(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញនៅកម្ពុជា បានលើកឡើងថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា រងឥទ្ធិពលមួយផ្នែក ជាពិសេសទៅលើសកម្មភាពវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការនាំចេញទំនិញរវាងកម្ពុជា និងរុស្ស៊ី និងផ្នែកមួយនៅអឺរ៉ុប បើទោះបីជាសង្រ្គាមនេះ មិនទាន់រាលដាលក្នុងទំហំធំក៏ដោយ ខណៈឥទ្ធិពលនៃសង្រ្គាមនេះ បាននិងកំពុងធ្វើឱ្យតម្លៃប្រេងលើពិភពឡើងថ្លៃ រួមនឹងកម្ពុជាផងដែរ។

គិតមកដល់ពេលនេះ មានរយៈពេល៦ថ្ងៃហើយ ដែលផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយកងទ័ពរបស់រុស្ស៉ី បានវាយចូលកាន់កាប់ទីក្រុងធំៗ និងតំបន់ជាច្រើន នៅក្នុងទឹកដីរបស់អ៊ុយក្រែន និងបានបណ្ដាលមានមនុស្សស្លាប់ជាច្រើននាក់។ ក្នុងពេលជាមួយគ្នា ប្រទេសជាច្រើន បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីជាបន្តបន្ទាប់ ក្នុងនោះក៏មានប្រទេសសិង្ហបុរី ដែលស្ថិតក្នុងតំបន់អាស៊ាន។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០១ ខែមីនានេះថា តាំងពីឆ្នាំ២០២០ កម្ពុជាកំពុងជំរុញការចរចាធ្វើពាណិជ្ជកម្មសេរីជាមួយរុស្ស៊ី ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងពង្រីកការនាំចេញទៅរុស្ស៊ី និងប្រទេសជិតខាងរុស្ស៊ី ហើយបញ្ហាជម្លោះនេះអាចនឹងឱ្យដំណើការនៃការចរចាត្រូវជួបឧបសគ្គ។ ជាមួយគ្នាតាមរយៈការដាក់ទណ្ឌកម្មផ្សេងៗ នឹងអាចបង្កជាឧបសគ្គដល់ការនាំចេញទំនិញពីកម្ពុជាទៅរុស្ស៊ី និងប្រទេសនៅអឺរ៉ុបខាងកើត។

លោកបានពន្យល់យ៉ាងដូច្នេះថា «បើយើងជំរុញការនាំចេញជាមួយរុស្ស៊ី ក្នុងកាលៈទេសៈនេះ ប្រទេសលោកខាងលិច ជាពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គេនឹងមើលមកថាកម្ពុជា ហាក់ដូចជានៅពង្រឹងចំណងមិត្តភាពជាមួយរុស្ស៊ី ដែលធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយការបរទេស។ ប៉ុន្តែតាមពិតទៅកម្ពុជា មិនភាពល្អក់កករជាមួយរុស្ស៊ីទេ ប៉ុន្តែការដែលលាបពណ៌ហ្នឹងហើយដែលខ្ញុំចង់បញ្ជាក់ថា នោះគឺជាឧបសគ្គមួយរបស់កម្ពុជា ក្នុងការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ី។ ប៉ុន្តែប្រសិនបើមិនមានបញ្ហាណាមួយ បង្កដល់ការនាំចេញទំនិញទេ ឈ្មួញឬ អាជីវកម្មកម្ពុជា នៅតែអាចអនុវត្តបានជាប្រក្រតី ព្រោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងរុស្ស៊ីនៅតិចនៅឡើយ។ អីចឹងហើយបានកិច្ចការ ឬកិច្ចចរចាពង្រីកពាណិជ្ជកម្មផ្សេងៗ កម្ពុជាត្រូវធ្វើការដោយប្រុងប្រយ័ត្នជាទីបំផុត ដើម្បីជៀសវាងការលាបពណ៌»

ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានកត់សម្គាល់ទៀតថា ដោយសារតែប្រទេសរុស្ស៊ីជាប្រទេសផលិត និងផ្គត់ផ្គង់ប្រេងលើទីផ្សារអន្តរជាតិ។ ក្នុងពេលដែលរុស្ស៊ីកំពុងជាប់ធ្វើសង្រ្គាម រួមទាំងការដាក់ទណ្ឌកម្មពីប្រទេសដទៃ បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចរុស្ស៊ី និង បង្កឱ្យតម្លៃប្រេងសាំងនៅលើសកលលោក កើនឡើងថ្លៃ ដែលជះឥទ្ធិពលតម្លៃប្រេងនៅកម្ពុជា ដោយសារកម្ពុជា ពឹងផ្នែកទៅលើការនាំចេញប្រេងទាំងស្រុងពីទីផ្សារអន្តរជាតិ។ បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ការស្តារសេដ្ឋកិច្ចកម្ពុជា និងជំរុញឱ្យតម្លៃទំនិញផ្សេងៗ រត់ឡើងថ្លៃតាមតម្លៃប្រេង និងថាមពល នាំឱ្យមានអតិផរណា ស្របពេលកម្ពុជា និងពិភពលោកទាំងមូលកំពុងជួបវិបត្តិពីការរីករាលដាលនៃជំងឺកូវីដ១៩។

ជុំវិញបញ្ហានេះដែរ បណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូប បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា បើទោះបីជាប្រទេសរុស្ស៊ី មិននៅជាប់របងកម្ពុជាក៏ពិតមែន ប៉ុន្តែចំណងទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ មានច្រើនគួរឱ្យកត់សម្គាល់ ដែលអាចជះឥទ្ធិពលរបស់ក្រុមហ៊ុនមួយចំនួននៅកម្ពុជា ដោយការផ្ទេរសាច់ប្រាក់តាមប្រព័ន្ធធនាគារ នឹងធ្វើឱ្យប៉ះពាល់ក្នុងកម្រិតណាមួយ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគជាមួយគ្នា។

លោកបានគូសបញ្ជក់បន្ថែមថា «ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងរុស្ស៊ី គឺអាចមានការអាក់ខាន ឬមានការប៉ះពាល់មួយចំណែក។ ទំនិញនាំចេញទៅអឺរ៉ុប ប្រហែលជាមិនប៉ះពាល់ច្រើនទេ ដោយសារតែជម្លោះនេះ វាមានត្រឹមតែប្រទេសអ៊ុយក្រែន និងប៉ះពាល់ដល់បណ្តាប្រទេស ដែលនៅជាប់នឹងអ៊ុយក្រែនមួយចំនួនតួច ហើយទំនិញយើងនាំចេញភាគច្រើនទៅប្រទេសអឺរ៉ុបខាងលិច ទៅអង់គ្លេស ឬទៅអាមេរិក ប៉ុន្តែខ្ញុំគិតថា មិនប៉ះពាល់ដល់កម្រិតមួយគួរឱ្យព្រួយបារម្ភទេ។ ប៉ុន្តែបើសិនជាសង្រ្គាមនេះ កាន់តែអូសបន្លាយ កាន់តែផុងខ្លួនខ្លាំង ធ្វើឱ្យប្រទេសមានសេដ្ឋកិច្ចធំ នៅលើពិភពលោកចូលរួម នឹងអាចជះឥទ្ធិពលអាក្រក់កាន់តែធំឡើង ដល់ការធ្វើពាណិជ្ជកម្មលើពិភពលោក និងការនាំចេញទំនិញនៅលើពិភព»

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញព្រួយបារម្ភ ចំពោះបញ្ហាជម្លោះនេះ។ លោកបញ្ជាក់ថា បើទោះបីជា សង្រ្គាមប្រដាប់អាវុធរវាងប្រទេសទាំងពីរទើបតែចាប់ផ្តើម មិនទាន់ប៉ះពាល់ដល់ការនាំចេញទំនិញក៏ដោយ ប៉ុន្តែប្រសិនសង្រ្គាមអូសបន្លាយកាន់តែយូរ និងខ្លាំងជាងនេះនឹងធ្វើឱ្យប៉ះពាល់ការនាំចេញ និងសេដ្ឋកិច្ចសាកលលោក។

លោកបន្ថែមថា «ទាំងអស់គ្នាកំពុងតែតាមដានមើលស្ថានការណ៍បន្តទៅទៀត ព្រោះអីបើក្នុងករណីស្ថានការប្រយុទ្ធគ្នា អូសបន្លាយរយៈពេលមធ្យម និងវែងនោះ គឺ អ្វីៗនឹងមានការប្រែប្រួលខ្លាំង មិនថាឡើយការនាំចេញផលិតផលកសិកម្មពីប្រទេសកម្ពុជាទេ វាអាចជាបញ្ហាសេដ្ឋកិច្ចជាសកលតែម្តង។ អ្វីដែលយើងត្រូវត្រៀម ក្នុងនាមជាសហព័ន្ធស្រូវអង្ករកម្ពុជា នឹងផែនរៀបចំនូវយុទ្ធសាស្រ្ត សម្រាប់រយៈពេលខ្លី និងមធ្យមក្នុងការបង្វែការនាំចេញ»

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយបណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃអាទិត្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យភាគីរុស្ស៊ី និងអ៊ុយក្រែងចរចាគ្នា ដោយសន្តិវិធី ឈានដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាព ព្រោះកងទ័ពរុស្ស៉ីមិនអាចផ្តួលរំលំអ៊ុយក្រែន តាមរយៈកម្លាំងយោធាបានទេ ឯអ៊ុយក្រែនក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ៕