(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានស្នើកាត់បន្ថយពន្ធជាច្រើនសម្រាប់ក្រុមហ៊ុន បុគ្គលិកកម្មករ និងវិនិយោគិនតូចៗនៅក្នុងផ្សារភាគហ៊ុនដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចដែលជំរុញដោយវិស័យឯកជន ដូចដែលលោកប្រធានាធិបតី Yoon Suk-yeol បានសន្យានៅក្នុងយុទ្ធនាការបោះឆ្នោត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្នុងការពិនិត្យមើលច្បាប់ពន្ធឡើងវិញប្រចាំឆ្នាំលើកដំបូងរបស់លោក រដ្ឋាភិបាលបាលរបស់លោក Yoon បានស្នើឱ្យកាត់បន្ថយអត្រាពន្ធសាជីវកម្មអតិបរិមាមកត្រឹម ២២% ពីអត្រាបច្ចុប្បន្ន ២៥% និងបន្ថយកម្រិតកំណត់សម្រាប់ពន្ធលើប្រាក់ចំណូល ដើម្បីដាក់បញ្ជូលកម្មករដែលធ្វើការយកប្រាក់ខែបន្ថែមទៀតនៅក្នុងកញ្ចប់ពន្ធលើប្រាក់ចំណូលទាបដែលមានអត្រា ១៥%។

ដើម្បីស្តារឡើងវិញនូវទីផ្សារភាគហ៊ុនដែលបានធ្លាក់ចុះជិត ២០% មកទល់ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើឱ្យលើកលែងពន្ធលើប្រាក់ចំណេញពីការវិនិយោគតូចៗ លើកលែងតែការកាន់កាប់ភាគហ៊ុនដែលមានតម្លៃលើសពី ១០ប៊ីលានវ៉ុន (៧,៦៣លានដុល្លារអាមេរិក) នៅក្នុងភាគហ៊ុនណាមួយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងថា៖ «គោលដៅរបស់យើងគឺដើម្បីកែសម្រួលច្បាប់ពន្ធឱ្យសមស្របទៅនឹងស្តង់ដារពិភពលោក និងធ្វើឱ្យទីផ្សារ អាជីវកម្ម ក៏ដូចជាទីផ្សារផ្សេងៗមានភាពរស់រវើកឡើងវិញ»

អត្រាពន្ធសាជីវកម្មអតិបរិមា ២២% នៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងមានអត្រាស្មើនឹងអត្រាជាមធ្យមក្នុងប្រទេសនានាដែលជាសមាជិករបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលក្រសួងហិរញ្ញវត្ថុកូរ៉េបានឱ្យដឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់ភាគហ៊ុនតាមរយៈភាគលាភ និងអ្នកប្រើប្រាស់តាមរយៈតម្លៃផលិតផល និងសេវាកម្មទាប»។

ការពិនិត្យមើលច្បាប់ពន្ធឡើងវិញប្រចាំឆ្នាំនេះធ្វើឡើងនៅពេលដែលសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ីមួយនេះកំពុងទប់ទល់នឹងកំណើនសេដ្ឋកិច្ចយឺតនៅឆ្នាំនេះ ខណៈដែលអតិផរណាអាចនៅតេបន្តកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕