(កូឡុំបូ)៖ ប្រទេសស្រីលង្កាបានប្រកាសកាលពីថ្ងៃអង្គារថា ដោយមានទុនបម្រុងរូបិយប័ណ្ណបរទេស ទាបខ្លាំង ប្រទេសដែលរងគ្រោះពីវិបត្តិនេះនឹងបរាជ័យសងបំណុលសាធារណៈដែលខ្ចីពីបរទេសរបស់ខ្លួន ដោយរង់ចាំកញ្ចប់ថវិកាសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្យូតូ។

នេះជាលើកទីមួយហើយដែលប្រទេសកោះស្ថិតនៅតំបន់អាស៊ីខាងត្បូងមួយនេះបានប្រកាសពីការបរាជ័យសងបំណុលចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។

វិបត្តិដែលបង្កឡើងដោយការបរាជ័យសងបំណុលនេះ ទំនងជាបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ប្រទេសស្រីលង្កា និងអ្វីដែលគេហៅថាអន្ទាក់បំណុលពាក់ព័ន្ធនឹងការខ្ចីប្រាក់យ៉ាងច្រើនពីប្រទេសចិនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមិនមាននិរន្តរភាព។

ទីភ្នាក់ងារព័ត៌មានក្យូតូបានរាយការណ៍ដោយដងស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេ្ផ្សាយដោយក្រសួងហិរញ្ញវត្ថុស្រីលង្កាថា៖ «ប្រទេសស្រីលង្កាមានកំណត់ត្រាល្អនៃសេវាបំណុលបរទេសចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨»។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងទៀតថា៖ «ទោះជាយ៉ាងណា ព្រឹត្តិការណ៍ថ្មីៗ រួមទាំងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ពីអរិភាពក្នុងប្រទេសអ៊ុយក្រែន បានបំផ្លាញស្ថានភាពសារពើពន្ធរបស់ប្រទេសស្រីលង្កា ដែលធ្វើឱ្យការបន្តផ្តល់សេវាកាតព្វកិច្ចបំណុលសាធារណៈខាងក្រៅមិនអាចធ្វើទៅបាន»។

យោងតាមក្រសួងហិរញ្ញវត្ថុស្រីលង្កា គោលនយោបាយរបស់ប្រទេសស្រីលង្កាក្នុងការផ្អាកការផ្តល់សេវាបំណុលនឹងចូលជាធរមានសម្រាប់រាល់មូលបត្របំណុលអន្តរជាតិទាំងអស់ ប្រាក់កម្ចីទ្វេភាគីទាំងអស់ ដោយមិនរាប់បញ្ចូលកិច្ចព្រមព្រៀងផ្លាស់ប្តូរ (Swaps) រវាងធនាគារកណ្តាល និងធនាគារកណ្តាលបរទេស និងប្រាក់កម្ចីទាំងអស់ជាមួយធនាគារពាណិជ្ជ និងស្ថាប័នផ្តល់ប្រាក់កម្ចីជាស្ថាប័ន។

ក្រសួងហិរញ្ញវត្ថុស្រីលង្កាបានឱ្យដឹងទៀតថា មូលនិធិ IMF បានវាយតម្លៃបំណុលបរទេសរបស់ប្រទេសស្រីលង្កាថាមិនមាននិរន្តរភាព និងថា ការបន្តការសងបំណុលបរទេសបច្ចុប្បន្នលែងក្លាយជាគោលនយោបាយដែលអាចអនុវត្តបានទៀតហើយ។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា៖ «រដ្ឋាភិបាលមានបំណងបន្តការពិភាក្សារបស់ខ្លួនជាមួយ មូលនិធិ IMF ឱ្យបានលឿនតាមដែលអាចធ្វើទៅបានក្នុងគោលបំណងបង្កើត និងបង្ហាញទៅកាន់ម្ចាស់បំណុលរបស់ប្រទេសនូវផែនការដ៏ទូលំទូលាយមួយសម្រាប់ការស្តារបំណុលសាធារណៈខាងក្រៅរបស់ប្រទេសស្រីលង្កាឱ្យស្ថិតក្នុងជំហរប្រកបដោយនិរន្តរភាពពេញលេញ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្យូតូ៕