(ភ្នំពេញ)៖ មន្ត្រីជំនាញប្រេងកាត និងថាមពលរបស់កម្ពុជា និងថៃ សុទ្ធតែបង្ហាញនូវបំណងចង់បន្តការចរចា លើតំបន់ប្រេងត្រួតស៊ីគ្នា ដើម្បីទាញយកប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំង២។

មន្ត្រីជំនាញថាមពលរបស់ថៃបាននិយាយថា ប្រទេសថៃ និងកម្ពុជា នឹងបន្តចរចាដោះស្រាយលើតំបន់ប្រេងត្រួតស៊ីគ្នា (OCA) ដើម្បីទទួលបានអត្ថប្រយោជន៍រួមគ្នា ពីប្រភពប្រេងថ្មីក្នុងតំបន់នេះ ដែលចូលរួមក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលតម្លៃប្រេង និងថាមពល បន្ទាប់ពីពន្យារពេលក្នុងការចរចារ អស់រយៈពេល២០ឆ្នាំ។

លោក Khomgrich Tantravanich អគ្គលេខាធិការនៃគណៈកម្មាធិការ និយតកម្មថាមពល របស់ប្រទេសថៃ (ERC) បានលើកឡើងថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ គួរតែកុំបន្តភាពស្ងៀមស្ងាត់ ដោយត្រូវបង្ហាញទិសដៅច្បាស់លាស់ សម្រាប់ការអភិវឌ្ឍន៍រួមគ្នា នៅតំបន់ត្រួតស៊ីគ្នា។ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍ នៅថ្ងៃទី២២ ខែសីហានេះ។

លោកថា ប្រទេសថៃត្រូវធានាការផ្គត់ផ្គង់ប្រេងបន្ថែមទៀត សម្រាប់ការផលិតអគ្គិសនី បន្ទាប់ពីការថយចុះនៃបរិមាណប្រេង នៅក្នុងឈូងសមុទ្រថៃ បាននាំឱ្យមានការកើនឡើងនៃការនាំចូលប្រេងធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃ។

លោក Khomgrich បានមានលើកឡើងថា «យើងជឿជាក់ថា OCA នឹងជួយប្រទេសថៃ ធានាសុវត្ថិភាពការផ្គត់ផ្គង់ប្រេង និងរក្សាតម្លៃថាមពលទាប ក្នុងរយៈពេលវែង»

លោក Praipol Koomsup សេដ្ឋវិទូ Thammasat University ក៏ចង់ឃើញប្រទេសថៃ និងកម្ពុជា ទទួលបានផលប្រយោជន៍រួមគ្នា ពីអាជីវកម្មប្រេងថ្មីមួយនៅតំបន់នេះ។ លោកថា ក្នុងការចរចានេះប្រទេសទាំងពីរ អាចយកគំរូពីតំបន់អភិវឌ្ឍន៍រួមរវាងម៉ាឡេស៊ី-ថៃ។

ជុំវិញបញ្ហានេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហានេះថា រហូតមកដល់ពេលនេះ ភាគីទាំងពីរមិនទាន់កំណត់ថ្ងៃ ក្នុងការចរចាឡើងវិញនៅឡើយទេ។

បើទោះបីជា មិនបញ្ជាក់ពីគោលជំហរ ក្នុងការទាមទាររបស់កម្ពុជា ក្នុងការចរចារនេះ តែយ៉ាងណា លោកចង់ឱ្យផលដែលទទួលបាន ស្ថិតក្នុងភាពជាក់ស្តែង មានយុត្តិធម៌ សម្រាប់ភាគីទាំងពីរ។

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើង ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» នាដើមខែនេះថា ការចរចាតំបន់ទាមទារត្រួតស៊ីគ្នានេះ មានភាពស្មុគ្រស្មាញ ដែលធ្វើឱ្យការចរចានេះ ត្រូវប្រើពេលវេលាយូរ បើទោះបីជាប្រមុខដឹកនាំនៃប្រទេសទាំងពីរ មានឆន្ទៈឱ្យចង់ពន្លឿនការដោះស្រាយ និងទទួលស្គាល់ថា នៅតំបន់នេះមានសក្តានុពលធំ ដែលអាចនឹងជួយដោះស្រាយបញ្ហាសន្តិសុខប្រេង និងវិបត្តិថាមពលរបស់ប្រទេសថៃ និងកម្ពុជាក៏ដោយ។

លោកបញ្ជាក់ថា «វាមានភាពស្មុគ្រស្មាញខ្លាំង ដែលមានចរិកជានយោបាយផង ជាសេដ្ឋកិច្ចផង យើងបានព្យាយាមជជែកជាមួយភាគីថៃ បំបែកជាពីរដោយទុករឿងព្រំដែនមួយផ្នែកទៅ ហើយនាំគ្នាយកធនធានធម្មជាតិអភិវឌ្ឍរួមគ្នាសិន ដោយយកគំរូតាមបណ្តាប្រទេសផ្សេងៗ ដែលមានបញ្ហាទំនាស់ព្រំដែន ដែនសមុទ្រដូចគ្នាដែរ។ ថៃគាត់មានបញ្ហាជាមួយម៉ាឡេស៊ី ហើយគាត់បានអនុវត្តដោយជោគជ័យហើយ»

ការចរចាដោះស្រាយវិវាទលើតំបន់ទាមទារត្រួតស៊ីគ្នា ត្រូវបានពន្យារក្នុងរយៈពេល២០ឆ្នាំមកហើយ បន្ទាប់ពីប្រទេសទាំងពីរ បានបរាជ័យក្នុងការចរចាកាលពីឆ្នាំ២០០១។

តំបន់ទាមទារត្រួតស៊ីគ្នា មានផ្ទៃក្រឡាទំហំជាង២៦០០០គីឡូម៉ែត្រការ៉េ ដែលមានការប៉ាន់ប្រមាណថា អាចមានប្រេង និងឧស្ម័ន ច្រើនលានប៉ារ៉ែលនៅបាតសមុទ្រ។

លោក ជៀប សួរ បានបញ្ជាក់ថា កន្លងមកក៏ធ្លាប់មានក្រុមហ៊ុន ធ្វើការសិក្សាពីសក្តានុពលធនធានធម្មជាតិ នៃតំបន់នេះផងដែរ ប៉ុន្តែមិនទាន់ស៊ីជម្រៅនោះទេ ហេតុនេះប្រសិនបើការចរចាត្រូវគ្នា លើការអភិវឌ្ឍន៍រួមគ្នានៅតំបន់នេះ គឺចាំបាច់ ត្រូវធ្វើការសិក្សាឱ្យលម្អិតបន្ថែមទៀត។

តាំងពីដើមទសវត្សរ៍៧០មក កម្ពុជា និងថៃ បានទាមទាររៀងៗខ្លួន លើសិទ្ធអភិវឌ្ឍន៍លើតំបន់ត្រួតស៉ីគ្នា៕