Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៧ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិក មានទឹកប្រាក់ជិត៦ពាន់លានដុល្លារ កើនជាង៤៧ភាគរយ (Video inside)

16-08-2022 15:32

(ភ្នំពេញ)៖ ការនាំចេញរបស់កម្ពុជាទៅអាមេរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៥ ៦៩៥លានដុល្លារ កើនឡើងចំនួន៤៧.៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលចំនួន៣ ៨៦៧លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ចំពោះការនាំចូលពីអាមេរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើងចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់១៩០លានដុល្លារ។

មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញ សំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ មានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។

ប្រទេសដែលកម្ពុជានាំចេញច្រើន បន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម មានចំនួន ១ ៣២៦លានដុល្លារ, ប្រទេសចិន មានចំនួន ៧០១លានដុល្លារ, ប្រទេសកាណាដា មានចំនួន៦៩០លានដុល្លារ, ប្រទេសជប៉ុន មានចំនួន ៦៦៧លានដុល្លារ និងប្រទេសថៃ មានចំនួន ៥៥៩លានដុល្លារ។

គូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ ជាង ៧ ៨២៦លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៧ ៤៩០លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានជាង ៣៣៦លានដុល្លារ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានការកើនឡើងខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកត្ដាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានគ្រប់គ្រងជោគជ័យលើបញ្ហាកូវីដ ធ្វើឲ្យខ្សែចង្វាក់ផលិតកម្មរោងចក្រ អត់មានការរាំងស្ទះ។

ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង ជឿជាក់ថានឹងមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងៗ នឹងមកវិនិយោគកម្ពុជា ទន្ទឹមពេលដែលកម្ពុជា កំពុងអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិន ដែលមានភាពរួចពន្ធ ទៅកាន់ប្រទេសចិន៕