(ហាណូយ)៖ ក្រុមហ៊ុននិងឈ្មួញនាំចេញកសិផលរបស់វៀតណាមកំពុងជួបការលំបាកក្នុងការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិន ដែលវិធានការរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ កំពុងធ្វើឱ្យពេលវេលាដឹកជញ្ជូនកើនឡើងទ្វេដង ហើយថ្លៃដើមកើនឡើងបួនដង។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

ចាប់តាំងពីដើមឆ្នាំនេះមក លោក Thanh Tung ដែលជាឈ្មួញនាំចេញផ្លែស្វាយ និងជាឈ្មួញមកពីខេត្តដុងថាបដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម មិនអាចនាំចេញទៅប្រទេសចិនបានឡើយ ហើយត្រឹមតែអាចលក់ផ្លែឈើរបស់ខ្លួននៅក្នុងស្រុកប៉ុណ្ណោះ។

លោកបានបន្ទោសទៅលើការរឹតបន្តឹងដ៏តឹងរ៉ឹង ដោយទីក្រុងមួយចំនួនត្រូវបានបិទខ្ទប់។

លោកថ្លែងប្រាប់កាសែត VN Express ថា៖ «កសិករជាច្រើនបានឈប់ប្រមូលផលផ្លែស្វាយដោយសារតម្លៃធ្លាក់ចុះទាបខ្លាំងហើយគ្មានអ្នកទិញ»។

ឈ្មួញនាំចេញម្នាក់ទៀតមកពីខេត្តឡុងអានស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ពេលវេលាដឹកជញ្ជូនទៅកាន់ប្រទេសចិនបានកើនឡើងទ្វេដងដោយសារតែការពន្យារពេលនីតិវិធីគយ។

លោកបានឈប់នាំចេញទៅប្រទេសចិនហើយ ហើយកំពុងស្វែងរកជម្រើសផ្សេងទៀត។

ការបិទខ្ទប់នាពេលថ្មីៗនេះនៅទីក្រុងសៀងហៃ និងទីក្រុងផ្សេងទៀតរបស់ប្រទេសចិនបាននាំមកនូវបញ្ហាប្រឈមថ្មីៗចំពោះឈ្មួញ និងក្រុមហ៊ុននាំចេញរបស់វៀតណាមដែលប្រឈមមុខនឹងការលំបាករួចហើយក្នុងការបញ្ជូនទំនិញរបស់ពួកគេឆ្លងកាត់ព្រំដែនតាំងពីចុងឆ្នាំមុនមកម៉្លេះ។

ទីភា្នក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃសុក្រថា ទីក្រុងចំនួន៤៦ នៅប្រទេសចិន កំពុងស្ថិតក្រោមការបិទខ្ទប់ទាំងស្រុង ឬដោយផ្នែក ដែលប៉ះពាល់ដល់មនុស្ស ៣៤៣លាននាក់។

ទីភា្នក់ងារព័ត៌មាន Bloomberg ក៏បានរាយការណ៍ងផងផែរថា កុងតឺន័រនៅក្នុងកំពង់ផែ Shanghai ប្រទេសចិន ត្រូវរង់ចាំ ១២,១ថ្ងៃ មុនពេលរថយន្តដឹកទំនិញមកដឹកចេញ ដែលកើនឡើងបីដងនៃពេលវេលាដែលធ្លាប់ដឹកជញ្ជូនកាលពីចុងខែមីនា។

លោក Vo Quan Huy នាយកក្រុមហ៊ុននាំចេញចេក Huy Long An បានថ្លែងថា កង្វះកុងតឺន័រ បណ្តាលឱ្យការបញ្ជាទិញសម្រាប់ការនាំចេញរបស់គាត់ត្រូវពន្យារពេលជាច្រើនថ្ងៃ។

លោកថ្លែងថា បុគ្គលិករបស់គាត់ត្រូវធ្វើការសូម្បីតែនៅពេលយប់ ដោយសារកាលវិភាគមកដល់របស់កុងតឺន័រមិនអាចទាយទុកជាមុនបាន។ លោកបន្ថែមថា តម្លៃដឹកជញ្ជូនផ្លែឈើទៅប្រទេសចិន បានកើនឡើងជិតបួនដងធៀបនឹងមួយឆ្នាំមុន ដែលកើនឡើងដល់ ៧.៥០០ដុង (០,៣៣ដុល្លារ) ក្នុងគីឡូក្រាម។ នេះបើយោងតាមកាសែត VN Express៕