(ហាណូយ)៖ ប្រធានសមាគមស្បៀងអាហារវៀតណាមបានឱ្យដឹងនៅថ្ងៃអង្គារថា ការនាំចេញអង្កររបស់វៀតណាមត្រូវបានរំពឹងថានឹងកើនឡើងដល់ពី ៦,៣លានទៅ ៦,៥ លានតោននៅឆ្នាំនេះដែលកើនឡើងពី ៦,២៤តោនកាលពីឆ្នាំមុនដោយសារមានតម្រូវការខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Nguyen Ngoc Nam ប្រធានសមាគមស្បៀងអាហារវៀតណាមបានប្រាប់រ៉យទ័រថា៖ «រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ការនាំចេញបានកើនឡើងយ៉ាងខ្លាំង ហើយយើងរំពឹងថានឹងឃើញសន្ទុះនៅតែបន្តសម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំនេះ»

ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី៣ក្នុងពិភពលោកបានរាយការណ៍ពីការកើនឡើងការនាំចេញអង្ករ ១៩% ក្នុងរយៈពេល ៨ខែដំបូងក្នុងឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ទៅ ៤,៧លានតោន។

លោក Nam បាននិយាយថា តម្លៃនាំចេញអង្ករវៀតណាមក៏នឹងកើនឡើងផងដែរក្នុងកំឡុងពេលប៉ុន្មានខែខាងមុខ ដោយតម្លៃផលិតកម្មកាន់តែខ្ពស់ និងដោយសារតែលក្ខខណ្ឌអាកាសធាតុមិនល្អនៅក្នុងប្រទេសដែលដាំស្រូវជាច្រើនប៉ះពាល់ដល់ផលិតកម្ម។

លោកបានបន្តថា៖ «តម្លៃផលិតកម្ម ជាពិសេសតម្លៃជីបានកើនឡើងខ្លាំងក្នុងពេលថ្មីៗនេះ ចំពេល ដែលមានសម្ពាធអតិផរណាពិភពលោក» ។ លោកបានបន្ថែមថា៖ «យើងកំពុងឃើញគ្រោះរាំងស្ងួត និងទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសចិន ឥណ្ឌា និងនៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប ហើយនេះអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក»

លោកបានឱ្យដឹងទៀតថា ប្រទេសហ្វីលីពីននឹងនៅតែជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាមដដែលនៅឆ្នាំនេះ។

ប្រភពពីរបានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសបង់ក្លាកំពុងចរចាកិច្ចព្រមព្រៀងជាមួយវៀតណាម និងឥណ្ឌា ដើម្បីនាំចូលអង្ករសរុបចំនួន ៣៣០ ០០០តោនសម្រាប់ចែកចាយក្នុងរយៈពេលបីខែខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕