(ភ្នំពេញ)៖ វិស័យឯកជនបានសម្តែងការសាទរ ដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យ បង្កើនទំហំទឹកប្រាក់វិនិយោគ ដែលអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានសិទ្ធិអនុម័តគម្រោងវិនិយោគ នៅតាមបណ្តាខេត្តនីមួយក្រោម៥លានដុល្លារ ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិន ទទួលបានការអនុម័ត គម្រោងកាន់តែលឿន និងងាយស្រួលជាងមុន។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។ សមាភាពនៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន២០រូប ក្នុងនោះអភិបាលរាជធានី-ខេត្ត គឺជាប្រធាន និងអភិបាលរង១រូប គឺជាអនុប្រធាន និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន និងតំណាងសាខាគយ និងរដ្ឋាករ ព្រមទាំងតំណាងសាខាពន្ធដារ នៃខេត្តនីមួយៗ ជាសមាជិក។

តាមមាត្រា៣នៃអនុក្រឹត្យនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្តមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានា ពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ ដោយអនុក្រឹត្យដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនានេះថា ការចេញអនុក្រឹត្យថ្មី ផ្តល់សិទ្ធិ ដល់អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អាចអនុម័តគម្រោងវិនិយោគទំហំទឹកប្រាក់ ដល់ក្រោម៥លានដុល្លារនេះ គឺជារឿង មួយដែលសភាពាណិជ្ជកម្មគាំទ្រ ខណៈដែលកាលពីមុនអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានសិទ្ធិអនុម័តគម្រោងមានទំហំទុនវិនិយោគត្រឹម២ លានដុល្លារចុះក្រោមប៉ុណ្ណោះ។

លោកបន្តថា អនុក្រឹត្យថ្មីនេះ នឹងជួយឱ្យខេត្តនីមួយៗទាក់ទាញវិនិយោគិន ទៅតាមបណ្តាខេត្តរបស់ខ្លួន ដើម្បីបង្ខិតរោងចក្រទៅតាមខេត្តនីមួយៗ ដែលជាការជួយកាត់បន្ថយចំណាកស្រុកពីខេត្តមករាជធានី ឬទៅក្រៅប្រទេស។ លើសពីនេះក៏នឹងសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការប្រមូលទិញវត្ថុធាតុដើមនៅតាមច្រកព្រំដែន ឬប្រមូលទិញវត្ថុធាតុដើមពីក្នុងខេត្តរបស់ខ្លួន ដើម្បីកែច្នៃ និងនាំចេញ។

លោកបន្តថា «ដោយសារមានអនុក្រឹត្យនេះហើយបណ្តាខេត្ត រាជធានី គឺមានភាពទទួលខុសត្រូវខ្ពស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការទាក់ទាញវិនិយោគមកកាន់បណ្តាខេត្តរបស់ខ្លួន ដូច្នេះខ្ញុំសូមឱ្យគណៈអភិបាលខេត្ត រាជធានីទាំងអស់ មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា តាមការអំពាវនាវរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែកៀងគរពីបរទេស»

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានកំណត់ផងដែរថា គម្រោងវិនិយោគ ដែលមិនឆ្លងការពិនិត្យសម្រេច ក្នុងការចុះបញ្ជីគម្រោងវិនិយោគរបស់ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត រួមមាន គម្រោងវិនិយោគដែលមានទុនវិនិយោគ ចាប់ពី៥លានដុល្លារអាមេរិកឡើងទៅ, គម្រោងវិនិយោគដែលមានទីតាំងស្ថិត ក្នុងដែនសមត្ថកិច្ចរបស់រាជធានី-ខេត្ត ចាប់ពី២ឡើងទៅ, គម្រោងវិនិយោគដែលស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគស្ថិតក្រោមច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន, គម្រោងវិនិយោគដែលមានវេទយិតភាពខាងនយោបាយ ឬអាចបង្កគ្រោះថ្នាក់ដល់បរិស្ថាន ឬប៉ះពាល់ដល់សន្តិសុខជាតិ ឬប៉ះពាល់ដល់ការងារអភិរក្ស និងការពារជីវៈចម្រុះ ធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ជាតិ, គម្រោងវិនិយោគពាក់ព័ន្ធនឹងការរុករក និងការធ្វើអាជីវកម្មរ៉ែ និងធនធានធម្មជាតិ គម្រោងវិនិយោគពាក់ព័ន្ធវិស័យថាមពល និងគម្រោងវិនិយោគ ដែលស្ថិតនៅក្នុងបញ្ជីអវិជ្ជមាន ដែលនៅជាធរមាន ៕