(ភ្នំពេញ)៖ លោក Kenji Okamura អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃខ្ពស់ ចំពោះប្រសិទ្ធភាពនៃ ការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ច និងសង្គមរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា។

ការវាយតម្លៃនេះធ្វើឡើងក្នុងឱកាសលោកមកបំពេញទស្សនកិច្ចនៅកម្ពុជាចំនួនពីថ្ងៃគឺថ្ងៃទី១៦ និង១៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងមូលនិធិរូបិយវត្ថុអន្តរជាតិនិងកម្ពុជា។

ក្នុងនោះលោក Kenji Okamura បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងបានសម្តែងការរីករាយ ដែលបានមកបំពេញបេសសកម្មលើកទី១នៅក្រៅប្រទេស ចាប់តាំងបានចូលកាន់តំណែងមក។

លោក Kenji Okamura បានសម្តែងការកោតសរសើរ ចំពោះវិធានការគ្រប់គ្រង់ការរាលដាលជំងឺកូវី១៩នៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃ ការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ច និងសង្គម របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា។

លោកក៏បានបង្ហាញភាពរីករាយដែលបានឃើញពី អត្ថប្រយោជន៍នៃជំនួយបច្ចេកទេស របស់មូលនិធិរូបិយវត្ថុអន្តរជាតិចំពោះកម្ពុជា និងបង្ហាញជំហរគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់ការអភិវឌ្ឍកម្ពុជាផងដែរ។ លោកបានអបអរសាទរចំពោះការងើបឡើង នៃសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២១កន្លងមក និងទស្សនវិស័យវិជ្ជមាន ចំពោះកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ និង២០២៣។

លោក ស៊ុំ សន្និសិទ្ធ បានជម្រាបជូនលោក Kenji Okamura ពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្តល់ការគាំទ្រ ជាពិសេសផ្តល់ជំនួយបច្ចេកទេស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យធនាគារនៅកម្ពុជា ចាប់តាំងពីដើមទស្សវត្សរ៍ឆ្នាំ១៩៩០មក។

លោកទេសាភិបាលរង ក៏បានគូសបញ្ជាក់ថា ជំនួយបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានបន្តដើរតួនាទីយ៉ាងសំខាន់ ទាំងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន ព្រមទាំងបានពង្រឹងការតាមដានសុខភាពសេដ្ឋកិច្ចកម្ពុជាជាប្រចាំ។

លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់ IMF បានថ្លែងឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្នុងល្បឿនលឿនជាងការរំពឹងទុក ដោយសារ៖

១៖ ការបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញបានឆាប់រហ័សដែលអំណោយផល ដល់វិស័យទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ច។
២៖ កំណើនលឿននៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ។
៣៖ ភាពធន់នៃវិស័យអចលនទ្រព្យ ជាពិសេសពីតម្រូវការក្នុងស្រុក។
៤៖ ការបន្តទទួលការគាំទ្រពីគោលនយោបាយសារពើពន្ធ និងវិធានការម៉ាក្រូហិរញ្ញវត្ថុ។

លោកបានបន្ដថា ទោះយ៉ាងណាកម្ពុជាក៏កំពុងប្រឈមនឹងឥទ្ធិពលជាសកលមួយចំនួនរួមមាន៖
១៖ វិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការថយចុះនៃតម្រូវការពីតំបន់អឺរ៉ុប។
២៖ កំណើនយឺតនៃសេដ្ឋកិច្ចចិនដោយសារគោលនយោបាយទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្ថានភាពវិស័យអចលនទ្រព្យ។
៣៖ កំណើនអតិផរណា ជាពិសេសនៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងម្ហូបអាហារ។
៤៖ ការដកចេញនូវគោលនយោបាយរូបិយវត្ថុវិត្ថារកម្មលឿនជាងការរំពឹងទុក ដោយធនាគារកណ្ដាលនៃប្រទេសផ្សេងៗ។

ជាមួយគ្នានេះក្រុមបេសកកម្មបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃគម្រោងកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្តល់ដល់ធនាគារជាតិនៃកម្ពុជា។

គម្រោងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពបច្ចុប្បន្ន ជាពិសេសពាក់ព័ន្ធនឹងធនាគារជាតិនៃកម្ពុជាមានដូចជា បទប្បញ្ញត្តិនិងការត្រួតពិនិត្យធនាគារ ប្រតិបត្តិការប្តូររូបិយប័ណ្ណ បទប្បញ្ញត្តិម៉ាក្រូប្រុងប្រយ័ត្ន ការធ្វើស្ត្រេសតេស្ត និងប្រព័ន្ធទូទាត់ជាតិជាដើម៕