(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារ បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯក ដែលជាសហគ្រាសមួយ មានអនុលោមភាពសារពើពន្ធខ្ពស់ និងបានស្ម័គ្រចិត្តចូលរួមសហការ និងបានបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ព្រមទាំងទទួលបានការកោតសរសើរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។

ការកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងរបស់សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវលិខិតថ្លែងអំណរគុណនិងកោតសរសើរពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលវិនិយោគដោយជនជាតិខ្មែរ ១០០% និងជាក្រុមហ៊ុនដែលបានកៀរគរទុនវិនិយោគក្នុងអំឡុងពេលដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមិនមានការរាថយ ហើយសម្រេចបាននូវការកសាង និងរៀបចំដំណើរការសាងសង់បានយ៉ាងឆាប់រហ័ស។

លោករដ្ឋមន្ត្រីប្រតិភូមបញ្ជាក់ថា «ការស្ម័គ្រចិត្តដំឡើងឧបករណ៍នេះ គឺជាការឆ្លុះបញ្ចាំងនូវអនុលោមភាព និងតម្លាភាពរបស់ក្រុមហ៊ុន ចំពោះរដ្ឋបាលសារពើពន្ធ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ហើយនេះក៏ជាគំរូសម្រាប់សហគ្រាសផ្សេងទៀតក្នុងវិស័យដូចគ្នានេះ ក៏ដូចជាសហគ្រាសទូទៅ និងជាការចូលរួមចំណែកមិនអាចខ្វះបានពីវិស័យឯកជនជាដែលដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនិងជំរុញកំណើនសេដ្ឋកិច្ច»។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថានឹងមានសហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាជាបន្តបន្ទាប់ទៀត នឹងចូលរួមអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះនេះ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាក្នុងស្ថានភាពដ៏លំបាកដែលកម្ពុជាប្រឈមយ៉ាងខ្លាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏លទ្ធផលនៃការប្រមូលចំណូលពន្ធដារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ នៅតែមានស្ថានភាពល្អប្រសើរ គឺដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាក់ស្តែងការចាត់វិធានការជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយស្មារតីបុរេសកម្មនិងទាន់ពេលវេលានៅគ្រប់ដំណាក់កាល ជាពិសេសធ្វើឱ្យប្រទេសកម្ពុជាឈានទៅបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

ក្នុងគោលដៅពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ជាពិសេស ចំណូលអាករពិសេសលើផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាពគ្នា។

សហគ្រាសផលិតក្នុងស្រុក មានកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះនេះតាមចំណុច ទីតាំង និងស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដែលទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារ ដោយបានកំណត់ពេលវេលា នៃ ការផ្តើមអនុវត្តប្រើប្រាស់ ឧបករណ៍វាស់ចំណុះនេះចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា ឧបករណ៍វាស់ចំណុះនឹងតភ្ជាប់ទៅនឹងប្រព័ន្ធអេឡិចត្រូនិក ដោយផ្ទាល់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្ដាញ (Network) របស់អគ្គនាយកដ្ឋានពន្ធដារ និងដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ ដែលឧបករណ៍នេះមាន នាឡិកាវាស់ចំណុះ (Flowmeter) នាឡិកាវិភាគសារធាតុរាវនៅខ្សែចង្វាក់ផលិតកម្មវេចខ្ចប់ (Conductivity meter) និង ប្រអប់ត្រួតពិនិត្យទិន្នន័យ (Field Control Box)។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានថ្លែងកោតសរសើរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិ នៃក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯក ឯក (Vattanac Brewery Co., Ltd) ជាសហគ្រិនវ័យក្មេងមួយរូប ដែលមានទស្សនទានច្បាស់លាស់ ចង់ជួយជាតិ និងបង្កើតបរិយាកាសធុរៈកិច្ចល្អប្រសើរនៅកម្ពុជា តាមរយៈការចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ ចង់ដឹង ចង់ចេះ និងចង់ប្រតិបត្តិឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ចួនតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ។

លោកលើកឡើងថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯក ឯក (Vattanac Brewery Co., Ltd) ប្រកាសគាំទ្រ និងចូលរួមអនុវត្តការដាក់ឱ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ហើយការស្ម័គ្រចិត្តដំឡើង ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flowmeter) គឺជាគំរូនៃការចូលរួមការពង្រឹងតម្លាភាព និងអនុលោមភាពសារពើពន្ធ៕