(វ៉ាស៊ីនតោន)៖ ប្រភពមួយបានឱ្យដឹងថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) មានការពិភាក្សាជាវិជ្ជមាន និងប្រកបដោយផ្លែផ្កាជាមួយប្រទេសចិន និងឥណ្ឌា អំពីផែនការកំណត់តម្លៃប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រភពដដែលនេះបានឱ្យដឹងថា ប្រទេសចិន និងឥណ្ឌា ដែលប្រទេសប្រើប្រាស់ប្រេងធំទាំងពីរក្នុងពិភពលោក នឹងមានការលើកទឹកចិត្តឱ្យអនុវត្តតាមការកំណត់តម្លៃប្រេងនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កម្រិតកំណត់តម្លៃប្រេងក្នុងមួយបារ៉ែលមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែតម្លៃនេះនឹងមានកម្រិតខ្ពស់គ្រប់គ្រាន់ល្មមដើម្បីផ្តល់ការលើកទឹកចិត្តដល់ប្រទេសរុស្ស៊ីក្នុងការបន្តផលិតប្រេង។

ប្រេងឆៅរបស់រុស្សីបាននឹងកំពុងលក់បញ្ចុះតម្លៃយ៉ាងច្រើនពី ៣០ ទៅ ៤០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បើធៀបនឹងតម្លៃប្រេងឆៅប្រភេទ Brent ពី ១១០ ទៅ ១២០ ដុល្លារក្នុងមួយបារ៉ែល ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងម៉ូស្គូជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែន។

ក្រុមមេដឹកនាំរបស់ក្រុមប្រទេស G7 កាលពីថ្ងៃអង្គារបានព្រមព្រៀងគ្នាក្នុងការរុករកការវិធីសាស្រ្តដាក់បម្រាមណាមួយទៅលើការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីដែលត្រូវបានលក់លើសពីតម្លៃជាក់លាក់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងមូស្គូដើម្បីឱ្យសង្គ្រាមឆាប់ចប់។

ដោយសហភាពអឺរ៉ុបកំពុងរៀបចំដាក់ទណ្ឌកម្មជាដំណាក់កាលលើប្រេងរុស្ស៊ីនៅចុងឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកគឺលោកស្រី Janet Yellen បានលើកឡើងពីវិធីមួយដើម្បីកាត់បន្ថយប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ី ខណៈពេលដែលរក្សាការផ្គត់ផ្គង់នៅលើទីផ្សារ និងជៀសវាងមិនឱ្យមានការដំឡើងថ្លៃបន្ថែមទៀត ដែលអាចជំរុញឱ្យមានការដើរថយក្រោយនៃសេដ្ឋកិច្ច។ វិធីសាស្រ្តនេះគឺជាការកំណត់តម្លៃប្រេងនេះ។

ទណ្ឌកម្មរបស់លោកខាងលិចនៅតែអនុញ្ញាតឱ្យប្រទេសជាច្រើនទិញប្រេងឆៅពីរុស្ស៊ី ហើយប្រទេសឥណ្ឌា និងចិនបានបង្កើនការទិញរបស់ពួកគេដោយទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន។ ប្រភពដដែលបានឱ្យដឹងទៀតថា ប្រទេសទាំងពីរនឹងអាចទិញប្រេងឆៅពីរុស្ស៊ីក្នុងតម្លៃទាបជាងគម្រោងនេះ ដោយហៅការទិញបែបនេះថាជាចំណុចដ៏ទាក់ទាញមួយសម្រាប់ទីក្រុងប៉េកាំង និងញូវដេលី។

ប្រភពដដែលនេះបានបន្តថា ប្រសិនបើរុស្ស៊ីបដិសេធមិនលក់ប្រេងឆៅរបស់ខ្លួនក្នុងតម្លៃដែលបានកំណត់នេះ រុស្ស៊ីនឹងមានជម្រើសតិចតួចក្នុងការលក់វាក្នុងតម្លៃខ្ពស់ជាងនេះ ដោយសារតែនឹងមានការដាក់កម្រិតផ្សេងលើវិស័យជាច្រើន ដើម្បីបិទផ្លូវផ្សេងទៀតសម្រាប់ទីផ្សារប្រេងរបស់រុស្ស៊ី។

ប្រភពដដែលបន្ថែមថា ដោយសាររុស្ស៊ីមានសមត្ថភាពផ្ទុកប្រេងនៅមានកំណត់ ប្រទេសនេះនឹងត្រូវបិទផលិតកម្មក្នុងទ្រង់ទ្រាយធំដោយកាត់បន្ថយលំហូរសាច់ប្រាក់របស់ខ្លួន និងបង្កការខូចខាតបន្ថែមទៀតដល់វិស័យថាមពលរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕