង។ តាមដានព័ត៍មាននានាពាក់ព័ន្ធជាមួយការព្យាករណ៍អាកាសធាតុ ដើម្បីជៀសវាងការដាំដុះចំរដូវអាកាសធាតុមិនល្អ។ អ្វីដែលសំខាន់នោះ បងប្អូនកសិករ គួរចេះកត់ត្រាលើការចំណាយនានា ដើម្បីតាមដានលើការចំណាយវិនិយោគរបស់ខ្លួនក្នុងមួយឆ្នាំៗ។

លោកបណ្ឌិត បានលើកទឹកចិត្តដល់កសិករ ក្នុងករណីមានតម្រូវការឥណទានបន្ថែម ដើម្បីធ្វើការស្តារឡើងវិញ នូវដំណាំស្រូវបន្ទាប់ពីទឹកជំនន់បានស្រកទៅវិញ អាចធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបាន។

ក្នុងឱកាសនោះដែរ បណ្ឌិត កៅ ថាច បានឧបត្ថម្ភជូនដល់បងប្អូន មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ និងថវិកាមួយចំនួន ជូនដល់បងប្អូន ដើម្បីធ្វើការដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខនៅពេលនេះផងដែរ៕