(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ជាថ្មីថា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ ដែលបង្កឡើងដោយគ្រោះថ្នាក់មិនបានដឹងមុន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវធានារ៉ាប់រងជាកាតព្វកិច្ចចាប់តាំងពីឆ្នាំ២០០២មក។

បន្ថែមពីនោះទៀត លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា​ នៅក្រោមច្បាប់ និងបទប្បញ្ញត្តិមានស្រាប់ ធានារ៉ាប់រងជាកាតព្វកិច្ចមាន៣ប្រភេទ ដូចជា៖ ធានារ៉ាប់រងទំនួលខុសត្រូវភាគីទីបី ធានារ៉ាប់រងជាកាតព្វកិច្ច នៃមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ និងធានារ៉ាប់រងជាកាតព្វកិច្ចសម្រាប់ការដ្ឋានសាងសង់។

អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ធានារ៉ាប់រងជាកាតព្វកិច្ចទាំង៣ប្រភេទនេះ បច្ចុប្បន្នកំពុងតែមានប្រសិទ្ធភាពអនុវត្តនៅក្នុងប្រទេសកម្ពុជា និងទាមទារឲ្យមាន កិច្ចសហប្រតិបត្តិការដ៏រឹងមាំ ពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ ការគាំទ្រយ៉ាងសកម្មពីវិស័យឯកជន និងការយល់ដឹងជាវិជ្ជមានពីសាធារណជន។

លោក ប៊ូ ច័ន្ទភីរូ បានបន្ថែមទៀតថា នៅក្នុងចំណោមកិច្ចសហការទាំងនេះ ការអប់រំ និងការយល់ដឹងជាសាធារណៈ គឺមានសារៈសំខាន់ណាស់ នៅក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍសេវាធានារ៉ាប់រងជាកាតព្វកិច្ចនៅក្នុងប្រទេសកម្ពុជា។

លោកថា និយ័តករធានារ៉ាប់រងកម្ពុជា បាន និងកំពុងលើកកម្ពស់យ៉ាងសកម្ម នូវសកម្មភាពអាទិភាពជាច្រើន រួមទាំងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ នៅទូទាំងរាជធានី ខេត្តគោលដៅ ការផ្ដួចផ្ដើម កម្មវិធីចែករំលែក ចំណេះដឹង អំពីធានារ៉ាប់រង ការផលិតវីដេអូសម្រាប់ការចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ បណ្ដាញសង្គម និងវែបសាយត៍ ព្រមទាំងការរៀបចំកម្មវិធី ជាមួយនឹងសាកលវិទ្យាល័យនានា នាពេលកន្លងមកផងដែរ។

លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងទៀតថា ក្រៅពីនេះ ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍទីផ្សារធានារ៉ាប់រង ជាពិសេសធនធានមនុស្ស និយ័តករធានារ៉ាប់រងកម្ពុជា បានប្ដេជ្ញាចិត្តលើកកម្ពស់ការបណ្ដុះបណ្ដាលអ្នកជំនាញធានារ៉ាប់រងផងដែរ។

នៅក្នុងន័យនេះ និយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ចេញនូវសេចក្ដីណែនាំ ស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ភ្នាក់ងារធានារ៉ាប់រង ក្នុងគោលបំណងបង្កើតនូវកម្មវិធីសិក្សារួមមួយ ដែលត្រូវអនុវត្តចំពោះ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ដែលអនុវត្តវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ភ្នាក់ងារធានារ៉ាប់រង នៅក្នុងប្រទេសកម្ពុជា។ នេះ​ជាការបញ្ជាក់បន្ថែម របស់លោក ប៊ូ ច័ន្ទភីរូ។

គិតត្រឹមចុងឆ្នាំ២០២១ និយ័តករធានារ៉ាប់រងកម្ពុជា បានអនុម័តវគ្គបណ្ដុះបណ្ដាលចំនួន២០ ដែលផ្ដល់ជូនដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន៤ ក្រុមហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១១ក្រុមហ៊ុន និងក្រុមហ៊ុនមីក្រូធានារ៉ាប់រង ចំនួន៥ក្រុមហ៊ុន។

ការលើកឡើង របស់លោក ប៊ូ ច័ន្ទភីរូ ធ្វើឡើងក្នុងឱកាសដែល អញ្ជើញចូលរួមក្នុងកម្មវិធី «អនាគតវិស័យធានារ៉ាប់រងក្នុងប្រទេសកម្ពុជា» ដែលរៀបចំឡើងដោយ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជានៅសណ្ឋាគាររ៉ូសវូដភ្នំពេញ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២៕