(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២២ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ។

ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីឲ្យអគ្គនាយកដ្ឋានពន្ធដារ បន្ដអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងការពង្រឹងការប្រមូលចំណូលពន្ធ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគាំទ្រលើវិធានការដែលបានដាក់ចេញរបស់អគ្គនាយកដ្ឋានពន្ធដារ និងបានផ្តល់អនុសាសន៍សំខាន់ៗ ជាសម្រាប់អនុវត្តបន្តដូចខាងក្រោម៖

១៖ បន្តចូលរួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការពិនិត្យ និងពិគ្រោះយោបល់កម្រិតអន្តរក្រសួងស្ថាប័ន ដើម្បីឱ្យការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី សារពើពន្ធថ្មីមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ព្រមទាំងឆ្លើយតបនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ធានាភាពច្បាស់លាស់ ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព នីត្យានុកូលភាព និងសង្គតិភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។

២៖ បន្តពង្រឹងការអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) អនុលោមតាមប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូល និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព។

៣៖ សិក្សាលើលទ្ធភាពនៃការរៀបចំកែសម្រួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំក្រោយៗ។

៤៖ បន្តពង្រឹងការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ព្រមទាំងបន្តតាមដានការបំពេញកាតព្វកិច្ចសារពើពន្ធ រាល់សហគ្រាសកំពុងមានសកម្មភាព និងសហគ្រាសដែលទើបបានចុះបញ្ជីពន្ធដារថ្មី ក្នុងគោលដៅពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងក្នុងគោលដៅកាត់បន្ថយហានិភ័យពាក់ព័ន្ធនានា។

៥៖ បន្តពង្រឹងការងារគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម (VAT) ដោយបន្តយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ (Cross Check) និងពិនិត្យបន្ថែមលើឥណទានអាករលើធាតុចូល និងវិក្កយបត្រសម្រាប់បង្វិលសងអាករលើតម្លៃបន្ថែម។

៦៖ ត្រៀមរៀបចំវិបស្សនាពន្ធដារ (Tax Retreat) ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ២០១៩-២០២៣ របស់យុទ្ធសាស្ត្រកៀរគរចំណូល និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

៧៖ បន្តផ្សព្វផ្សាយនិងពង្រឹងការអនុវត្តវិធានវិក្កយបត្រ ក្នុងចំណោមអ្នកជាប់ពន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករនានា។

៨៖ បន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនូវកម្មវិធី វិក្កយបត្រនាំសំណាង ក្នុងគោលដៅពង្រឹងការអនុវត្តវិធានវិក្កយបត្រ ក្នុងចំណោមអ្នកជាប់ពន្ធ តាមរយៈការចូលរួមរបស់សាធារណជនទូទៅ។

៩៖ សិក្សារៀបចំវិធានការបំពាក់ GPS និង RFID លើរថយន្តដឹកជញ្ជូន ក្នុងគោលដៅគ្រប់គ្រងទិន្នន័យក្នុងការប្រកាសពន្ធ និងពង្រឹងក៏ដូចជាសម្រួលការផ្តល់សេវាជូនអ្នកជាប់ពន្ធ។

១០៖ បន្តរៀបចំយន្តការកំណត់អត្តសញ្ញាណអចលនទ្រព្យ (Property ID) ដើម្បីបញ្ជាក់ថាអចលនទ្រព្យនីមួយៗ បានបង់ពន្ធរួចរាល់ ចៀសវាងការលក់ដូរអចលនទ្រព្យដោយមិនបានបង់ពន្ធ។

១១៖ បន្តពង្រឹងការផ្តល់សេវាពន្ធអចលនទ្រព្យជូនសាធារណជន ដោយបង្កភាពងាយស្រួលតាមរយៈ ការរៀបចំវិក្កយបត្រពន្ធអចលនទ្រព្យសម្រាប់អចលនទ្រព្យនីមួយៗ ជូនដល់ទីតាំងអាសយដ្ឋានម្ចាស់អចលនទ្រព្យ។

១២៖ ពង្រឹងការកត់ត្រាបំណុលពន្ធ អនុវត្តការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗដែលមានសក្តានុពល ដោយកំណត់ជាបំណុលអាទិភាព។

១៣៖ បន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬបិទជាស្ថាពរ ហើយស្នើសុំបើកដំណើរការឡើងវិញ ដោយមានវិធានការចុះពិនិត្យដល់ទីតាំងសហគ្រាសផ្ទាល់ តាមដានលើការដាក់លិខិតប្រកាស និងពង្រឹងការធ្វើសវនកម្មលើលិខិតស្នាម។

១៤៖ បន្តការងារកែទម្រង់និងបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបន្តពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធនិងការគ្រប់គ្រងប្រមូលចំណូលពន្ធ។

១៥៖ បន្តពង្រឹងការផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបន្តពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈការរៀបចំកម្មវិធីរៀនអំពីពន្ធដារតាមអនឡាញ (Tax Education) កិច្ចប្រជុំ សិក្ខាសាលា វិបស្សនា គេហទំព័រ ទំព័រទំនាក់ទំនងសង្គម និងការផ្សាយផ្ទាល់តាមអនទ្បាញ ជាពិសេសការរៀបចំកម្មវិធី «ពន្ធដារកម្ពុជា» ដោយមានការជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់ តាមប្រព័ន្ធបណ្ដាញសង្គម GDT Facebook Live សេវាឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទ Call Center 1277 និងកម្មវិធី GDT Live Chat ជាដើម។

១៦៖ បន្តអនុវត្តវិធានការចាំបាច់នានាដូចមានកំណត់ ក្នុងសារាចរណែនាំស្តីពី ការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ ២០២២ និងបន្តអនុវត្តដោយការយកចិត្តទុកដាក់ នូវយុទ្ធសាស្រ្តកៀរគរចំណូល ឆ្នាំ២០១៩-២០២៣។

ក្នុងឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ បានចំនួន ៧ ៩៨០.៥៧ ប៊ីលានរៀល (ប្រមាណជា ១ ៩៧០.៥១ លានដុល្លារ) ស្មើនឹង ៦៩.៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៨៣៣.៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២.៧៤ លានដុល្លារ) ស្មើនឹង ២៩.៨៧%។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រង ប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ ដែលលទ្ធផលទាំងនេះ គឺជាផ្លែផ្កានៃកំណែទម្រង់ ទំនើបកម្មរដ្ឋបាលសារពើពន្ធ និងការយកចិត្តទុកដាក់ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី៕