(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចបានកត់សម្គាល់ថា ការឡើងកម្តៅជាថ្មីនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ​នឹងធ្វើឱ្យ​វិបត្តិសេដ្ឋកិច្ចដែលពិភពលោក កំពុងជួបប្រទះកាន់តែអូសបន្លាយយ៉ាងហោចពី២ទៅ៣ឆ្នាំទៀត ​និងជះឥទ្ធិពលអវិជ្ជមាន​ដល់សេដ្ឋកិច្ចកម្ពុជា ដែលអាចនឹងធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់​វិញ ព្រមទាំងប៉ះពាល់ទៅលើវិស័យកាត់ដេរផងដែរ។

​រយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះ វិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ​ចាប់ផ្ដើម​ឡើងកម្តៅជាថ្មី បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក ពូទីន ព្រមានថានឹងប្រើប្រាស់អាវុធគ្រប់ប្រភេទ ដែលរុស្ស៊ីមាន រួមទាំងអាវុធនុយក្លេអ៊ែរ ដើម្បីយកឈ្នះសត្រូវ និងការពារទឹកដីរបស់ខ្លួន​ ខណៈកងកម្លាំងរុស្ស៉ី បានបាញ់មីស៉ីលរាប់សិបគ្រាប់ទៅលើ​ទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែនផងដែរ ក្រោយ​ពីលោក ពូទីន បានចោទអ៊ុយក្រែន ជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀ។ ​

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បញ្ហាសង្រ្គាមនេះ បានធ្វើឱ្យទ្វីបអឺរ៉ុបទាំងមូល រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ី ​ទទួលរងនូវផលវិបាកច្រើន ដែលករណីនេះនឹងជំរុញឱ្យចរន្តសេដ្ឋកិច្ចនៅទ្វីបអឺរ៉ុបមានវិបត្តិ ​​ហើយផ្តល់ផលប៉ះពាល់ដល់តំបន់អាស៊ី និងអាហ្វ្រិក​។

លោកបន្តថា ដោយសារកម្ពុជាទទួលបានការអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប EBA ​អាចនឹងធ្វើឱ្យកម្ពុជារងផលប៉ះពាល់ពីការនាំចេញទៅប្រទេសអឺរ៉ុប ជាពិសេសសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ព្រោះពួកគេកាត់បន្ថយការទិញរបស់ប្រើប្រាស់មិនចាំបាច់​ ​ចំណែកភ្ញៀវទេសចរ​អឺរ៉ុប ក៏អាចនឹងកាត់បន្ថយការដើរកម្សាន្តផងដែរ។

លោកបានពន្យល់បន្ថែមថា «ខែ១០ ខែ១១នេះ ជាខែត្រជាក់ដែលប្រជាជនអឺរ៉ុប គឺលោកវិលវល់ផ្នែកស្មារតី ហើយប្រាក់ចំណូលរបស់ពួកគាត់ក៏បានចំណាយទៅលើអាហារ ប្រេងឥន្ធនៈ និងទំនិញផ្សេងៗ ដែលចាំបាច់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូច្នេះពួកគាត់អាចនឹងមិនចំណាយ ទៅលើទំនិញណាដែលមិនចាំបាច់ ដូចជាសម្លៀកបំពាក់ជាដើម ត្រូវបានកាត់បន្ថយ ដូច្នេះហើយបានជាយើងឃើញការបញ្ជាទិញសម្លៀកបំពាក់ស្បែកជើង ឬសម្ភារៈសម្រាប់ធ្វើដំណើរពីកម្ពុជា ទៅឃើញមានការថយចុះនៅក្នុងឆមាសទី២ ឆ្នាំ២០២២នេះ ។ ហើយនេះគឺជាបញ្ហាដែលជះឥទ្ធិពលមកលើ​ឧស្សាហកម្មកាត់ដេរនៅកម្ពុជាផងដែរ»។

​ជុំវិញបញ្ហានេះ លោក ង៉ែត ជូ អ្នកតាមដានសេដ្ឋកិច្ចនៅកម្ពុជា បានថ្លែងថា បើទោះបីជាសង្រ្គាមរវាងប្រទេសទាំងពីរ មិនផុសឡើងជាថ្មី ក៏វិបត្តិសាកលនៅតែអូសបន្លាយ ដោយសារតែមិនភាពប្រកដប្រជានៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ហើយវិបត្តិសេដ្ឋកិច្ចសាកល ដែលពិភពលោក រួមនឹងកម្ពុជាកំពុងជួបប្រទះនេះ នឹងអូសបន្លាយយ៉ាងហោចណាស់ពី២ទៅ៣ឆ្នាំ ទៅមុនទៀតផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចទាំងពីររូប សុទ្ធតែ​បានលើកឡើងថា ​វិបត្តិសង្រ្គាមផុសឡើងជាថ្មីនេះ នឹងបង្ក​ឱ្យការឡើងថ្លៃប្រេងឥន្ធនៈ ​បន្តជះឥទ្ធិពលមកដល់កម្ពុជា និងបណ្តាប្រទេសផ្សេងទៀត ដោយសារការដាក់ទណ្ឌកម្ម ពីបណ្តាប្រទេសលោកខាងលិច ទៅលើប្រទេសរុស្ស៊ី ដែលជាប្រភពផ្គត់ផ្គង់ឧស្ម័ន និងប្រេងឥន្ធនៈ និងការតបតរបស់រុស្ស៊ី ​ទៅលើប្រទេសទាំងនោះ​ ស្របពេលប្រទេសដែលជាសមាជិក OPEC បានប្រកាសកាត់បន្ថយផលិតកម្មរបស់ខ្លួន ដើម្បីជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមកវិញ។

សម្រាប់ លោក ង៉ែត ជូ ដើម្បីត្រៀមខ្លួនទប់ទល់នឹងវិបត្តិនេះ កម្ពុជាត្រូវតែបង្កើនផលិតភាព នៅក្នុងការផលិត តាមរយៈការទាក់ទាញវិនិយោគិន ពីក្នុង និងក្រៅស្រុក ចាក់ទុនចូលក្នុងសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅ ​។

លោកបន្តថា «ការដែលមានការវិនិយោគបរទេស ចូលមកច្រើនហើយការវិនិយោគ បង្កើតជារោងចក្រកែច្នៃផលិតកម្មផ្សេងៗ គឺសុទ្ធចូលរួមចំណែក ហើយជាពិសេសរដ្ឋាភិបាល អាចជួយជំរុញការវិនិយោគ នៅក្នុងវិស័យកែច្នៃផលិតផលកសិកម្ម ដើម្បីធានាបាននូវស្ថេរភាពតម្លៃ ឬយ៉ាងហោចស្ថិតក្នុងតម្លៃដែលល្អ ដើម្បីជួយទប់ទល់នឹងស្ថានភាពនេះ បើយើងពឹងតែការនាំចេញទៅប្រទេសវៀតណាម ថៃ និងចិន វានៅតែផុយស្រួយ»

រីឯបណ្ឌិត ហុង វណ្ណៈ យល់ថា ក្នុងការត្រៀមទប់ទល់នឹងវិបត្តិនេះ ស្ថាប័នពាក់ព័ន្ធគួរជំរុញចរន្តដើរកម្សាន្ត សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងការបើកទូលាយដល់ភ្ញៀវទេសចរពីក្រៅស្រុក ដែលរាជរដ្ឋាភិបាលបាន​ដកនូវរបាំងវិធានការរួចមកហើយ ​ក៏ដូចជាការបើកទូលាយជើងហោះហើរ ពីបណ្តាប្រទេសនានា ដើម្បីជំរុញនូវលំហូរភ្ញៀវទេសចរបរទេស​។ ទី២ ពង្រឹងទៅលើវិស័យកសិកម្ម តាមរយៈការគាំទ្រការផលិតស្បៀង ការដាំដុះ និងការចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និង បង្កើនការនាំចេញ ដើម្បីទទួលបានរូបិយបណ្ណបរទេស ចូលមកក្នុងប្រទេស ​និងការផលិតរបស់ប្រើប្រាស់ប្រចាំថ្ងៃ កាត់បន្ថយការនាំចូលមកពីបរទេស។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលត្រូវគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែ ​និងប្រាក់ចំណូលពីវិស័យនេះ ​ក៏ដូចជាពង្រឹងទៅលើការធ្វើពាណិជ្ជកម្ម ពង្រីកនាំចេញទៅកាន់ប្រទេសជាដៃគូ​។

គួរជម្រាបថា ស្របពេលដែលពិភពលោករួមទាំងកម្ពុជា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងការកើនឡើងនូវអតិផរណា​នោះ រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗ​នេះ បានសម្រេច​ដាក់ចេញនូវ​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការផ្ដល់ជូននេះ នឹងចាប់ផ្ដើមធ្វើឡើងពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្នុងនោះ មានពលរដ្ឋប្រមាណជិត៦០ម៉ឺនគ្រួសារ ឬស្មើជិត ២លាននាក់នឹងទទួលបានការឧបត្ថម្ភនេះ​៕