(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ (KE) នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានគាំទ្រ ដល់សហគ្រាសធុនតូចនិងមធ្យម (SME) និងធុរកិច្ចថ្មី ចំនួន៤៩ ក្នុងចំណោមសំណើរសរុបចំនួន៣៦១ មកពី ២០រាជធានីខេត្ត ដែលបានផ្តល់ទឹកប្រាក់សរុបចំនួន ៤១៥,០០០ ដុល្លាអាមេរិក នៅក្នុងឆ្នាំ២០២១ ដើម្បីគាំទ្រដល់សហគ្រិន ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

កម្មវិធីនេះបានរៀបចំនៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh) ក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។

កញ្ចប់ជំនួយសហគ្រិនខ្មែរ គឺជាយន្តការអនុវត្តបែបយុទ្ធសាស្ត្រមួយ របស់រាជរដ្ឋាភិបាល តាមរយៈការគាំទ្រផ្នែក ហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម និង ប្រតិបត្តិការដែលបណ្តាលមកពីវិបត្តិកូវីដ១៩។ ក្នុងរយៈពេល ២ឆ្នាំកន្លងមក កម្មវិធីនេះបានអនុវត្តអស់៥ជុំ ហើយបានផ្តល់ការគាំទ្រដល់សហគ្រិនចំនួន៩០នាក់ ដែលមានទឹកប្រាក់សរុបចំនួន ៨១៥,000 ដុល្លាអាមេរិក។

លោក វង្សី វិស្សុត បានថ្លែងថា សហគ្រិនភាពជាវិស័យចម្បងមួយ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ ដើម្បីពង្រឹងវិស័យឯកជនឲ្យកាន់តែខ្លាំង និងមានភាពរឹងមាំ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនភាពធន់នឹងវិបត្តិ និងជំរុញឲ្យមានពិពិធកម្មសេដ្ឋកិច្ច។ ដូច្នេះ កញ្ចប់ជំនួយសហគ្រិនខ្មែរ ជាកម្មវិធីយុទ្ធសាស្រ្តដ៏មុតស្រួចមួយ បង្កើតឡើងដើម្បីជួយរក្សាលំនឹង និងលើកកម្ពស់ដល់ធុរកិច្ចថ្មី និងសហគ្រាស ធុនតូចនិងមធ្យមដែលមានសក្កានុពល តែកំពុងជួបការលំបាកពីវិបត្តិកូវីដ១៩ ហើយស្ថិតនៅក្នុងវិស័យអាទិភាព។

ដើម្បីឆ្លើយតប និងជាយុទ្ធសាស្ត្រគាំទ្រដល់ សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មីដែលមានសក្តានុពល ក្នុងដំណើរស្តារអាជីវកម្ម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានថ្លែងថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃកំនើនសេដ្ឋកិច្ចជាតិ ដែលបង្កើនភាពធន់ និងបង្កើតការងារ រីឯ ធុរកិច្ចថ្មី គឺជាកម្លាំងចលករជំរុញការបង្កើតគំនិតនវានុវត្តន៍ និងដោះស្រាយបញ្ហាប្រឈម តាមបែបវិធីសាស្ត្រ ថ្មីដែលមានភាពទាក់ទាញ។ ដូច្នេះ កម្មវិធីនេះពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ជំនួយ និងយន្តការ ដោះស្រាយដ៏សមស្រប ខណៈពេលដែលសហគ្រិន កំពុងជួបការលំបាក ផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ដើម្បីរក្សានូវលំនឹងអាជីវកម្ម ក្នុងអំឡុងពេល និងឆ្លងអោយផុតពីវិបត្តិកូវីដ១៩។

លោកបណ្ឌិតបានបន្ថែមថា សហគ្រិនខ្មែរ នឹងបន្តដើរតួនាទីក្នុងការចូលរួមជាមួយដៃគូ ពាក់ព័ន្ធនៅក្នុង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម។ ជាថ្មីម្តងទៀត សហគ្រិនខ្មែរនឹងបើកទទួលពាក្យក្នុង កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរឆ្នាំ ២០២២ នៅខែមីនា ដូច្នេះសម្រាប់សហគ្រិន ដែលគិតថាមានសមត្ថភាពពេញលេញ ក្នុងការទទួលបានការគាំទ្រពីកម្មវិធីនេះ សូមធ្វើការដាក់ពាក្យចូលរួមតាមបណ្តាញសង្គមរបស់សហគ្រិនខ្មែរ។

លោកស្រី ស៊ឹង សុផា នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សិលា ផិបភើរ ខូ អិលធីឌី ដែលជាសហគ្រិនជ័យលាភីមួយរូប ថ្លែងថា «ដោយសារតែការរាតត្បាតនៃជំងឺ កូវីដ១៩ មានបញ្ហា ប្រឈមជាច្រើនដែលយើងបានជួបប្រទះ ជាពិសេសទាក់ទងនឹងការនំាចេញ។ នេះបណ្ដាលឱ្យយើងជួបនូវបញ្ហា លំហូរសាច់ប្រាក់។ តាមរយៈការទទួលបានជំនួយពី សហគ្រិនខ្មែរ ទឹកប្រាក់នេះអាចជួយយើងក្នុងការទទួល ទិញវត្ថុធាតុដើមសម្រាប់ស្តុកទុក ពីកសិករសហគមន៍របស់យើង និងបន្តធ្វើការផ្សព្វផ្សាយនៅក្នុងស្រុក។ ជំនួយ មួយផ្នែកទៀត គឺត្រូវបានយកទៅវិនិយោគលើម៉ាស៊ីនសម្រាប់ការវេចខ្ចប់។ សិលា ផិបភើរ ព្យាយាម និងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើការផ្សព្វផ្សាយម្រេចកម្ពុជាទៅកាន់ពិភពលោក»៕