(បាងកក)៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងថា កង្វះខាតស្បៀងអាហារជាសកលត្រូវបានរំពឹងថានឹងកើនឡើងក្នុងអំឡុងត្រីមាសទី៣ និងទី៤ ក្នុងឆ្នាំនេះ ហើយភាពខ្វះខាតស្បៀងនេះទំនងជាផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននាំចេញអាហារថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីលោក Kriengkrai Thiennukul ប្រធាន FTI ថា ប្រទេសជាច្រើនត្រូវបានរំពឹងថានឹងជួបប្រទះនឹងការខ្វះខាតស្បៀងអាហារ ដោយសារតែប្រទេសមួយចំនួនដូចជា ឥណ្ឌា ស៊ែប៊ី កាហ្សាក់ស្ថាន កូសូវ៉ូ និងអេហ្ស៊ីប បានរឹតបន្តឹងការនាំចេញរបស់ពួកគេ រួមទាំងស្រូវសាលីផងដែរ។

ការទិញស្បៀងស្តុកទុកទំនងជាកើតមានដោយជៀសមិនរួច បន្ទាប់ពីទិន្នផលដំណាំធ្លាក់ចុះដោយសារ កង្វះជី និងចំណីសត្វក្នុងគ្រាដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្ត។ ជម្លោះនេះគឺជាបុព្វហេតុដែលបណ្តាលឱ្យមានការឡើងថ្លៃជី និងវត្ថុធាតុដើមមួយចំនួន។

លោក Kriengkrai បានមានប្រសាសន៍ថា៖ «រុស្ស៊ី និងអ៊ុយក្រែនស្ថិតក្នុងចំណោមប្រទេសនាំចេញទំនិញធំជាងគេ»

ប្រទេសរុស្ស៊ីគឺជាប្រទេសផលិត និងនាំចេញដែកថែបដ៏ធំ និងប្រទេសផលិតស្រូវសាលី និងពោតសំខាន់មួយផងដែរដែលប្រើសម្រាប់ចិញ្ចឹមសត្វ ខណៈដែលអ៊ុយក្រែនជាប្រទេសនាំចេញស្រូវសាលីយ៉ាងច្រើន។

FTI ជឿជាក់ថា ឧស្សាហកម្មអាហារថៃនឹងទទួលបានអត្ថប្រយោជន៍ពីស្ថានភាពនេះដោយសារការបញ្ជាទិញកើនឡើងក្នុងគ្រាដែលមានការព្រួយបារម្ភកាន់តែខ្លាំងជុំវិញកង្វះខាតស្បៀងនេះ។

លោកបានថ្លែងទៀតថា៖ «រោងចក្រអាហារថៃបានរៀបចំវត្ថុធាតុដើមសម្រាប់កែច្នៃម្ហូបអាហារ ដើម្បីបំពេញកំណើនតម្រូវការនៅក្នុងទីផ្សារអាហារពិភពលោកដែលរងផលប៉ះពាល់ដោយសង្គ្រាម»

FTI បានបន្ថែមថា ខ្លួនមិនមានការព្រួយបារម្ភខ្លាំងអំពីកង្វះខាតវត្ថុធាតុដើមនៅក្នុងប្រទេសថៃនោះទេ ដោយសារតែប្រទេសនេះសម្បូរផលិតផលកសិកម្ម។

លោក Kriengkrai បានមានប្រសាសន៍ថា FTI កំពុងតាមដានការកើនឡើងតម្លៃប្រេងពិភពលោកដែលអាចបណ្តាលឱ្យមានការកើនឡើងអត្រាអតិផរណាបន្ថែមទៀត។ ការកើនឡើងតម្លៃប្រេងពិភពលោកបានបណ្តាលឱ្យអតិផរណានៅប្រទេសថៃកើនឡើងយ៉ាងឆាប់រហ័ស។

ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ប្រទេសថៃបានរាយការណ៍ថា អតិផរណានៅក្នុងខែឧសភាកើនឡើង ៧,១% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៣ឆ្នាំ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕