(សិង្ហបុរី)៖ ការសិក្សាមួយបានបង្ហាញថា អ្នកនិយមចូលចិត្តទទួលទានតែគជ់នៅតំបន់អាស៊ីអាគ្នេយ៍ចំណាយប្រាក់ចំនួន ៣,៦៦ប៊ីលានដុល្លារក្នុងមួយឆ្នាំលើតែគជ់ និងភេសជ្ជៈតែស្រដៀងគ្នានេះ ដោយសិង្ហបុរីមានអំណាយចំណាយខ្ពស់ជាងគេទោះបីជាមានប្រជាជនតិចបំផុតក្នុងចំណោមទីផ្សារសំខាន់ៗទាំងប្រាំមួយរបស់តំបន់នេះក្តី។ នេះបើយោងតាមកាសែត Channel News Asia។

សិក្សារួមគ្នាដោយក្រុមហ៊ុន Momentum Works និងក្រុមហ៊ុនផ្តល់ដំណោះស្រាយការទូទាត់ឌីជីថល qlub របាយការណ៍នេះក៏បានរកឃើញថា តម្លៃជាមធ្យមរបស់តៃគជ់ក្នុងប្រទេសសិង្ហបុរីកើនឡើងទ្វេដងបើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Momentum Works ដែលចេញផ្សាយនៅសប្តាហ៍នេះថា៖ «(ការសិក្សានេះធ្វើឱ្យ) វាក្លាយជាជាចំណុចចាប់ផ្តើមដ៏អស្ចារ្យមួយសម្រាប់ម៉ាកយីហោល្បីៗ»។ ក្រុមហ៊ុននេះបានឱ្យដឹងទៀតថា បច្ចុប្បន្នហាងតែគជ់ដែលកំពុងមានកម្មភាពក្នុងទីផ្សារមានជាង ៦០ម៉ាកយីហោ។

ទីផ្សារធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍គឺប្រទេសឥណ្ឌូនេស៊ី ដែលមានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ១,៦ប៊ីលានដុល្លារ។ ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខពីរ ដែលមានទឹកប្រាក់ ៧៤៩លានដុល្លារ ដោយមានហាងនិងបណ្តាញលក់រាយតែគជ់ជាង ៣១ ០០០ហាង។

ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខបី ដែលមានទឹកប្រាក់ ៣៦២លានដុល្លារ ហើយប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៤ មានចំនួន ៣៤២លានដុល្លារ។

ការស្រាវជ្រាវនេះបានរកឃើញថា តែគជ់ម៉ាកយីហោរបស់កោះតៃវ៉ាន់ និងក្នុងស្រុកបានគ្រប់គ្រងទីផ្សារតែគជ់អាស៊ីអាគ្នេយ៍ជាយូរមកហើយ។

ការសិក្សានេះបានឱ្យដឹងទៀតថា៖ «លើសពីនេះ ថ្មីៗនេះ តែគជ់ម៉ាកយីហោរបស់ប្រទេសចិនជាច្រើនបានចូលក្នុងតំបន់។ ទីផ្សារតែគជ់នៅក្នុងប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថាមានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ២០ប៊ីលានដុល្លារ ដែលមានភាពចង្អៀត និងប្រកួតប្រជែងខ្លាំង»

តែគជ់ម៉ាកយីហោចិនដែលបានឈានជើងចូលអាស៊ីអាគ្នេយ៍រួមមាន Mixue, Chagee និង HEYTEA ដែលសុទ្ធសឹងមានហាងនៅប្រទេសសិង្ហបុរី។ នេះបើយោងតាមកាសែត Channel News Asia៕