(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ការអនុម័តលើសំណើគម្រោងសាងសង់ធ្លាក់ចុះ ៦.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍បញ្ជាក់ថា «នៅត្រីមាសទី១ឆ្នាំ២០២២នេះ ការអនុម័តលើសំណើគម្រោងសាងសង់ សរុបមានចំនួន ១០០១គម្រោង ធ្លាក់ចុះ៦៥គម្រោង ស្មើនឹង៦.១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះការធ្លាក់ចុះគម្រោងប្រភេទសំណង់សាធារណៈ, សំណង់លំនៅឋាន-ភូមិគ្រឹះ, សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍»

ទោះបីជាយ៉ាងណាក្ដី វិស័យសំណង់រំពឹងថា នឹងងើបឡើងវិញក្នុងអត្រា៣ភាគរយ ក្នុងឆ្នាំ២០២២នេះ ដោយសារកំណើនការផ្តល់ឥណទាន លើវិស័យសំណង់បានបន្តកើនឡើង ស្របពេលរាជរដ្ឋាភិបាល បាននិងកំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា សំដៅបញ្ចៀសហានិភ័យដែលអាចនឹងកើតឡើង។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា រំពឹងថា ការអនុម័តលើសំណើគម្រោងសាងសង់នឹងកើនឡើងវិញ នៅត្រីមាសទី២ ។

លោក បន្តថា ក្នុងករណីការធ្លាក់ចុះគម្រោងសាងសង់ នឹងបន្ដរហូតដល់ឆមាសទី២ ក្នុងកម្រិតមធ្យម ក៏នៅតែមិនផ្ដល់ផលប៉ះពាល់ច្រើន ចំពោះការសាងសង់លំនៅដ្ឋាន ក៏ដូចជាការសាងសង់នានា ព្រោះថានេះគ្រាន់តែជាការដាក់សំណើស្នើសុំតែប៉ុណ្ណោះ ដោយឡែកចំពោះគម្រោងថ្មី ដែលអនុញ្ញាតច្បាប់សាងសង់ក៏មិនប្រាកដថា នឹងសាងសង់ក្នុងពេលឆាប់ៗនោះឡើយ ដូច្នេះការធ្លាក់ចុះនៃការអនុម័តនេះ មិនផ្ដល់ផលប៉ះពាល់ទេ។

លោកបញ្ជាក់ថា ការសាងសង់អាចនឹងជួបបញ្ហាក្នុងករណី គម្រោងដែលបានអនុញ្ញាតសាងសង់រួចរាល់ តើនៅបន្ដការសាងសង់ទៀត ឬទេ? ប្រសិនបើគម្រោងនៅតែបន្ដសាងសង់នោះមិនផ្ដល់ផលប៉ះពាល់ លើវិស័យសំណង់នោះឡើយ៕