(ប៉េកាំង)៖ ទិន្នន័យគយផ្លូវការចិនបានបង្ហាញថា ការនាំចេញរបស់ប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងវិញខ្លាំងនៅក្នុងខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះរយៈពេល ៤ខែ ខណៈដែលការនាំចេញរបស់រុស្ស៊ីទៅកាន់ប្រទេសចិនក៏មានការកើនឡើងផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីដែលរងទណ្ឌកម្មបានកើនឡើង ២២,២ ភាគរយនៅក្នុងខែកក្កដាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបើគិតជាប្រាក់ដុល្លារ ដែលបានធ្វើឱ្យកំណើននេះក្លាយជាកំណើននាំចេញលើកដំបូងចាប់តាំងពីខែមីនាមក នេះបើយោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដោយផ្អែកលើទិន្នន័យគយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ ការនាំចេញរបស់ចិនទៅកាន់រុស្ស៊ីនៅខែមិថុនាបានធ្លាក់ចុះ ១៧ ភាគរយ។

កំណើនការនាំចូលរបស់ចិនពីប្រទេសរុស្ស៊ីបានរក្សាកំណើនខ្ពស់ក្នុងអត្រា ៤៩,៣ភាគរយក្នុង ខែកក្កដា ទោះបីជាមានអត្រាទាបជាងកំណើន ៥៦ភាគរយក្នុងខែមិថុនា និង ៧៩,៦ ភាគរយក្នុងខែឧសភាក្តី។

រុស្ស៊ីជាប្រភពប្រេង ឧស្ម័ន ធ្យូងថ្ម និងទំនិញកសិកម្មសំខាន់សម្រាប់ប្រទេសចិន។ ក្នុងគ្រាដែលមានសង្រ្គាមជាមួយប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ប្រទេសចិននៅក្នុងខែឧសភា និងខែមិថុនា ខណៈដែលអតិថិជនចិនបានទិញប្រេងពីប្រទេសនេះក្នុងតម្លៃទាប។

ទោះជាយ៉ាងណា ការផ្គត់ផ្គង់ប្រេងដែលផ្ទុកពីកំពង់ផែរុស្ស៊ីទៅកាន់ប្រទេសចិនបានធ្លាក់ចុះមកនៅត្រឹម ២១,៣លានបារ៉ែលក្នុងខែកក្កដា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕