(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឬសហគ្រាស ឈានជើងចូលទីផ្សារមូលបត្រ ដើម្បីបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលឱ្យកាន់តែច្រើន ដើម្បីទទួលបានការលើកទឹកចិត្តពន្ធកាន់តែច្រើនពីរាជរដ្ឋាភិបាលផ្តល់ជូន។

ការជំរុញនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ក្នុងការលើកទឹកចិត្តពន្ធដារ ដល់ក្រុមហ៊ុន និងអ្នកវិនិយោគក្នុងវិស័យនេះរយៈពេលបីឆ្នាំ ដោយអនុវត្តចាប់ពីថ្ងៃចេញអនុក្រឹត្យ ដើម្បីអភិវឌ្ឍន៍វិស័យមូលបត្រកម្ពុជា ឱ្យកាន់តែរីកចម្រើន។

លោកលោក ស៊ូ សុជាតិ បានបញ្ជាក់ថា «ក្នុងករណីដែលក្រុមហ៊ុនមាននូវតម្រូវការហិរញ្ញប្បទាន ហើយអាចធ្វើបានស្របតាមខ្លឹមសារនៃអនុក្រឹត្យនេះ ខ្ញុំគិតថា ក្រុមហ៊ុនគាត់អាចប្រើប្រាស់នូវការលើកទឹកចិត្តពន្ធដារនេះ ដើម្បីគាត់ចូលទៅក្នុងផ្សារហ៊ុន ហើយគាត់នឹងអាចពង្រឹងក្រុមហ៊ុនរបស់គាត់ ព្រោះយើងដឹងហើយថា ចូលផ្សារហ៊ុនមានអត្ថប្រយោជន៍ច្រើន»

លោកបន្តថា ចំពោះក្រុមហ៊ុនដែលបោះផ្សាយមូលបត្រលក់ ដើម្បីទទួលបានហិរញ្ញប្បទាន ក្នុងទិសដៅចូលរួមអភិវឌ្ឍបែបបៃតង ឬការអភិវឌ្ឍន៍បែបចីរភាព ក្រុមហ៊ុននឹងទទួលបានការលើកទឹកចិត្តពន្ធកាន់តែច្រើនបន្ថែមទៀត តាមការកំណត់ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះអ្នកដែលវិនិយោគ ឬទិញមូលបត្ររបស់រដ្ឋ ដែលបោះផ្សាយលក់នៅឆ្នាំនេះ ក៏ទទួលបានការបន្ធូរបន្ថយអត្រាពន្ធផងដែរ។

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្រុមហ៊ុន ឬសហគ្រាសបោះផ្សាយមូលបត្រកម្មសិទ្ធិ ឬ មូលបត្របំណុលលើកដំបូងជាសាធារណៈ ដែលទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា និងបានចុះបញ្ជីជួញដូរមូលបត្រ នៅទីផ្សារមូលបត្រ នឹងទទួលបាននូវការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក និងចំណេញមូលធនជាដើម ក្នុងរយៈពេល៣ឆ្នាំ។

ចំពោះការលើកទឹកចិត្តលើប្រាក់ចំណូល គឺក្រុមហ៊ុន ឬសហគ្រាស ដែលបោះផ្សាយមូលបត្រកម្មសិទ្ធិ ក្នុងទំហំលើសពី២០% នៃសិទ្ធិបោះឆ្នោត ឬបោះផ្សាយមូលបត្របំណុលក្នុងទំហំលើសពី២០% នៃទ្រព្យសកម្មសរុប និងឥណប្រតិទានយ៉ាងតិច៧ឆ្នាំ និងទទួលបាននូវការលើកទឹកចិត្ត ដោយបន្ថយពន្ធលើប្រាក់ចំណូលចំនួន៥០ភាគរយ នៃពន្ធលើប្រាក់ចំណូល។

ក្រុមហ៊ុន ឬសហគ្រាសដែលបោះផ្សាយមូលបត្រកម្មសិទ្ធិក្នុងទំហំ២០% ឬតិចជាងនៃសិទ្ធិបោះឆ្នោត ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល តាមសមាមាត្រមិនឱ្យលើសពី២០ប៊ីលានរៀល និងការបោះផ្សាយមូលបត្របំណុលក្នុងទំហំ២០% ឬតិចជាងទ្រព្យសកម្មនឹងទទួលបាននូវការលើកទឹកចិត្តពន្ធតាមសមាមាត្រមិនឱ្យលើសពី៨ប៊ីលានរៀល។

ជាមួយគ្នានេះ ក្រុមហ៊ុន ឬសហគ្រាសបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលលើកដំបូងជាសាធារណៈ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រ ក្នុងរយៈពេលបីឆ្នាំ គិតចាប់ពីថ្ងៃដែលអនុក្រឹត្យនេះចូលជាធរមាន ត្រូវទទួលបានការអនុគ្រោះបំណុលពន្ធ ដែលបញ្ចូលពន្ធលើប្រាក់ចំណូលទាំងស្រុង ពន្ធកាត់ទុក អាករលើតម្លៃបន្ថែម អាករពិសេសលើទំនិញ និងសេវាមួយចំនួន អាករស្នាក់នៅ អាករបំភ្លឺសាធារណៈ។

សម្រាប់អ្នកវិនិយោគសាធារណៈ ត្រូវទទួលបានការបន្ថយពន្ធកាត់ទុក៥០% លើការប្រាក់ និងភាគលាភដែលបានមកពីការកាន់កាប់ ឬការទិញលក់មូលបត្ររដ្ឋ មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល និងត្រូវបានលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងការជួញដូរមូលបត្ររដ្ឋ មូលបត្រកម្មសិទ្ធិ ឬមូលបត្របំណុល សម្រាប់រយៈពេលបីឆ្នាំ។

កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានព្យាករណ៍ថា នៅឆ្នាំ២០២២នេះនឹងមានក្រុមហ៊ុនចំនួន៨ទៀត មកចុះបញ្ជី ដែលនឹងធ្វើឱ្យក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនឡើងដល់២៣ក្រុមហ៊ុន។

បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារភាគហ៊ុនចំនួន ១៧ក្នុងនោះមូលបត្រកម្មសិទ្ធិចំនួន៩ក្រុមហ៊ុន និងមូលបត្របំណុល៨ក្រុមហ៊ុន៕