(ភ្នំពេញ)៖ លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាល សមាគវារីវប្បករកម្ពុជា បានឲ្យដឹងថា ការកែច្នៃត្រីប្រានាំចេញ ទៅប្រទេសចិនជាលើកដំបូង ត្រូវបានខកខាន ដោយសារតែការកែច្នៃ មានបញ្ហាបច្ចេកទេស។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ លោក សុខ រ៉ាដែន បានបញ្ជាក់ថា «ការនាំចេញត្រីប្រាទៅកាន់ប្រទេសចិន ជាលើកដំបូងត្រូវបរាជ័យ ដោយសារតែមិនមានបច្ចេកទេស ក្នុងការកែច្នៃត្រីប្រា បណ្ដាលឲ្យត្រីដែលកែច្នៃរួចខូចគុណភាព និងមិនអាចនាំចេញបាន ចំពោះការចាប់ផ្ដើមបញ្ជាទិញត្រីប្រា និងកែច្នៃម្ដងទៀតនេះ មិនអាចកំណត់ពេលវេលាជាក់លាក់បាននោះទេ ថានឹងអាចចាប់ផ្តើមពេលណានោះទេ»

ក្នុងនាមជាអ្នកចិញ្ចឹមត្រីរូបនោះ លោក រ៉ាដែន សូមអំពាវនាវដល់អ្នកវិនិយោគក្នុងស្រុក និងរាជរដ្ឋាភិបាលទាក់ទាញ ឲ្យមានការវិនិយោគលើការសាងសង់ឃ្លាំង ឬរោងចក្របង្កក និងការកែច្នៃឲ្យមានប្រសិទ្ធិភាព និងមានគុណភាពល្អ ដើម្បីកែច្នៃត្រីប្រាទៅតាមស្ដង់ដារអន្ដរជាតិ នាំចេញទៅទីផ្សារអឺរ៉ុប និងប្រទេសនានាលើពិភពលោក ដូចជាប្រទេសចិនផងដែរ ចំពោះត្រីប្រា និងត្រីផ្សេងៗទៀតរបស់កម្ពុជា មានគុណភាពខ្ពស់ អាចប្រកួតប្រជែងទីផ្សារបាន។

លោក សុខ រ៉ាដែន បានបញ្ជាក់ថា នៅពេលដែលចាប់ផ្តើមសាកល្បងទិញត្រីប្រា ពីសមាជិករបស់សមាគមវារីវប្បករកម្ពុជា យកទៅកែច្នៃដោយទិញម្តង១តោន ទិញបានតែ២តោនក៏ផ្អាកទិញ ដោយលឺដំណឹងថា ដោយសារការកែច្នៃមិនមានបច្ចេកទេសល្អ ខុសស្តង់ដារនាំចេញ។

លោក ហាវ វិសិដ្ឋ អគ្គនាយករង រដ្ឋបាលជលផលធ្លាប់បានប្រាប់ Fresh News ថា ការនាំចេញត្រីប្រាពីកម្ពុជា ទៅចិនអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ដែលជំហ៊ានដំបូង នាំចេញប្រមាណ៤០តោន។ ដោយក្នុង១ថ្ងៃ ក្រុមហ៊ុនកែច្នៃបញ្ជាទិញត្រីប្រាសាច់ស ចំនួន១តោន។ ប៉ុន្តែពេលនេះ បែរជាជួបបញ្ហាបច្ចេកទេស ធ្វើឲ្យការនាំចេញត្រីប្រាទៅចិន ត្រូវខកខានបែបនេះ ហើយមិនដឹងពេលណា ទើបក្រុមហ៊ុនកែច្នៃចាប់ផ្តើមទិញត្រីប្រាទៀត៕