(បាងកក)៖ ប្រទេសថៃកំពុងដាក់កម្រិតដល់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដោយសារតម្លៃកើនឡើង ដែលអាចធ្វើឱ្យប្រទេសនេះប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រុមឈ្មួញថៃថា ក្រុមហ៊ុននាំចូលរដ្ឋបានកាត់បន្ថយការទិញឧស្ម័នធម្មជាតិរាវ (LNG) ពីទីផ្សារទិញលក់ភ្លាមៗ ដោយសារតម្លៃកើនឡើងខ្ពស់ និងបរិមាណឧស្ម័នមានកំណត់។

ពាណិជ្ជករមួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បើទោះជាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈទាំងនេះមានគម្រោងបង្កើនការទិញថាមពលជំនួសផ្សេងទៀតដែលមានតម្លៃថោក ដូចជាប្រេងម៉ាស៊ូតនិងប្រេងក៏ដោយ ក៏ឱនភាពឧស្ម័នដែលកើតមានដោយសារការកាត់បន្ថយការនាំចូលឧស្ម័ន LNG អាចនឹងមានទំហំធំពេកដែលមិនអាចបំពេញបង្រ្គប់វិញបានដោយប្រភពថាមពលផ្សេងទៀត។

អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃគឺលោកស្រី Rachada Dhnadirek បានឆ្លើយតបទៅកាន់សំណួរដែលសួរដោយទីភ្នាក់ងារព័ត៌មាន Bloomberg អំពីកង្វះខាតប្រេងឥន្ធនៈដែលអាចកើតមាននេះថា៖ «យើងនឹងមិនអនុញ្ញាតឱ្យមានការខ្វះខាតប្រេងឥន្ធនៈកើតឡើងទេ»។ លោកស្រីបានបន្ថែមថា ប្រទេសថៃមិនកំពុងជួបការលំបាកដោយសារកង្វះការផ្គត់ផ្គង់នៅឡើយទេ។

ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ី រួមទាំងប៉ាគីស្ថាន និងស្រីលង្កា កំពុងស្ថិតក្នុងវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារការកើនឡើងថ្លៃប្រេង និងឧស្ម័ន។ តម្លៃឧស្ម័ន LNG នៅទីផ្សារជួញដូរភ្លាមៗក្នុងតំបន់អាស៊ីខាងជើងបានកើនឡើងប្រហែល ៥០% ក្នុងខែនេះ ដែលនាំឱ្យតម្លៃទាំងនោះកើនឡើងជាងបីដងធៀបនឹងតម្លៃកាលពីឆ្នាំមុន ដោយសារការវិធានការទប់ស្កាត់ការនាំចេញរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្វើឱ្យឧស្ម័នក្នុងពិភពលោកឡើងថ្លៃ។

ប្រទេសថៃមិនទាន់មានវិបត្តិនៅឡើយទេ ប៉ុន្តែអត្រាប្រេវ៉ាឡង់របស់ឧស្ម័ននៅក្នុងល្បាយថាមពលរបស់ប្រទេសថៃបង្កើនការគំរាមកំហែងនៃកង្វះថាមពល និងដាច់ចរន្តអគ្គិសនី។ ទិន្នន័យរបស់រដ្ឋាភិបាលថៃបង្ហាញថា ជិតពីរភាគបីនៃថាមពលអគ្គិសនីរបស់ប្រទេសនេះត្រូវបានបង្កើតចេញពីឧស្ម័នធម្មជាតិក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ។ ហានិភ័យអាចកើតឡើងកាន់តែធ្ងន់ធ្ងរដោយការកើនឡើងតម្រូវការ ដោយសារឧស្សាហកម្ម និងទេសចរណ៍ថៃបានងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕