(យ៉ាំងហ្គោន)៖ ប្រទេសមីយ៉ាន់ម៉ានឹងចាប់ផ្តើមទទួលយកប្រាក់បាតរបស់ប្រទេសថៃសម្រាប់ការទូទាត់ប្រតិបត្តិការពាណិជ្ជកម្មតាមព្រំដែន ហើយក៏កំពុងសម្លឹងមើលផែនការប្រហាក់ប្រហែលគ្នានេះផងដែរដើម្បីប្រើប្រាស់ប្រាប់រូពីរបស់ឥណ្ឌាសម្រាប់ពាណិជ្ជកម្មដូចគ្នានេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ាបាននិយាយរួចហើយថា ខ្លួនក៏នឹងទទួលយកប្រាក់យ័នរបស់ប្រទេសចិនធ្វើជារូបិយប័ណ្ណទូទាត់ពាណិជ្ជកម្មផ្លូវការផងដែរ។

ក្រសួងពាណិជ្ជកម្មនិងក្រសួងវិនិយោគរបស់មីយ៉ាន់ម៉ាបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «តាមរយៈការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក យើងនឹងកាត់បន្ថយហានិភ័យបម្រែបម្រួលអត្រាប្តូរប្រាក់ភ្លាមៗ ដោយសារកត្តាភូមិសាស្រ្តនយោបាយខាងក្រៅ»។ ក្រសួងទាំងពីរបានបន្ថែមថា វិធានការនេះនឹងជួយកាត់បន្ថយអតិផរណាដែលបង្កឡើងដោយការឡើងថ្លៃប្រាក់ដុល្លារ។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា វិធានការនេះក៏នឹងជួយគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ។ សេចក្តីប្រកាសនេះបន្ថែមថា បើទោះជាមានកំណើនថ្លៃថាមពលក្តី ក៏មីយ៉ាន់ម៉ាគួរតែទទួលបានកំណើនផលិតផលក្នុងស្រុកសរុបក្នុងអត្រាតិចតួចក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែតុលា ឆ្នាំ២០២២។

សេដ្ឋកិច្ចមីយ៉ាន់ម៉ាបានធ្លាក់ចុះចាប់តាំងពីក្រុមយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតកាលពីមួយឆ្នាំមុន និងបានបើកការបង្ក្រាបបង្ហូរឈាមទៅក្រុមប្រឆាំង។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មធំទី២របស់មីយ៉ាន់ម៉ាបន្ទាប់ពីប្រទេសចិន។ ពាណិជ្ជកម្មក្នុងឆ្នាំសារពើពន្ធ២០២០-២០២១ មានទំហំ ៥,៣ប៊ីលានដុល្លារ។ ផលិតផលនាំចេញសំខាន់ៗរបស់មីយ៉ាន់ម៉ារួមមាន ឧស្ម័ន លោហៈ និងសម្លៀកបំពាក់ ផលិតផលនាំចូលពីថៃរួមមាន គ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន និងទំនិញផលិតកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕