(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញលើកទឹកចិត្ត ដល់សហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍជាតិ និងប្រកួតប្រជែងដោយស្មើភាពគ្នា និងដើរតួនាទីជាដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវឧបករណ៍វាស់ចំណុះស្រាបៀរ នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក (Hanuman Beverages Co., Ltd) នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។

លោក គង់ វិបុល បានលើកឡើងថា ការស្ម័គ្រចិត្តដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ (Flowmeter) គឺជាគំរូនៃការចូលរួមការពង្រឹងតម្លាភាព និង អនុលោម ភាពសារពើពន្ធ ខណៈគិតត្រឹមបច្ចុប្បន្ន សហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផ្សេងៗប្រមាណ ៩០% បាននិងកំពុងប្រើប្រាស់ ឧបករណ៍វាស់ចំណុះស្រាបៀរ (Flowmeter)។

បន្ថែមពីនោះទៀត លោក គង់ វិបុល បានឲ្យដឹងថា ឧបករណ៍ Flowmeter នឹងផ្តល់មូលដ្ឋានជាក់លាក់ក្នុងការផ្ទៀងផ្ទាត់ និងតាមដានការប្រកាស និងបង់ប្រាក់ពន្ធរបស់ សហគ្រាស ធានាបាននូវការប្រកួតប្រជែងដោយស្មើភាព (Fair Playing Field) និងជាឧបករណ៍ស្តង់ដារអន្តរជាតិមួយ ប្រើប្រាស់សម្រាប់វាស់ចំណុះស្រាបៀរ។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមហ៊ុន Hanuman Beverages Co., Ltd ដែលជាសហគ្រាសមួយ មានអនុលោមភាពសារពើពន្ធខ្ពស់ បានស្ម័គ្រចិត្តចូលរួមសហការ និងបានបំពាក់ ឧបករណ៍វាស់ ចំណុះស្រាបៀរ ព្រមទាំងទទួលបានការកោតសរសើរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលផងដែរ។

លោក គង់ វិបុល បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តដំឡើងឧបករណ៍នេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពជឿជាក់ លើប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាឲ្យបាននូវស្ថិរភាព និងសុខសន្តិភាពពេញលេញបរិបូរណ៍ជូនជាតិមាតុភូមិ។

ទន្ទឹមគ្នានោះ លោក គង់ វិបុល បានបន្ថែមទៀតថា កាយវិការនេះ គឺជាការបង្ហាញនូវអនុលោមភាព និងតម្លាភាពរបស់ក្រុមហ៊ុនចំពោះរដ្ឋបាលសារពើពន្ធ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។

លោកថា ការចូលរួមសហការអនុវត្តយន្តការនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងអំពីអភិបាលកិច្ច សាជីវកម្ម (Corporate Governance) ដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ និងជាគំរូល្អសម្រាប់ សហគ្រាសដទៃទៀត ក្នុងវិស័យដូចគ្នានេះ ក៏ដូចសហគ្រាសទូទៅ និងជាការរួមចំណែកមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកចម្រើននៃសេដ្ឋកិច្ច។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា នឹងមានសហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាជាបន្តបន្ទាប់ទៀត នឹងចូលរួមអនុវត្តកាតព្វកិច្ច ដំឡើងឧបករណ៍វាស់ចំណុះនេះ។

លោក គង់ វិបុល បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងធ្វើកំណែទម្រង់ពន្ធដារ ជាពិសេសសម្រេចឲ្យបាននូវ អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ (Good Governance & Good Administration) ហើយចង់ឃើញវិស័យឯកជនមានការពង្រឹងនូវអភិបាលកិច្ច សហគ្រាស ល្អ (Good Corporate Governance) ផងដែរ

លោកថា ការអនុវត្តចំពោះការ «ឆ្លុះកញ្ចក់» ដែលអភិក្រមមួយនៃអភិក្រមការងារ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យបាល និងវះកាត់» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី អគ្គនាយកដ្ឋានពន្ធដារ មានកម្មវិធីផ្សាយផ្ទាល់តាមរយៈគេហទំព័រផ្លូវការ (GDT Facebook Live) រៀងរាល់សប្តាហ៍ ដែលមានវាគ្មិនសំខាន់ៗ។

វាគ្មិនសំខាន់ៗរួមមាន៖ លោក គង់ វិបុល, អគ្គនាយករង, និងថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ពាក់ព័ន្ធ បានផ្តល់លទ្ធភាពឲ្យអ្នកជាប់ពន្ធ ឬសាធារណជន អាចលើកឡើងជាសំណួរ សំណូមពរ និង/ឬ បញ្ហា ប្រឈមនានា តាមរយៈ GDT Live Chat ឬ Call Center 1277 ឬ Comments ក្នុង Facebook។

លោកបានបន្ដថា ក្នុងគោលដៅបន្តភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងឆ្លើយតបនូវការលំបាកដែលលើកឡើងដោយ វិស័យឯកជន អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងរៀបចំកែសម្រួល នូវការអនុវត្តអាករបំភ្លឺសាធារណៈ ដែលកន្លងមកត្រូវ ប្រកាសនិងបង់ពន្ធនៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់មកត្រឹមតែមួយដង។

អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញវិធានការបុរេសកម្មឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការលំបាកនានាក្នុងបរិបទនៃ ការរីករាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងនោះបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ ជាពិសេស៖

* ជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ToI E-Filing
* ការគ្រប់គ្រងដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ E-Filing, ប្រព័ន្ធទូទាត់ប្រាក់ពន្ធតាមអនឡាញ E-Payment

* ជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ToI E-Filing
* ការគ្រប់គ្រងដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ E-Filing, ប្រព័ន្ធទូទាត់ប្រាក់ពន្ធតាមអនឡាញ E-Payment
* ប្រព័ន្ធទទួលលិខិតប្រកាសពន្ធ ពាក្យស្នើសុំ លិខិតរដ្ឋបាល និង/ឬឯកសារនានាតាមរយៈប្រព័ន្ធបញ្ជូន ឯកសារ អេឡិចត្រូនិក (E-Document Submission System) ព្រមទាំងការដាក់ឲ្យប្រើប្រាស់ នូវការទូទាត់ប្រាក់ពន្ធដោយស្វ័យប្រវត្តិតាមទូរស័ព្ទដៃ។

គូសបញ្ជាក់ផងដែរថា គិតត្រឹមពេលបច្ចុប្បន្ន សហគ្រាសជាង ៩៥% បាននិងកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ ToI E-Filing និងការគ្រប់គ្រងដាក់លិខិតប្រកាស តាមប្រព័ន្ធអនឡាញ E-Filing៕