(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃចន្ទសប្តាហ៍នេះ បានចេញសេចក្តីព្រាងច្បាប់ ដែលមានគោលបំណងបង្កភាពងាយស្រួល សម្រាប់ជនបរទេសមួយចំនួន ក្នុងការចូលប្រទេសចិន សម្រាប់គោលបំណងទស្សនាតំបន់ទេសចរណ៍ តាមបណ្តោយព្រំដែនចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិនថា ក្រុមទេសចរណ៍ដែលរៀបចំដោយភ្នាក់ងារទេសចរណ៍ នៅតំបន់ព្រំដែនក្នុងប្រទេសចិន អាចជ្រើសរើសច្រកចូល និងច្រកចេញរបស់ពួកគេ «ប្រកបដោយភាពបត់បែន»។ របាយការណ៍នេះមិនបានបញ្ជាក់ជាក់លាក់ អំពីទីតាំង និងកាលបរិច្ឆេទឡើយ។

ប្រទេសចិនបានបិទព្រំដែនរបស់ខ្លួន មិនឱ្យភ្ញៀវទេសចរបរទេសចូលចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ ដោយមានតែក្រុមជនបរទេសជាក់លាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនេះ ដូចជាអ្នកកាន់ទិដ្ឋាការការងារមួយចំនួនជាដើម។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ច្បាប់ត្រូវបានបន្ធូរបន្ថយជាបណ្តើរៗ ចាប់តាំងពីមានការចាប់ផ្តើមឡើងវិញ នូវជើងហោះហើរត្រង់កាន់តែច្រើនរវាងប្រទេសចិន និងប្រទេសមួយចំនួន ដើម្បីអនុញ្ញាតឱ្យនិស្សិតបរទេសដែលមានលិខិតអនុញ្ញាតស្នាក់នៅត្រឹមត្រូវ ចូលប្រទេសចិនបាន។ ការធ្វើចត្តាឡីស័កសម្រាប់ការមកដល់របស់ជនបរទេសក៏ត្រូវបានកាត់បន្ថយផងដែរ។

ប្រទេសចិនមានព្រំប្រទល់ជាមួយប្រទេសជាង ១០ រួមទាំងរុស្ស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ឡាវ និងវៀតណាម។

ទីក្រុងនានារបស់ចិននៅតាមព្រំដែនតែងតែរងការវាយប្រហារដោយករណីនាំចូលមេរោគកូវីដ-១៩ ដែលមានការពាក់ព័ន្ធនឹងការឆ្លងដែនតាមដីគោករបស់ជនបរទេស និងជនជាតិចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕