(បាងកក)៖ ក្រុមហ៊ុន Media Intelligence Group (MI) បានឱ្យដឹងថា ការចំណាយលើប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសថៃត្រូវបានរំពឹងថានឹងស្ទុះងើបឡើងវិញឆ្ពោះទៅរកកំណើន ១២,៨ភាគរយនៅឆ្នាំ២០២២នេះ ខណៈដែលមនុស្សងាកទៅរកជីវិតប្រក្រតីវិញ បន្ទាប់ពីមានការរាតត្បាតជំងឺរយៈពេល ២ឆ្នាំ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Pawat Ruangdejworachai ប្រធានក្រុមហ៊ុន Media Intelligence Group (MI) ដែលជាភ្នាក់ងាររៀបចំផែនការ និងច្នៃប្រឌិតការផ្សព្វផ្សាយរបស់ប្រទេសថៃបានថ្លែងថា៖ «ក្នុងគ្រាដែលមានបញ្ហាប្រឈមផ្សេងៗរួមទាំងការកើនឡើងករណីវីរុសអូមីក្រុង ការរាតត្បាតជំងឺ (pandemic) នឹងក្លាយជាការរាតត្បាតជំងឺដែលកើតឡើងលើមនុស្សគ្រប់គ្នា (endemic) ដែលនឹងអាចឱ្យអ្នកធ្វើដំណើរចូលមក ហើយប្រជាជនចេញក្រៅ និងរស់នៅក្នុងជីវិតធម្មតា»

លោកថ្លែងថា ក្រុមហ៊ុន MI ព្យាករថា ការចំណាយលើប្រព័ន្ធផ្សព្វផ្សាយ នឹងកើនឡើង ១២,៨ភាគរយដល់ ៨៤,៣ប៊ីលានបាត (២,៥៦ប៊ីលានដុល្លារ) នៅឆ្នាំនេះ ដែលគាំទ្រដោយភាគច្រើននៃប្រជាជនដែលចាក់វ៉ាក់សាំងហើយបានពីរដូស ខណៈដែលជាង ៣០ភាគរយនៃប្រជាជនបានទទួលដូសជំរុញ។

លោកបន្ថែមថា ការចំណាយលើប្រព័ន្ធផ្សព្វផ្សាយអាចមកពីវិស័យស្នូលចំនួន៨ រួមមាន វិស័យរថយន្តអគ្គិសនី វិស័យម៉ូតូ វិស័យអាជីវកម្មដែលមានទំនាក់ទំនងនឹងប្រក្រតីភាពថ្មីដូចជាពាណិជ្ជកម្មអេឡិចត្រូនិច ដឹកញ្ជូននិងសុខភាពនិងអានាម័យ វិស័យភេសជ្ជៈមិនមែនគ្រឿងស្រវឹង វិស័យសម្ផស្សនិងសុខភាព វិស័យកម្ចីផ្ទាល់ខ្លួន វិស័យអាជីវកម្មវិនិយោគថ្មី វិស័យផលិតផលពាក់ព័ន្ធនឹងមនុស្សដែលរស់នៅខាងក្រៅ ដូចជាភោជនីយដ្ឋាននិងសម្លៀកបំពាក់។

លោក Pawat ឱ្យដឹងទៀតថា ការចំណាយផ្សាយពាណិជ្ជកម្មធំបំផុតនឹងនៅតែជាទូរទស្សន៍នៅឆ្នាំនេះ ដោយមានទឹកប្រាក់ ៤០ប៊ីលានបាត ដែលស្មើនឹង ៥០ភាគរយនៃចំណាយសរុប។ ការចំណាយផ្សព្វផ្សាយឌីជីថលត្រូវបានរំពឹងថានឹងកើនឡើង ១៦ភាគរយដល់ ២៧ប៊ីលានបាតនៅឆ្នាំនេះ។

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ក្រុមហ៊ុនអាជីវកម្មនានាកំពុងប្រើប្រាស់ជនមានឈ្មោះបោះសំឡេងកាន់តែច្រើនឡើងសម្រាប់យុទ្ធនាការផ្សព្វផ្សាយរបស់ពួកគេតាមរយៈប្រព័ន្ធផ្សព្វផ្សាយអនឡាញ ជាពិសេសនៅក្នុងការវិនិយោគហិរញ្ញត្ថុថ្មីដូចជារូបិប័ណ្ណគ្រីបតូជាដើម។

បណ្តាញ Facebook នៅតែជាបណ្តាញទំនាក់ទំនងសង្គមឈានមុខគេដដែលក្នុងប្រទេសថៃ ដោយមានអ្នកប្រើប្រាស់សកម្ម ៤៤លាននាក់ បន្ទាប់មកគឺ YouTube មានអ្នកប្រើប្រាស់ ៣៨លាននាក់ និង Instagram មានអ្នកប្រើប្រាស់ ១៥លាននាក់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕