(ភ្នំពេញ)៖ បណ្ដាសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា កំពុងតែបោះជំហានឆ្ពោះទៅរកឱកាស នៃការនាំចេញផលិតផលរបស់ខ្លួនចេញក្រៅប្រទេស តាមរយៈកម្មវិធី «ជើងឯកអ្នកនាំចេញកញ្ចប់ ទំនិញខ្នាតតូច» (SPEC) ដែលគាំទ្រដោយសហគ្រិនខ្មែរ និងស្វីសខន់ថាក់ (Swisscontact) ដោយមានការសហការពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងសមាគមសហគ្រិនស្ត្រី កម្ពុជា (CWEA)។

កម្មវិធី «ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច» នេះបានចាប់ផ្ដើមអនុវត្ត ដំណើរការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមគម្រោង «ធ្វើឲ្យប្រសើរឡើងនូវពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់ សហគ្រាសធុនតូចនិងមធ្យម (SeT4SME)» ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធសំខាន់ៗ នៅក្នុងវិស័យនាំចេញកញ្ចប់ ទំនិញខ្នាតតូច ហើយធ្វើឲ្យបណ្ដាក្រុមហ៊ុននាំចេញកញ្ចប់ទំនិញខ្នាតតូច អាចផ្ញើកញ្ចប់ទំនិញរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពចំណាយជាងមុន ។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ បានថ្លែងថា «ការធ្វើឌីជីថលនីយកម្មអជីវកម្មជាយុទ្ធសាស្ត្រថ្មីមួយ ក្នុងការស្វែងរកទីផ្សារ ដែលបានធ្វើឡើងស្របតាម សសរស្តម «ធុរកិច្ចឌីជីថល» ក្នុងចំណោមសសរស្តមទាំង៣នៃ «ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ នៃរាជរដ្ឋាភិបាលកម្ពុជា»។ ដូចនេះ សហគ្រិនខ្មែរ សង្ឃឹមថា និន្នាការនៃការធ្វើអាជីវកម្មបែបនេះ នឹងក្លាយជាច្រកទ្វារថ្មី សម្រាប់បង្កើនការលក់ រួមទាំងការ នាំចេញនូវកញ្ចប់ទំនិញពីបណ្ដាសហគ្រាសធុនតូច និងមធ្យមនានាក្នុងស្រុក ទៅកាន់ទីផ្សារអន្តរជាតិ»

លោក Rajiv Pradha នាយកប្រចាំប្រទេសរបស់ ស្វីសខន់ថាក់កម្ពុជា និងជាអ្នកសម្របសម្រួល សម្ព័ន្ធសកលសម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម ប្រចាំកម្ពុជា បានថ្លែងថា «យើងមានក្ដីសប្បាយរីករាយ ដែលបានរៀបចំបង្កើតកម្មវិធី ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច នេះឡើង ជាមួយនឹងសហគ្រិនខ្មែរ និងសមាគមសហគ្រិនស្ត្រីកម្ពុជា ដោយមានការគាំទ្រពី សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា»

លោកបន្ដថា «ខ្ញុំមានជំនឿចិត្តថា តួអង្គគំរូនៅក្នុងកម្មវិធី ជើងឯកអ្នកនាំចេញ កញ្ចប់ទំនិញខ្នាតតូច នេះ នឹងជួយដល់សហគ្រាសធុនតូច និងមធ្យមផ្សេងទៀតឲ្យពង្រីកទីផ្សារ របស់ខ្លួនជាលក្ខណៈអន្តរជាតិ ហើយជួយពង្រឹងដល់ភាពសក្ដិសិទ្ធិ នៃសកម្មភាពនាំចេញកញ្ចប់ទំនិញ ខ្នាតតូចពីក្នុងប្រទេសផងដែរ។ សហគ្រាសធុនតូច និងមធ្យម ដែលចូលរួមនៅក្នុងកម្មវិធីនេះ នឹងអាចទទួលបានចំណេះដឹង ទាក់ទងនឹងក្បួនច្បាប់ និងនីតិវិធី ក៏ដូចជាការអនុវត្តជាក់ស្ដែងក្នុងការ នាំចេញកញ្ចប់ទំនិញខ្នាតតូចទៅកាន់ទីផ្សារគោលដៅរបស់ខ្លួន»

លោក Rajiv Pradha បានបន្ថែមទៀតថា «យើងក៏សង្ឃឹមផងដែរថា ការអនុវត្តសាកល្បងដែលយើងកំពុងធ្វើឡើងតាមរយៈកម្មវិធី ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច នេះ មានភស្តុតាងបង្ហាញពិតៗ ហើយកម្មវិធី ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច នេះ នឹងក្លាយជាកម្មវិធីសំខាន់សម្រាប់វិស័យនាំចេញកញ្ចប់ទំនិញខ្នាតតូចនៅកម្ពុជា»

កម្មវិធី «ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច (SPEC)» បាននិងកំពុងជួយគាំទ្រដល់សហគ្រាស ធុនតូចនិងមធ្យមនានា ដែលមានបំណងចង់នាំចេញទំនិញកញ្ចប់ខ្នាតតូចទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាជំរុញកំណើននាំចេញរបស់ខ្លួន។ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យវាយនភ័ណ្ឌកសិកម្ម សិប្បកម្ម កែច្នៃចំណីអាហារ និងឧស្សាហកម្មភស្តុភារកម្ម ជាសហគ្រាសគោលដៅក្នុងការទទួល ជំនួយនេះ។

ផលិតផលដែលសមស្រប គឺជាផលិតផលដែលផលិតក្នុងស្រុក ហើយអាចនាំចេញជា កញ្ចប់ខ្នាតតូចបាន ក្នុងទម្ងន់រហូតដល់ទៅ ២០ គីឡូក្រាម តាមរយៈសេវាប្រៃសណីយ៍ ឬ សេវាដឹក ជញ្ជូនបញ្ញើរហ័ស ហើយទំនិញទាំងអស់នោះ មិនត្រូវជាប់ក្នុងបញ្ជីទំនិញហាមឃាត់សម្រាប់ការនាំ ចេញនោះឡើយ។ បណ្ដាសហគ្រាសធុនតូច និងមធ្យម បានសម្ដែងការអរគុណចំពោះការផ្ដល់ ឱកាសចូលរួមនៅក្នុងកម្មវិធី នៅអំឡុងពេលសម្ពោធដាក់ឲ្យអនុវត្តកម្មវិធី «ជើងឯកអ្នកនាំចេញកញ្ចប់ ទំនិញខ្នាតតូច (SPEC)» ហើយពួកគាត់នឹងបន្តចូលរួមក្នុងកម្មភាពជាបន្តបន្ទាប់ពីកម្មវិធី «ជើងឯកអ្នក នាំចេញកញ្ចប់ទំនិញខ្នាតតូច (SPEC)»

លោកស្រី សេង តក្កនារី ស្ថាបនិកក្រុមហ៊ុន Sentosa Silk បានថ្លែងថា «ព្រឹត្តិការណ៍នេះល្អណាស់ ហើយជាវេទិកាមួយល្អ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ដូចជា អង្គការស្វីសខន់ថាក់កម្ពុជា ប្រៃសណីយ៍កម្ពុជា សហគ្រិនខ្មែរ និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត។ ប្រសិនបើយើងនិយាយពីដំណោះស្រាយ ព្រឹត្តិការណ៍នាថ្ងៃនេះ ពិតជាបានជួយបំភ្លឺពីរាល់ជំហានបន្ទាប់ នៅក្នុងការរៀបចំឯកសារ និងដំណើរការ ផ្សេងៗទៀត។ ឱកាសគឺមាននៅនឹងមុខយើង ហើយយើងពិតជាអាចអភិវឌ្ឍ កម្មវិធីនេះឲ្យបានរីកចម្រើនមួយកម្រិតថែមទៀត»

លោកស្រី ហោ សុគន្ធា មកពីក្រុមហ៊ុន Sokunthea Natural Rice បានថ្លែងថា «ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាល្អណាស់ ហើយខ្ញុំមានសេចក្ដីរីករាយ ដែលយើងមានវេទិកាបែបនេះ ដើម្បីចែករំលែកនូវគំនិត យោបល់របស់យើង។ សកម្មភាពនានាក្នុងថ្ងៃនេះ គួរឲ្យចាប់អារម្មណ៍ ដែលអនុញ្ញាតឲ្យសិក្ខាកាម អាចចូលរួមបានយ៉ាងពេញលេញ»

បណ្ដាសហគ្រាសធុនតូច និងមធ្យម បានទទួលការបណ្ដុះបណ្ដាលតម្រង់ទិសទាក់ទងនឹងកម្មវិធី ពាណិជ្ជកម្មអេឡិចត្រូនិច និងការរៀបចំឯកសារភស្តុភារកម្ម ជាពិសេសពាណិជ្ជកម្មអេឡិចត្រូនិច ឆ្លងប្រទេស និងការរចនាផលិតផលសម្រាប់ទីផ្សារនាំចេញ។ បន្ទាប់មកទៀត សហគ្រាសនឹងត្រូវឆ្លងកាត់វគ្គបង្ហាត់បង្ហាញ ក្នុងការជំរុញដល់ការនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅប្រទេស។

ក្នុងឱកាសនោះ សហគ្រាសធុនតូច និងមធ្យម ចំនួន១៥ នឹងទទួលបានវិញ្ញាបនបត្រ ជាជើងឯកអ្នកនាំចេញ ហើយសហគ្រាសធុនតូច និងមធ្យម ដែលនាំមុខគេចំនួន៣ នឹងទទួលបានជំនួយជាទឹកប្រាក់ តាមរយៈការប្រកួតប្រជែងនៅវគ្គផ្ដាច់ព្រ័ត្រ៕