(តូក្យូ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីកាលពីថ្ងៃអង្គារ ដោយការកើនឡើងអតិផរណាបានបង្ខំឱ្យធនាគារកណ្តាលជាច្រើនរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការទម្លាក់ការព្យាករនេះបានបង្ហាញពីភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងលើការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អាស៊ីពីជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលចក្ខុវិស័យកំណើនដែលមានភាពងងឹតសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ចិន និងតំបន់ចាយប្រាក់អឺរ៉ូបង្កឱ្យមានការភ័យខ្លាចកើតមានវិបត្តិសេដ្ឋកិច្ចសកល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិ IMF ថា ការដំឡើងអត្រាការប្រាក់ជាលំដាប់របស់សហរដ្ឋអាមេរិកទំនងជានឹងបន្តធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ធ្វើឱ្យវិបត្តិបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍កាន់តែអាក្រក់ និងបង្ខំឱ្យប្រទេសខ្លះដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីទប់ស្កាត់មិនឱ្យតម្លៃរូបិយប័ណ្ណរបស់ពួកគេធ្លាក់ចុះខ្លាំងពេក។

របាយការណ៍ដដែលនេះបានឱ្យដឹងថា៖ «វិបត្តិបំណុលដែលរីករាលដាលនៅក្នុងសេដ្ឋកិច្ច (ប្រទេសកំពុងអភិឌ្ឍន៍) នឹងដាក់បន្ទុកយ៉ាងខ្លាំងលើកំណើនសេដ្ឋកិច្ចពិភពលោក ហើយអាចឈានទៅរកវិបត្តិសេដ្ឋកិច្ចសកល។ ការឡើងថ្លៃប្រាក់ដុល្លារអាមេរិកបន្ថែមទៀតអាចកាន់តែជំរុញឱ្យមានលទ្ធភាពកើតមានវិបត្តិបំណុល»។

ឥឡូវនេះ មូលនិធិ IMF រំពឹងថា សេដ្ឋកិច្ចរបស់តំបន់អាស៊ីកំពុងអភិវឌ្ឍន៍នឹងកើនឡើង ៤,៤ភាគរយនៅឆ្នាំនេះ និង ៤,៩ភាគរយនៅឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ ០,២ពិន្ទុភាគរយ និង ០,១ពិន្ទុភាគរយរៀងគ្នាធៀបនឹងការព្យាកររបស់ខ្លួនក្នុងខែកក្កដា។ សេដ្ឋកិច្ចរបស់តំបន់អាស៊ីបានកើនឡើង ៧,២ភាគរយនៅឆ្នាំ២០២១។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕