(ហូជីមិញ)៖ ស្ថានីយប្រេងឥន្ធនៈចំនួន ១២០ស្ថានីយនៅក្នុងទីក្រុងហូជីមិញ ឬស្មើនឹង ២០% នៃស្ថានីយប្រេងលក់រាយរបស់ទីក្រុងនេះ អស់ប្រេងឥន្ធនៈសម្រាប់លក់នៅថ្ងៃចន្ទសប្តាហ៍នេះ ដោយសារអ្នកលក់ដុំមិនអាចបំពេញស្តុករបស់ពួកគេបានទាន់ពេលវេលា។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា ស្ថានីយប្រេងជាច្រើនដែលគ្មានប្រេងឥន្ធនៈសម្រាប់លក់មានទីតាំងនៅជាយក្រុង រួមមានស្រុកប៊ិញចាញ ស្រុកប៊ិញតាន និងទីក្រុងធុដុក។

នាយកដ្ឋានឃ្លាំមើលទីផ្សារនៃទីក្រុងហូជីមិញ បានឱ្យដឹងកាលពីថ្ងៃចន្ទថា ស្ថានីយប្រេងឥន្ធនៈភាគច្រើនដែលគ្មានប្រេងឥន្ធនៈនៅក្នុងស្តុក គឺជាស្ថានីយមានទំហំមធ្យម និងតូច។

ជាមួយគ្នានេះដែរ អ្នកផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈជាច្រើនបានឱ្យដឹងថា ដោយសារតម្លៃលក់រាយធ្លាក់ចុះ នាំឱ្យពួកគេខាត ពោលគឺនាំចូលកាន់តែច្រើន ខាតកាន់តែច្រើន។

លោក Vu Hong Thanh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមបានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាកាលពីថ្ងៃចន្ទថា ស្ថានីយប្រេងឥន្ធនៈមួយចំនួនលក់ប្រេងឥន្ធនៈជូនអតិថិជនក្នុងបរិមាណបើគិតជាតម្លៃតែ ៥០ ០០០ដុង (២,០៩ដុល្លារ) ប៉ុណ្ណោះ។

អ្នកលក់រាយបានប្រាប់កាសែត VN Express ថា ការធ្លាក់ចុះតម្លៃលក់រាយដែលកំណត់ដោយរដ្ឋាភិបាលបង្ខំឱ្យពួកគេលក់ប្រេងទាំងខាត ហើយពួកគេកំពុងខាតពី ១០០ ទៅ ៣០០លានដុង (៤ ១៦៦-១២ ៥០០ដុល្លារ) ក្នុងករណីស្ថានីយប្រេងឥន្ធនៈតូចៗ និង ៥០០លានដុងសម្រាប់ស្ថានីយប្រេងធំៗ ដោយសារកម្រៃជើងសារទាប ហើយប្រហែលជាត្រូវបិទទ្វារ ប្រសិនបើអ្វីៗមិនប្រសើរឡើងក្នុងសប្តាហ៍នេះ។

មិនត្រឹមតែទីក្រុងហូជីមិញប៉ុណ្ណោះទេ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងកាលពីថ្ងៃចន្ទថា ស្ថានីយប្រេងឥន្ធនៈនៅខេត្តភាគខាងត្បូងមួយចំនួនដូចជាខេត្តអានយ៉ាង ខេត្តដុងថាប ខេត្តប៊ិញដួង និងកន្លែងផ្សេងទៀតក៏កំពុងអស់ប្រេងឥន្ធនៈលក់ផងដែរ។

អ្នកផ្គត់ផ្គង់មួយចំនួនបានឱ្យដឹងថា ការនាំចូលមានការលំបាក ខណៈពេលដែលអ្នកផ្សេងទៀតបាននិយាយថា ព្យុះណូរុដែលបានបោកបក់នាពេលថ្មីៗនេះបានប៉ះពាល់ដល់ការដឹកជញ្ជូន។ ការនាំចូលប្រេងសាំងបានធ្លាក់ចុះ ៤០% ក្នុងត្រីមាសទី៣ ធៀបនឹងត្រីមាសទី២ ខណៈការនាំចូលប្រេងម៉ាស៊ូតបានធ្លាក់ចុះ ៣៥%។ នេះបើយោងតាមកាសែត VN Express៕