(បាងកក)៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងថា តម្លៃដែកសកលដែលកើនឡើងដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្លាក់ចុះមកវិញបន្ទាប់ពីមានតម្រូវការដែកទាបនៅក្នុងប្រទេសចិន និងការកើនឡើងការនាំចូលដែកមកកាន់តំបន់អាស៊ីពីប្រទេសរុស្ស៊ី។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Nava Chantanasurakon ប្រធានក្លឹបឧស្សាហកម្មដែក និងដែកថៃនៃសហព័ន្ធ FTI ថា ការប្រែប្រួលតម្លៃខ្លាំងបានថមថយមកវិញចាប់តាំងពីខែមិថុនា ដោយតម្លៃដែកនៅក្នុងទីផ្សារអាស៊ីបានធ្លាក់ចុះ ៣,២ -៤,៩% នៅក្នុងខែមិថុនា និងធ្លាក់ចុះថែមទៀតពី ៥,២-១៦,៣% នៅក្នុងខែកក្កដា។

ការថយចុះនេះគឺដោយសារតែគោលនយោបាយគ្មានជំងឺកូវីដ-១៩របស់ប្រទេសចិន ដែលនាំឱ្យមានការអនុវត្តវិធានការបិទខ្ទប់នៅតាមទីក្រុងនានាដែលមានការរាយការណ៍ករណីឆ្លង។

លោក Nava បាននិយាយថា កត្តានេះបានបន្ថយតម្រូវការដែកនៅប្រទេសចិន ដែលបានធ្លាក់ចុះ ៦,៩ ភាគរយមកនៅត្រឹម ៥០១លានតោនក្នុងឆមាសទី១ ឆ្នាំនេះ។

ការនាំចេញផលិតផលដែករបស់ចិនមានចំនួន ៣៤,២លានតោនក្នុងរយៈពេលដូចគ្នានេះ។ ភាគច្រើននៃដែកដែលនាំចេញត្រូវបានលក់ក្នុងតម្លៃទាប។

កត្តាសំខាន់មួយទៀតគឺការកើនឡើងការនាំចេញផលិតផលដែកពីរុស្ស៊ីទៅកាន់តំបន់អាស៊ី។ លោក Nava បានថ្លែងថា រុស្ស៊ីមិនអាចលក់ដែកទៅឱ្យអឺរ៉ុបបានទេ បន្ទាប់ពីទណ្ឌកម្មរបស់លោកខាងលិច។

នៅក្នុងប្រទេសថៃ តម្រូវការផលិតផលដែកក៏បានធ្លាក់ចុះ ១៣% ផងដែរមកនៅត្រឹម ៨,៧៨ លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលភាគច្រើនដោយសារតែការធ្លាក់ចុះការវិនិយោគក្នុងវិស័យសំណង់ និងលក្ខខណ្ឌសេដ្ឋកិច្ចដែលកំពុងជួបបញ្ហាប្រឈម។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕