(ភ្នំពេញ)៖ កម្ពុជាអាចនឹងជៀសផុតពីប្រទេសអភិវឌ្ឍន៍តិចតូច (LDC) នៅឆ្នាំ២០២៤ខាងមុខ បើសិនជាការវាយតម្លៃ លើកទី២ តាមរយៈការត្រួតពិនិត្យ (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិ។

ប៉ុន្ដែការចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតូចនេះ កម្ពុជានឹងលែងទទួលបានការអនុគ្រោះពន្ធពាណិជ្ជកម្ម និងវិធានការពាក់ព័ន្ធនឹងជំនួយអន្ដរជាតិទៀតនោះឡើយ។

ការបញ្ជាក់ពីការត្រៀមនឹងចាកចេញពីប្រទេសអភិវឌ្ឍន៍របស់កម្ពុជានេះ ត្រូវបានមន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំសិក្សាវាយតម្លៃ ពីភាពងាយរងគ្រោះរបស់កម្ពុជា (Vulnerability Profile-VP) នៅពេលចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ជាមួយគណៈកម្មការអង្គការសហប្រជាជាតិ នៅថ្ងៃទី១០-១២ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

ក្នុងកិច្ចប្រជុំនោះ លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីការខិតខំប្រឹងប្រែង និងសមិទ្ធផលយ៉ាងច្រើន របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារ និងកសាងប្រទេសកម្ពុជា ជាង៣ទសវស្សន៍ បន្ទាប់ពីសង្គ្រាមស៊ីវិល ដើម្បីទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

ជាលទ្ធផល តាមរយៈការត្រួតពិនិត្យ (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិស្ដីពីគោលនយោបាយអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២១ កម្ពុជាត្រូវបានរកឃើញថា បានជាប់ចំណាត់ថ្នាក់ ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូច ជាលើកទី១។

ដើម្បីអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូចបាន កម្ពុជាត្រូវជាប់ចំណាត់ថ្នាក់ជាលើកទី២ តាមរយៈការត្រួតពិនិត្យរាល់បីឆ្នាំម្ដង (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិ ស្ដីពីគោលនយោបាយអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២៤។

លោកអនុរដ្ឋលេខាធិការ ក៏បានលើកឡើង ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងវិធានការពាក់ព័ន្ធនឹងជំនួយអន្ដរជាតិ នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូច។ មានន័យថា កម្ពុជាត្រូវរៀបចំយុទ្ធសាស្ដ្រថ្នាក់ជាតិ ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូចដោយរលូន និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ។

លោក Junior Davis នាយកផ្នែកស្រាវជ្រាវ និងវិភាគនៃអង្គការ UNCTAD បានធ្វើបទបង្ហាញស្ដីពី ដំណាក់កាលនៃការចាកចេញ ពីឋានៈប្រទេសអភិវឌ្ឍន៍តិចតូចរបស់កម្ពុជា។

លោក Junior បានបង្ហាញទិន្នន័យមួយចំនួនរបស់កម្ពុជា ដែលបានជាប់ចំណាត់ថ្នាក់ចាកចេញពី LDC ជាលើកទី១ ក្នុងឆ្នាំ២០២១ ដែលទិន្នន័យទាំងនោះ មានដូចជា សន្ទស្សន៍ចំណូលជាតិសរុប ធនធានមនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងបរិស្ថាន។ លោកថា កម្ពុជានឹងត្រូវបានត្រួតពិនិត្យម្ដងទៀតនៅឆ្នាំ២០២៤ ដើម្បីសម្រេចថា តើកម្ពុជាអាចចាកចេញពី LDC ដោយជោគជ័យ ឬទេ។

លោកបានលើកឡើងដែរថា នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូច កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ក្របខណ្ឌជំនួយបច្ចេកទេស និងកម្ចីសម្បទានជាដើម។ ដូច្នេះ ដើម្បីឲ្យកម្ពុជាអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូច បានដោយរលូន ក្រុមការងារ UNCTAD នឹងរៀបចំការសិក្សាភាពងាយរងគ្រោះ ដែលមាន៤ផ្នែកដូចជា៖

(១)៖ ការវិភាគស្ថានការណ៍ទូទៅនៃសមត្ថភាពផលិតធៀបនឹងតំបន់
(២)៖ កំណត់ភាពងាយរងគ្រោះផ្អែកលើភាពចម្រើនរុងរឿង, សន្ដិភាព, មនុស្ស, បរិស្ថាន, និងភាពជាដៃគូ
(៣)៖ ផលប៉ះពាល់នៃភាពងាយរងគ្រោះ
(៤)៖ គោលនយោបាយសម្រាប់ភាពធន់សេដ្ឋកិច្ចនិងបរិស្ថាន។

ការសិក្សាស្ដីពីភាពងាយរងគ្រោះនេះ មានគោលដៅប្រមូលព័ត៌មាននិងទិន្នន័យពីក្រសួង-ស្ថាប័នកម្ពុជា ដើម្បីជួយសិក្សាស្រាវជ្រាវនិងផ្តល់ជាអនុសាសន៍ ជូនរាជរដ្ឋាភិបាលកម្ពុជា ត្រៀមរៀបចំយុទ្ធសាស្ដ្រជាតិ ដើម្បីអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូច បានដោយរលូន។

គួរបញ្ជាក់ផងដែរថា ក្នុងបេសកកម្មរយៈពេល៣ថ្ងៃនេះ ក្រុមការងារ UNCTAD នឹងជួបផ្ទាល់ពិភាក្សាដោយឡែកជាមួយអន្តរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាបន្ថែមលើការរៀបចំការសិក្សា VP នេះ និងការព្រួយបារម្ភក្នុងវិស័យរបស់ស្ថាប័ននីមួយៗ នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូច៕