(បាងកក)៖ ការនាំចេញអង្កររបស់ប្រទេសថៃ ទំនងជាលើសពី ៨លានតោននៅឆ្នាំនេះ ដែលជំរុញដោយការត្រឡប់មកទិញអង្ករថៃឡើងវិញ ដោយប្រទេសអ៊ីរ៉ាក់ និងការរឹតបន្តឹងរបស់ប្រទេសឥណ្ឌា លើការនាំចេញអង្ករ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដី របស់លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃថា ការនាំចេញអង្ករនឹងទទួលបានអត្ថប្រយោជន៍ ប្រសិនបើឥណ្ឌារក្សាការហាមឃាត់ លើការនាំចេញចុងអង្ករ និងដកហូតពន្ធ ២០% លើការនាំចេញអង្ករប្រភេទផ្សេងៗ រហូតដល់ដំណាច់ឆ្នាំនេះ។

យោងតាមលោក Chookiat ការរឹតបន្តឹងរបស់ឥណ្ឌាទំនង ជាធ្វើឱ្យការនាំចេញរបស់ប្រទេសនេះ នៅឆ្នាំ២០២២ មានប្រហែល ១៧លានតោន ដោយធ្លាក់ចុះពី ២១,២លានតោននៅក្នុងរដូវកាលឆ្នាំ២០២១/២០២២។

លោកមានប្រសាសន៍ថា «មុននឹងមានការរឹតបន្តឹង តម្លៃអង្ករសរបស់ឥណ្ឌាបានហក់ឡើងដល់ ៤០០ ដុល្លារក្នុងមួយតោនពី ៣៤០-៣៤៥ដុល្លារក្នុងមួយតោន ដែលជិតដល់តម្លៃអង្ករសរបស់ប្រទេសថៃ គិតត្រឹមតម្លៃនៅកំពង់ផែ ដែលបច្ចុប្បន្នត្រូវបានស្រង់តម្លៃពី ៤២០-៤៣០ដុល្លារក្នុងមួយតោន។ ការនាំចេញអង្ករមានការប្រកួតប្រជែងកាន់តែខ្លាំង ដែលជំរុញឱ្យប្រទេសនាំចូលជាច្រើន ក្នុងទ្វីបអាហ្រ្វិកត្រឡប់មកទិញអង្ករថៃវិញ»។

លោក Chookiat បាននិយាយថា ការនាំចេញអង្ករក៏ត្រូវបានជួយជំរុញ ដោយសារការត្រឡប់មកទិញវិញដោយប្រទេសអ៊ីរ៉ាក់ នៅក្នុងឆមាសទីពីរឆ្នាំមុនផងដែរ បន្ទាប់ពីបានផ្អាកការទិញអង្កររបស់ថៃ អស់រយៈពេលមួយទសវត្សរ៍។

នៅឆ្នាំនេះ អ៊ីរ៉ាក់បានក្លាយជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្ករថៃដោយរំពឹងថា ការនាំចេញទៅកាន់ប្រទេសនេះនឹងមានចំនួនសរុបពី១,២-១,៣លានតោន។ អ៊ីរ៉ាក់បាននាំចូលអង្ករថៃជិត ១លានតោនរួចហើយ។

ប្រទេសថៃបាននាំចេញអង្ករចំនួន ៦,១១លានតោនកាលពីឆ្នាំមុន កើនឡើង ៦,៦៨% ពី ៥,៧៣លានតោនក្នុងឆ្នាំ២០២០ ដែលមានតម្លៃ ១០៨ពាន់លានបាត ធ្លាក់ចុះ ៧,១៤%។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕