(ភ្នំពេញ)៖ មន្ត្រីទទួលបន្ទុកពាណិជ្ជកម្មរបស់អាមេរិក បានស្នើឲ្យកម្ពុជា បន្ដផ្ដល់បច្ចុប្បន្នភាពព័ត៌មាន ទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគដល់តំណាងពាណិជ្ជកម្មអាមេរិក ដើម្បីងាយស្រួលឲ្យក្រុមហ៊ុនធំៗ ដូចជា៖ Amazon និង Meta (Facebook) ជាដើម មកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា។

ការស្នើបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងគណៈប្រតិភូតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួល ដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

លោកស្រី Wallis Yu បានលើកឡើងថា លោកស្រីស្នើសុំឲ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាព ព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក (USTR) សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗ របស់សហរដ្ឋអាមេរិក ឲ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Meta (Facebook) ជាដើម។

លោកស្រី Wallis Yu ក៏បានជម្រាបមកកាន់ក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរថា ថ្មីៗនេះ រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា លើប្រទេសដែលទទួល អត្ថប្រយោជន៍មួយចំនួន ដើម្បីសម្រេចថា នឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទាំងនោះ ឬយ៉ាងណា ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

លោក បួន សារៈមុនី បានលើកឡើងថា ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក មានចំនួន ៦.២ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ ដែលជាការកើនឡើងក្នុងអត្រាកំណើន ៦១.៥៤% ធៀបនឹង៦ខែ ដើមឆ្នាំ២០២១។

លោករដ្ឋលេខាធិការបន្តថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឲ្យបរិយាកាសពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជា កាន់តែមានភាពទាក់ទាញ និងអំណោយផល ដល់វិនិយោគិនអន្តរជាតិ មកពីបណ្តាប្រទេសនានាលើពិភពលោក។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងអំពីវឌ្ឍនៈភាពជាវិជ្ជមាន ក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា រួមមានបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបច្ចេកវិទ្យានៃការទូទាត់ ឆ្លងប្រទេសដោយប្រើ QR Code ជាដើម ដែលទាំងអស់នេះ បានជួយរួមចំណែកបង្កបរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ។

លោកស្រី Wallis Yu ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានធ្វើការសម្របសម្រួលអន្តរក្រសួង ដើម្បីឲ្យកម្ពុជាសម្រេចទទួលយកស្តង់ដារយានយន្តសហរដ្ឋអាមេរិក ជាហេតុធ្វើឲ្យកម្ពុជាបានក្លាយជាទីផ្សារដ៏សំខាន់មួយ ក្នុងវិស័យយានយន្តសហរដ្ឋអាមេរិក។

គួររលឹកផងដែរថា ជំនួបពិភាក្សាលើកនេះ គឺជាការពិភាក្សាការងារបន្ត ដែលជាផ្នែកមួយនៃ កិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ ស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) កម្ពុជា-អាម៉េរិក៕