(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អាជីវករ និងពាណិជ្ជករទាំងអស់ ដែលពុំទាន់បានចុះបញ្ជី សូមមកចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវដើម្បីបង្កើតឱកាសឱ្យខ្លួនក្នុងការទាក់ទាញដៃគូពាណិជ្ជកម្មនានា។

ការអំពាវនាវរបស់ លោក គង់ វិបុល ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងសម្រាប់រយៈពេល ៩ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១១ ខែតុលានេះ។

លោកបានថ្លែងថា «ការមកចុះបញ្ជីពន្ធដារ គឺជាទិដ្ឋភាពមួយបានបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនិងឈានទៅបំពេញកាតព្វកិច្ចសារពើពន្ធផ្សេងទៀត ហើយទិដ្ឋភាពមួយទៀត គឺបង្កើត ឱកាសដល់ខ្លួនឯងក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម ជាពិសេស ការផ្គត់ផ្គង់ទំនិញឬសេវាជូនសហគ្រាសធំៗ ពីព្រោះបច្ចុប្បន្នគេចង់រកទទួលទានជាមួយអ្នកដែលបានចុះបញ្ជីពន្ធដារត្រឹមត្រូវប៉ុណ្ណោះ ដោយសារពេលមានប្រតិបត្តិការទិញ-លក់គេនឹងទទួលបានវិក្កយបត្រត្រឹមត្រូវដើម្បីយកទៅកាត់កងចំណាយ ឬអាករលើធាតុចូលបាន។»

ជាមួយគ្នា លោកបានជំរុញឱ្យបង្កើនការផ្សព្វផ្សាយអំពីការអនុវត្តវិធានវិក្កយបត្រដល់អ្នកជាប់ពន្ធ និងជំរុញឱ្យអ្នកជាប់ពន្ធនិងសហគ្រាសទាំងអស់អនុវត្តឱ្យបានត្រឹមត្រូវនូវការចេញវិក្កយបត្រស្របតាមវិធានវិក្កយបត្រ ដែលក្នុងដំណាក់កាលនេះ អគ្គនាយកដ្ឋានពន្ធដារអនុវត្តដោយទន់ភ្លន់ ដោយផ្សព្វផ្សាយ និងណែនាំ ហើយឆាប់ៗខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តវិធានកផ្លូវច្បាប់ចំពោះសហគ្រាសដែលមិនបានអនុវត្តត្រឹមត្រូវតាមវិធានវិក្កយបត្រ។

លោកបន្ថែមថា«ពន្ធដារដឹងថាតើសហគ្រាសណាខ្លះចេញវិក្កយបត្រត្រឹមត្រូវតាមវិធានវិក្កយបត្រ និងខ្លះមិនទាន់បានចុះបញ្ជីពន្ធដារផង ដោយសារយើងមានកម្មវិធី វិក្កយបត្រនាំសំណាង ដែលចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការមកទទួលបានការចូលរួមនិងគាំទ្រពីសាធារណជនទូទៅយ៉ាងខ្លាំង»។

លោកមានប្រសាសន៍បន្ថែមថា សម្រាប់ឆ្នាំ២០២២ នេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ចំនួន ១១ ៤១៩,១៣ ប៊ីលានរៀល ឬប្រមាណ ២ ៨១៩,៥៤ លានដុល្លារ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយនិងរដ្ឋបាលសារពើពន្ធ ដែលរួមមានវិធានការសំខាន់ៗដូចខាងក្រោម៖
- បន្តអនុវត្តការអង្កេតសហគ្រាស លើភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជរាធានីភ្នំពេញ ព្រមទាំងផ្តល់សេវាចុះបញ្ជីពន្ធដារដល់ ទីតាំងជូនអ្នកជាប់ពន្ធ
- បន្តពង្រឹងការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការប្រកប អាជីវកម្ម ក៏ប៉ុន្តែចាត់វិធានការទប់ស្កាត់ឱ្យបានជាអតិបរមានូវការឈរឈ្មោះជំនួស ការគេចវេះនិងបន្លំពន្ធគ្រប់រូបភាព
- បន្តពង្រឹង និងតាមដានការបំពេញកាតព្វកិច្ចសារពើពន្ធរាល់សហគ្រាសដែលបានចុះបញ្ជីពន្ធដារជោគជ័យក្នុងគោលដៅ ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងក្នុងគោលដៅកាត់បន្ថយហានិភ័យពាក់ព័ន្ធនានា
- បន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬបិទជាស្ថាពរ ហើយស្នើសុំបើកដំណើរការឡើងវិញ ដោយមានវិធានការចុះពិនិត្យដល់ទីតាំងសហគ្រាសផ្ទាល់ តាមដានលើការដាក់លិខិតប្រកាស និងពង្រឹងការធ្វើសវនកម្មលើលិខិតស្នាម។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានមានចំនួន ១០ ៩០៨,១៩ ប៊ីលានរៀល ឬប្រមាណជា ២ ៦៩៣,៣៨ លានដុល្លារ ស្មើនឹង ៩៥,៥៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ កើនឡើងចំនួន ២ ៣៥១,០៧ ប៊ីលានរៀល ឬប្រមាណជា ៥៨០,៥១ លានដុល្លារ ដែលស្មើនឹង ២៧,៥០%។

ដោយឡែកការប្រមូលចំណូល ក្នុងខែកញ្ញា ឆ្នាំ២០២២ មានចំនួន ១ ០២៨,៩៥ ប៊ីលានរៀល ឬប្រមាណជា ២៥៤,០៦ លានដុល្លារ ស្មើនឹង ៩,០១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកញ្ញា ឆ្នាំ២០២១ កើនឡើងចំនួន ២១២,២១ ប៊ីលានរៀល ឬប្រមាណជា ៥២,៤០ លានដុល្លារ ស្មើនឹង ២៥,៩៨%៕