(សៀមរាប)៖ អ្នកចិញ្ចឹមក្រពើ ដែលគេធ្លាប់ហៅថា ជាថៅកែចិញ្ចឹមក្រពើ ប៉ុន្តែពេលបច្ចុប្បន្ននេះ ប្រែក្លាយមកជា «ខ្ញុំក្រពើ ឬទាសករក្រពើ» វិញ ។ ធ្លាប់តែគេហៅថៅកែក្រពើ ដោយសារតែកាលពីដើមមករបរនេះ បានផ្តល់ចំណូលខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប៉ុន្តែបច្ចុប្បន្ន អ្នកចិញ្ចឹមក្រពើបានទទួលរងគ្រោះខ្លាំង ព្រោះតែទីផ្សារក្រពើធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យ ខណៈដែលពួកគេ ត្រូវរកប្រាក់ដើម្បីរ៉ាប់រង ទៅលើចំណីក្រពើប្រចាំខែ។

អ្នកចិញ្ចឹមក្រពើខ្នាតធំ និងខ្នាតមធ្យមជាច្រើន នៅខេត្តសៀមរាប សុទ្ធតែត្អូញត្អែរពីការខាតបង់ធ្ងន់ធ្ងរ លើមុខរបរចិញ្ចឹមក្រពើនេះ ខណៈអ្នកចិញ្ចឹមខ្នាតតូចភាគច្រើន បានបោះបង់ការចិញ្ចឹមតែម្តង។

ចាប់អាជីពជាអ្នកចិញ្ចឹមតាំងពីឆ្នាំ២០១២ លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខ្នាតមធ្យម នៅឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មាន Fresh News ថា តាំងពីដើមមក អ្នកចិញ្ចឹមក្រពើត្រូវបានគេចាត់ទុកថា ជាថៅកែ ឬអ្នកមាន ដោយសារក្រពើមានតម្លៃខ្ពស់ ហើយឆ្នាំខ្លះតម្លៃកូនក្រពើបានហក់ឡើងរហូតដល់តម្លៃ ៣០ដុល្លារក្នុងមួយក្បាល ដែលធ្វើឱ្យអ្នកចិញ្ចឹមទទួលបានផលចំណេញច្រើន។ ប៉ុន្តែសព្វថ្ងៃនេះ អ្នកចិញ្ចឹមក្រពើត្រូវបានគេហៅជា «ខ្ញុំក្រពើ» វិញ។ ជា «ខ្ញុំក្រពើ» ព្រោះចាប់តាំងពីឆ្នាំ២០១៥មក ទីផ្សារក្រពើបានធ្លាក់ចុះជាបន្តបន្ទាប់ និងធ្លាក់ចុះកាន់តែខ្លាំង បន្ទាប់ពីកើតមានជំងឺរាតត្បាតកូវីដ១៩។

មុនពេលរីករាលដាលជំងឺកូវីដ១៩ កូនក្រពើមួយក្បាលអាចលក់បានតម្លៃទាបបំផុ តចន្លោះពី៧ ទៅ១១ដុល្លារ ប៉ុន្តែក្រោយធ្លាក់មកធ្លាក់ចុះត្រឹម៣ដុល្លារ និង១ដុល្លារ ហើយរហូតដល់ពេលនេះ តម្លៃត្រឹមតែ១ពាន់រៀលក្នុងក្បាលប៉ុណ្ណោះ ហើយគ្មានអ្នកមកទិញទៀតផង។

ចំណែកមេក្រពើវិញ ដែលធ្លាប់តែមានតម្លៃជាង១ពាន់ដុល្លារក្នុងមួយក្បាល បានធ្លាក់នៅត្រឹមតម្លៃពី៣០ដុល្លារ ទៅ៤០ដុល្លារប៉ុណ្ណោះ នៅក្នុងឆ្នាំនេះ ស្របពេលដែលចំណីក្រពើកំពុងឡើងថ្លៃ។

កាលពីមុនពេលរីករាលដាលជំងឺកូវីដក្នុងមួយឆ្នាំ លោកអាចរកចំណូលប្រមាណ២ម៉ឺនដុល្លារ ប៉ុន្តែសព្វថ្ងៃលោកត្រូវរកប្រាក់ប្រមាណជាង១ម៉ឺន៥ពាន់ដុល្លារ ដើម្បីចំណាយទៅលើចំណីក្រពើ ដែលជាការខាតបង់មួយ យ៉ាងធ្ងន់ធ្ងរសម្រាប់លោក។

បច្ចុប្បន្ននេះ លោក បុរាណ កំពុងចិញ្ចឹមក្រពើមេប្រមាណ ៣០០ក្បាល សម្រាប់ភ្ញាស់យកកូន លក់។ ក្នុងមួយខែ យ៉ាងហោចណាស់ លោកត្រូវចំណាយជាង២លានរៀល ឬស្មើ៥០០ដុល្លារ សម្រាប់ថ្លៃចំណីក្រពើ ឬប្រមាណជាង១ម៉ឺន៥ពាន់ដុល្លារក្នុងមួយឆ្នាំ ដោយក្រពើមួយក្បាលស៊ីចំណីអស់ជាង៥០ដុល្លារក្នុងមួយឆ្នាំ។

ម្ចាស់កសិដ្ឋានវ័យកណ្តាលរូបនេះ យល់ថា ទីផ្សារក្រពើនៅកម្ពុជាបានផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ នេះ ដោយសារមិនមានទីផ្សារនាំចេញផ្លូវការច្បាស់លាស់ និងគ្មានកន្លែងសម្រាប់កែច្នៃ គឺមានតែការនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម និងថៃប៉ុណ្ណោះ ។ សម្រាប់ទីផ្សារក្នុងស្រុក ស្បែកក្រពើមិនសូវត្រូវប៉ាន់ប៉ុន្មានទេ តែសាច់ក្រពើ និងខ្លាញ់ក្រពើត្រូវប៉ាន់ជាង ដោយសារតែប្រជាជនខ្មែរមួយចំនួនងាកមកបរិភោគសាច់ក្រពើ និងយកខ្លាញ់ក្រពើប្រាស់ប្រាស់សម្រាប់ការព្យាបាលមុនលើមុន ឬកមរមាស់ផ្សេងៗ។

អ្វីដែលកាន់តែធ្វើ អ្នកចិញ្ចឹមប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរទៀតនោះ គឺនៅឆ្នាំនេះ ព្រោះតែបញ្ហាអាកាសធាតុ បណ្តាលឱ្យក្រពើមិនសូវពង ហើយពងមួយចំនួនមិនញាស់។ លោក បូរាណ បានឱ្យដឹងថា មេក្រពើរបស់លោក ជាធម្មតាញាស់កូនបានប្រមាណ ៣០០០ក្បាល ខណៈឆ្នាំនេះតែជាង ១០០ ពងប៉ុណ្ណោះ។

លោក បុរាណ ដែលបច្ចុប្បន្នបានវិញ ទៅប្រកបការងារ ជាបុគ្គលិកធនាគារវិញ បន្ទាប់ពីរងការខាតបង់ដោយសារទីផ្សារក្រពើធ្លាក់ចុះ បានលើកឡើងថា ប្រសិនបើកម្ពុជាមានទីតាំងកែច្នៃផលិតផលក្រពើ នឹងធ្វើឱ្យទីផ្សារក្រពើងើបឡើងវិញ។ សម្រាប់លោកស្វាគមន៍ចំពោះអ្នកដែលមានដើមទុន ហើយចង់វិនិយោគបង្កើតកន្លែងកែច្នៃផលិតផលពីក្រពើ ដោយកសិដ្ឋានរបស់លោកមានទីតាំងធំទូលាយសម្រាប់ ការវិនិយោគនេះ៕