(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បានជំរុញលើកទឹកចិត្ត ដល់សហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផ្សេងៗទៀត ចូលរួមអនុវត្តពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍ជាតិ។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញចូលរួមជាអធិបតិភាព សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា នៅរោងចក្រផលិតស្រាបៀរ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯក ឯក (Vattanac Brewery Co., Ltd) នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «សហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផ្សេងៗទៀត ចូលរួមអនុវត្តកាតព្វកិច្ច ពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីជាការចូលរួមចំណែក អភិវឌ្ឍន៍ជាតិ និងប្រកួតប្រជែងដោយស្មើភាពគ្នា និងដើរតួនាទីជាដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល»។

លោក គង់ វិបុល បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងធ្វើកំណែទម្រង់ពន្ធដារ ជាពិសេសសម្រេចឲ្យបាននូវអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ (Good Governance & Good Administration) ហើយចង់ឃើញវិស័យឯកជន មានការពង្រឹងនូវអភិបាលកិច្ចសហគ្រាសល្អ (Good Corporate Governance) ផងដែរ។

បន្ថែមពីនោះទៀត លោក គង់ វិបុល បានគូសបញ្ជាក់ថា ជាការអនុវត្តការ «ឆ្លុះកញ្ចក់» ដែលជាអភិក្រមមួយនៃអភិក្រមការងារ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យបាល និងវះកាត់» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី អគ្គនាយកដ្ឋានពន្ធដារ មានកម្មវិធីផ្សាយផ្ទាល់ តាមរយៈគេហទំព័រផ្លូវការ (GDT Facebook Live) រៀងរាល់សប្តាហ៍ ដែលមានវាគ្មិនសំខាន់ៗចូលរួម។

លោក គង់ វិបុល បានឲ្យដឹងទៀតថា ក្នុងគោលដៅបន្តភាពងាយស្រួល ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងឆ្លើយតបនូវការលំបាក ដែលលើកឡើងដោយវិស័យឯកជន អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងរៀបចំកែសម្រួលនូវការអនុវត្តអាករបំភ្លឺសាធារណៈ ដែលកន្លងមកត្រូវប្រកាស និងបង់ពន្ធនៅគ្រប់ដំណាក់កាល នៃការផ្គត់ផ្គង់មកត្រឹមតែមួយដង។

ក្នុងឱកាសនេះ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ ចំពោះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯក ដែលជាសហគ្រាសមួយ មានអនុលោមភាពសារពើពន្ធខ្ពស់ និងបានស្ម័គ្រចិត្តចូលរួមសហការ និងបានបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ព្រមទាំងទទួលបានការកោតសរសើរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។

លោក គង់ វិបុល បន្ដថា ការស្ម័គ្រចិត្តដំឡើងឧបករណ៍នេះ គឺជាការឆ្លុះបញ្ចាំងនូវអនុលោមភាព និងតម្លាភាពរបស់ក្រុមហ៊ុនចំពោះរដ្ឋបាលសារពើពន្ធ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ហើយនេះ ក៏ជាគំរូសម្រាប់សហគ្រាសផ្សេងទៀត ក្នុងវិស័យនេះដូចគ្នា ដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី គង់ វិបុល សង្ឃឹមយ៉ាងមុតមាំថា នឹងមានសហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាជាបន្តបន្ទាប់ទៀត នឹងចូលរួមអនុវត្តកាតព្វកិច្ច ដំឡើងឧបករណ៍វាស់ចំណុះនេះ៕