(ហាណូយ)៖ រោងចក្ររបស់ក្រុមហ៊ុនបរទេសស្ថិតនៅភាគខាងជើងប្រទេសវៀតណាម កំពុងជួបប្រទះកង្វះកម្លាំងពលកម្មខ្លាំង ហើយកំពុងជ្រើសរើសបុគ្គលិកកម្មករក្នុងចំនួនច្រើន ដើម្បីធានាថា រោងចក្រទាំងនេះមានមនុស្សធ្វើការគ្រប់គ្រាន់ ខណៈដែលអ្នកឆ្លងជំងឺកូវីដកើនឡើងកាន់តែខ្លាំង។ នេះបើយោងតាមកាសែត VN Express International របស់វៀតណាម។

នៅរោងកច្រ Osco International របស់ជប៉ុនដែលផលិតឧបករណ៍រោងចក្រស្ថិតនៅទីក្រុងហាណូយ បុគ្គលិក ២០នាក់ក្នុងចំណោម ២០០នាក់កំពុងឆ្លងជំងឺកូវីដ។

អ្នកនំាពាក្យរបស់រោងចក្រដែលស្ថិតនៅក្នុងស្រុក Hoai Duc ទីក្រុងហាណូយមួយនេះបានប្រាប់កាសែត VnExpress International ថា៖ «ខណៈដែលនិយោជិតទាំងនេះត្រូវសម្រាកនៅផ្ទះ បុគ្គលិកផ្សេងទៀតកំពុងធ្វើការងារថែមម៉ោង ដើម្បីធានាចង្វាក់ផ្គត់ផ្គង់ឱ្យដំណើរការធម្មតា»

នៅឯតំបន់ឧស្សាហកកម្ម Bac Thang Long ក្នុងទីក្រុងហាណូយ ក្រុមហ៊ុនមួយដែលផលិតគ្រឿងបន្លាស់រថយន្ត មានបុគ្គលិក ៤០ភាគរយនៃកម្លាំងពលកម្មរបស់ខ្លួនបានឆ្លងជំងឺកូវីដ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះបានថ្លែងដោយស្នើសុំមិនបញ្ចេញឈ្មោះក្រុមហ៊ុនថា៖ «ការកើនឡើងករណីជំងឺកូវីដ បានប៉ះពាល់ដល់ផលិតកម្មរបស់យើង។ អង្គភាពខ្លះបានមើលឃើញការធ្លាក់ចុះផលិតភាព ១០ភាគរយ»

ក្រុមហ៊ុនកំពុងជួលកម្មករបណ្តោះអាសន្ន ដើម្បីបំពេញកម្លាំងពលកម្មដែលខ្វះខាត ប៉ុន្តែដោយសារជំងឺកូវីដកំពុងរីករាលដាលនៅទីក្រុងហាណូយ ថ្នាក់គ្រប់គ្រងក្រុមហ៊ុនបារម្ភថា បុគ្គលិកដែលមកថ្មីនឹងចម្លងជំងឺទៅបុគ្គលិកចាស់។

អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា៖ «ដោយសារកង្វះកម្មករធ្ងន់ធ្ងរ យើងត្រូវស្នើអ្នកដែលមានការប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដឱ្យមានធ្វើការ បើពួកគេមិនមានចេញរោគសញ្ញា»

ក្រុមហ៊ុនទាំងពីរស្ថិតក្នុងចំណោមក្រុមហ៊ុនជាច្រើនស្ថិតនៅភាគខាងជើងប្រទេសវៀតណាមដែលកំពុងស្វះស្វែងជួលកម្មករឱ្យមកបម្រើការងារ។

នៅថ្ងៃអាទិត្យចុងសប្តាហ៍មុន វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដថ្មីចំនួន ៨៦.៩៦៦ករណី។ ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ ជាមធ្យមមានករណីថ្មីចំនួនជិត ៥២.០០០ករណី។

ករណីនេះកើតមានឡើងដោយសាររដ្ឋាភិបាលវៀតណាមប្រាប់ប្រជាជនឱ្យរស់នៅជាមួយជំងឺកូវីដ និងដំណើរសកម្មភាពសេដ្ឋកិច្ចឡើងវិញ រួមទាំងវិស័យទេសចរណ៍និងការធ្វើដំណើរអន្តរជាតិផងដែរ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរឹតបន្តឹងរយៈពេល ២ឆ្នាំ។

រោងចក្រនានានៅខេត្ត Bac Giang ដែលជាទីតាំងរបស់សួនឧស្សាហកម្មចំនួន កំពុងស្វែងរកបុគ្គលិកជាង ៣៥.០០០នាក់នៅត្រីមាសនេះ។

រោងចក្រមួយក្នុងចំណោមនោះ គឺរោងចក្រ Hosiden ដែលផលិតឧបករណ៍អេឡិចត្រូនិចជប៉ុន បានឱ្យដឹងថា បុគ្គលិក ៥០០នាក់ក្នុងចំណោម ៥.២០០នាក់ បានឆ្លងជំងឺកូវីដនៅខែនេះ។

លោក Nguyen Van Tan ប្រធានសហជីពកម្មករនៅរោងចក្រ Hosiden ប្រាប់កាសែត VN Express International ថា រៀងរាល់ថ្ងៃ មានករណីឆ្លងជំងឺកូវីដថ្មីរាប់សិបករណី ហើយដោយសារអវត្តមានបុគ្គលិកម្នាក់អាចប៉ះពាល់ដល់ចង្វាក់ផលិតកម្មទាំងមូល ការស្វែងរបុគ្គលិកបន្ថែមត្រូវតែប្រញាប់ធ្វើ។

លោកបន្ថែមថា ហេតុផលមួយផ្សេងទៀតដែលបណ្តាលឱ្យប្រញាប់ជ្រើសរើសបុគ្គលិកបន្ទាន់នេះ គឺថា ១០ភាគរយនៃបុគ្គលិកមិនបានវិលត្រលប់មកធ្វើការវិញទេបន្ទាប់ពីបុណ្យចូលឆ្នាំវៀតណាមរួចកាលពីដើមខែមុន៕