(ក្រុងឡុងដ៍)៖ ប្រទេសស្រីលង្កា ដែលរងគ្រោះដោយវិបត្តិនឹងធ្វើបទបង្ហាញទៅកាន់ម្ចាស់បំណុលអន្តរជាតិរបស់ខ្លួន នៅថ្ងៃសុក្រសប្តាហ៍នេះ អំពីវិសាលភាពពេញលេញនៃបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន និងផែនការរៀបចំបំណុលឡើងវិញ និងផែនការថវិកាសង្គ្រោះ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការគ្រប់គ្រងសេដ្ឋកិច្ចខុស រយៈពេលជាច្រើនឆ្នាំ រួមផ្សំនឹងជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រទេសស្រីលង្កា ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៤៨មក ដែលបណ្តាលឱ្យប្រទេសនេះ បរាជ័យក្នុងការសងបំណុលរដ្ឋរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ របស់ក្រសួងហិរញ្ញវត្ថុរបស់ស្រីលង្កា ដែលចេញផ្សាយតាមរយៈក្រុមហ៊ុនច្បាប់ Clifford Chance ថា ការជួបប្រជុំតាមអនឡាញ ដើម្បីធ្វើបទបង្ហាញទៅកាន់ម្ចាស់បំណុល នៅថ្ងៃទី២៣ ខែកញ្ញាខាងនេះ នឹងបើកចំហសម្រាប់ម្ចាស់បំណុលបរទេសទាំងអស់របស់ខ្លួន ហើយនឹងជា «វគ្គសន្ទនា» មួយដែលអ្នកចូលរួមអាចសួរសំណួរបាន។

វិបត្តិរបស់ប្រទេសស្រីលង្កាបានឡើងកម្ដៅខ្លាំង នៅក្នុងខែកក្កដា នៅពេលដែលប្រធានាធិបតីជំនាន់នោះ គឺលោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស ហើយបានលាលែងពីតំណែងបន្ទាប់ពីមានការតវ៉ាជាសាធារណៈដោយហិង្សា។

អ្នកជំនួសតំណែងរបស់លោក គឺលោក Ranil Wickremesinghe បានឈានដល់កិច្ចព្រម្រៀងបឋមមួយ ជាមួយមូលនិធិ IMF ដែលប្រសិនបើសម្រេចបាន កិច្ចព្រមព្រៀងនេះនឹងផ្តល់ជូនស្រីលង្កានូវទឹកប្រាក់កម្ចីចំនួន ២.៩ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំ។

សេចក្តីថ្លែងការណ៍ ចុះកាលបរិច្ឆេទថ្ងៃទី១៧ ខែកញ្ញានេះ បានឱ្យដឹងថា៖ «អាជ្ញាធរមានបំណងធ្វើបច្ចុប្បន្នភាពម្ចាស់បំណុលបរទេសរបស់ខ្លួនលើការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចថ្មីៗបំផុត គោលបំណងសំខាន់ៗនៃកញ្ចប់កំណែទម្រង់ដែលបានព្រមព្រៀងជាមួយ IMF និងជំហានបន្ទាប់នៃដំណើរការរៀបចំបំណុលឡើងវិញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕