(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃពុធ ខណៈសហភាពអឺរ៉ុបដែលជាប្លុកពាណិជ្ជកម្មធំជាងគេក្នុងពិភពលោកបានបញ្ចេញផែនការក្នុងការបញ្ឈប់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅក្នុងកិច្ចសន្យាជួញដូរអនាគតសម្រាប់ប្រេងប្រភេទ Brent បានកើនឡើង ៣,៩៩ដុល្លារ ឬ ៣,៨ភាគរយដល់ ១០៨,៩៦ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅក្នុងកិច្ចសន្យាជួញដូរអនាគតសម្រាប់ប្រេងប្រភេទ West Texas Intermediate បានកើនឡើង ៤,០៥ដុល្លារ ឬ ៤ភាគរយដល់ ១០៦,៤៦ដុល្លារក្នុងមួយបារ៉ែល។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធបានស្នើឱ្យមានការហាមឃាត់ទិញប្រេងជាដំណាក់កាលពីប្រទេសរុស្ស៊ីដោយសារការបង្កសង្គ្រាមរបស់ប្រទេសនេះទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជាការដាក់ទណ្ឌកម្មលើធនាគារធំៗរបស់រុស្ស៊ីក្នុងគោលបំណងធ្វើឱ្យរុស្ស៊ីកាន់តែឯកោ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី vonder yen ថា វិធានការរបស់គណៈកម្មាការអឺរ៉ុបរួមមានទាមងការផ្អាកការផ្គត់ផ្គង់ប្រេងឆៅពីរុស្ស៊ីក្នុងរយៈពេលប្រាំមួយខែ និងផលិតផលចម្រាញ់នៅដំណាច់ឆ្នាំ២០២២។ លោកស្រីក៏បានសន្យាថានឹងកាត់បន្ថយផលប៉ះពាល់ផលប៉ះពាល់ឱ្យដល់កម្រិតអប្បបរមាលើសេដ្ឋកិច្ចរបស់អឺរ៉ុបផងដែរ។

តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ២ភាគរយកាលពីថ្ងៃអង្គារ ដោយសារការព្រួយបារម្ភអំពីតម្រូវការដែលបណ្តាលមកពីការបិទខ្ទប់រយៈពេលវែងដោយសារជំងឺកូវីដ-១៩នៅប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕