(ភ្នំពេញ)៖ អត្រាអតិផរណានៅកម្ពុជា នៅក្នុងឆមាសទី២ ឆ្នាំ២០២២ រំពឹងថានឹងអាចថមថយមកវិញ ក្នុងអត្រា៣.២% បន្ទាប់ពីកើនឡើងដល់ ៦.៥% នៅឆមាសទី១ឆ្នាំនេះ ខណៈរាជរដ្ឋាភិបាលបានត្រៀមថវិកាជាង ៨០០លានដុល្លារ សម្រាប់ជួយពលរដ្ឋក្រីក្រ ឆ្លើយតបនៃការកើនឡើងនៃអតិផរណានៅកម្ពុជា និងទាំងវិបត្តិផ្សេងៗដែលកើតឡើងជាយថាហេតុ រួមទាំងការស្តារនូវសេដ្ឋកិច្ចឡើងវិញផងដែរ។  

របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ដែលចេញផ្សាយដោយធនាគារជាតិ បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២២ អតិផរណាជាមធ្យមនៅកម្ពុជា មានកម្រិត ៦.៥% ខ្ពស់ជាងឆមាសទី២ ឆ្នាំ២០២១ ដែលមានអត្រា៣.៤% និងឆមាសទី១ ឆ្នាំ២០២១ ក្នុងកម្រិត២.៥% ប៉ុន្តែត្រូវបានព្យាករថា នឹងថមថយមកវិញត្រឹម ៣.២% នៅឆមាសទី២ ឆ្នាំ២០២២នេះ ដែលធ្វើឱ្យអត្រាអតិផរណាគិតជាមធ្យមប្រចាំ ឆ្នាំ២០២២ អាចស្ថិតក្នុងរង្វង់៤.៨%។

របាយការណ៍ដដែលបានបញ្ជាក់ថា «អតិផរណាមាននិន្នាការកើនឡើង នៅក្នុងឆមាសទី១នេះ ដោយសារការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការងើបឡើងវិញនៃតម្រូវការក្នុងស្រុក។ ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ បានបន្តកើនឡើង១៨.២% នៅឆមាសនេះ ស្របតាមនិន្នាការថ្លៃប្រេងឆៅពិភពលោក ដោយការផ្គត់ផ្គង់ប្រេងពិភពលោក ទទួលរងឥទ្ធិពលពីភាពតានតឹង ភូមិសាស្ត្រនយោបាយ គួបផ្សំនឹងការងើបឡើងវិញនៃតម្រូវការពិភពលោក។ ថ្លៃក្រុមម្ហូបអាហារបានកើនដល់ ៥.៥% ដែលបណ្ដាលមកពីការរំខានផ្នែកផ្គត់ផ្គង់ ការកើនឡើងថ្លៃជី កសិកម្ម និងឥទ្ធិពលពីការឡើងថ្លៃប្រេងឥន្ធនៈ»

របាយការណ៍ធនាគារជាតិបានបញ្ជាក់ថា ស្ថានភាពអតិផរណានាឆមាសទី២ ផ្អែកតាមការព្យាករដោយសុទិដ្ឋិនិយម អតិផរណាក្នុងឆមាសទី២ ឆ្នាំ២០២២ ត្រូវបានព្យាករថាមានកម្រិតជាមធ្យមប្រមាណ៣.២%។ ការព្យាករនេះត្រូវបានធ្វើឡើង តាមរយៈការអង្កេតពីនិន្នាការថមថយល្បឿន នៃកំណើនថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈមកត្រឹម ៩.៣% ដោយសារថ្លៃប្រេងឆៅពិភពលោក ត្រូវបានព្យាករថានឹងថមថយចាប់ពីខែកក្កដា ដល់ចុងឆ្នាំ២០២២ ក្នុងបរិការណ៍ដែលប្រទេសសមាជិក OPEC នឹងបង្កើនការផ្គត់ផ្គង់ ស្របពេលដែលតម្រូវការ អាចថមថយមកវិញ នៅពេលអត្រាការប្រាក់កើនឡើង។

ជាមួយគ្នាកំណើនថ្លៃម្ហូបអាហារនឹងថយល្បឿនមកវិញ ២.៥% ដែលគាំទ្រដោយភាពប្រសើរឡើងនៃខ្សែច្រវាក់ផ្គត់ផ្គង់ នៅពេលដែលប្រទេសចិនកាត់បន្ថយការរឹតបន្តឹង លើវិធានការបិទខ្ទប់ និងភាពប្រសើរឡើងនៃទិន្នផលកសិកម្ម ក្នុងរដូវវស្សា គួបផ្សំនឹងឥទ្ធិពលពីការថយចុះ នៃថ្លៃប្រេងឥន្ធនៈមកវិញ។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែសីហានេះ ថា ផ្អែកលើតម្លៃប្រេង និងថាមពលមានការធ្លាក់ចុះជាបន្តបន្ទាប់ បានធ្វើឱ្យតម្លៃទំនិញធ្លាក់ចុះ។ ការធ្លាក់ចុះនៃអតិផរណា និងតម្លៃប្រេង នឹងជួយស្តារជីវភាពពលរដ្ឋ ជាពិសេសអ្នកដែលមានចំណូលថេរឱ្យ មានតុល្យភាពរវាងប្រាក់ចំណូល និងចំណាយដែលធ្វើឱ្យពួកគាត់អាច ទប់ទល់ទាំងចំណាយចរន្ត និងចំណាយថេរបាន។

លោកបន្តថា តាមរយៈការសង្កេតពីស្ថានភាពទីផ្សារអន្តរជាតិ តម្លៃប្រេង អាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត ដោយសារស្ថានភាពប្រទេស ដែលជាសមាជិក OPEC បានបង្កើនផលិតកម្មរបស់ខ្លួន។ ព្រមជាមួយគ្នា ប្រទេសមួយចំនួន ដែលបានទិញប្រេងពីប្រទេសរុស្ស៊ី ហើយលើសតម្រូវការរបស់ខ្លួន បានបញ្ចេញលក់លើទីផ្សារងងឹត និងប្រទេសទី៣ ដែលមិនមែនជាសមាជិករបស់ OPEC ក៏មានលទ្ធភាពផលិតប្រេងខ្លួនឯង សម្រាប់ការប្រើប្រាស់ ខណៈចរន្តនៃការប្រើប្រាស់រថយន្តអគ្គិសនី និងចរន្តនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ បានចាប់ផ្តើមកើនឡើង។ កត្តានេះ បានធ្វើឱ្យស្ថានភាពផ្គត់ផ្គង់ប្រេងមានលក្ខណៈនឹង និងសមមូលរវាងតម្រូវការ និងផ្គត់ផ្គង់ ដែលនឹងធ្វើឱ្យតម្លៃប្រេងបន្តធ្លាក់ចុះ។

លោកលើកឡើងយ៉ាងដូច្នេះថា «ពេលដែលតម្លៃប្រេងធ្លាក់ចុះនៅខែកក្កដា អីចឹងខែសីហារហូតទៅដល់ខែធ្នូ នៅចុងឆ្នាំ២០២២នេះ ឥន្ធិពលនឹងធ្លាក់ចុះជាបន្ត ប្រសិនបើមិនមានករណីប្រធានស័ក្ក ឬក៏ករណីនៃភាពតានតឹងណាមួយ នៅក្នុងចរន្តនៃការដាក់ទណ្ឌកម្ម ឬក៏ឥទ្ធិពលនៃការកាត់បន្ថយច្រវ៉ាក់ផលិតកម្មផលិតប្រេង របស់សមាជិក OPEC តម្លៃទំនិញនឹងធ្លាក់ចុះទៅតាមតម្លៃនៃប្រេងឥន្ធនៈ។ កាលណាតម្លៃប្រេងឥន្ធនៈនៅតែបន្តធ្លាក់ចុះ ឬចុះទាបជាងពេលបច្ចុប្បន្ននេះ នោះគឺថាអាចជួយកាត់បន្ថយ និងស្តារជីវភាពរបស់ប្រជាពលរដ្ឋបានច្រើនមែនទែន ឬក៏ការរកស៊ីសព្វសារពើរគាត់ មានស្ថានភាពល្អប្រសើរត្រលប់មកវិញ ដែលជាបុព្វហេតុនៃការលើកកម្ពស់ជីវភាពរបស់គាត់ល្អប្រសើរ»

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ជាក្រសួងដែលចូលរួមឃ្លាំងមើលស្ថានភាពអតិផរណានៅកម្ពុជា និងបានចូលរួមចំណែកមួយភាគ ដើម្បីដោះស្រាយអតិផរណា តាមរយៈគោលនយោបាយសារពើពន្ធជាដើម។

លោកបន្តថា ក្នុងពេលដែលអតិផរណាបានកើនឡើងនេះ ក្រសួងបានត្រៀមកញ្ចប់ថវិកា ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ក្នុងការដោះស្រាយ និងឆ្លើយតបនៃការកើនឡើងនៃអតិផរណានៅកម្ពុជាផងដែរ។

លោកបានគូសបញ្ជក់យ៉ាងដូច្នេះថា «សម្រាប់ក្រសួងសេដ្ឋកិច្ច យើងបានបម្រុងថវិកាថា បើមិនបានជួយខ្លាំង នៅក្នុងការគ្រប់គ្រងស្ថានភាពអតិផរណា ក៏យើងបានរៀបចំកញ្ចប់ថវិកា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីអតិផរណាដែលមិនមានលទ្ធភាពក្នុងការទិញ ព្រោះថា កម្រិត ឬលទ្ធភាពនៃការទិញរបស់គាត់ អាចនឹងមានការធ្លាក់ចុះ នៅពេលតម្លៃឡើងថ្លៃ អ៊ីចឹងនៅក្នុងកិច្ចការនេះ យើងបានត្រៀមកញ្ចប់ថវិកា ជួយទៅដល់ប្រជាជន ក្រីក្របន្តទៀត ក្នុងការដែលធ្វើយ៉ាងម៉េចឱ្យពួកគាត់ ឆ្លើយតបទៅនឹងស្ថានភាពនៃកិច្ចការទាំងអស់នេះ បានទាន់ពេល»។

បើតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះ កាលពីឆ្នាំ២០២០ រដ្ឋបានត្រៀមថវិកា ប្រមាណ៨២៤លានដុល្លារ, ឆ្នាំ២០២១ ចំនួន១២៩១លានដុល្លារ និងឆ្នាំ២០២២ រដ្ឋត្រៀមថវិកាជាង ៨០០លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងសម្រាប់ទប់ទាល់នឹងវិបត្តិផ្សេងដែលអាចកើតមានឡើងជាយថាហេតុ បូករួមទាំងការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ៕