(សិង្ហបុរី)៖ ការលក់ផ្ទះនៅសិង្ហបុរីបានកើនឡើងតិចតួចនៅខែមករា ដែលបង្ហាញថា តម្រូវការនៅតែកើនឡើងបន្ទាប់ពីវិធានការទប់ស្កាត់កំណើនអចលនទ្រព្យត្រូវបានដាក់ចេញកាលពីខែធ្នូ។ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មាន Bloomberg។

តួលេខពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសសិង្ហបុរីបានបង្ហាញថា ការទិញអាផាមិនឯកជនថ្មីបានកើនឡើងដល់ ៦៧៣យូនីតនៅខែមករា។ ចំនួននេះកើនឡើង ៣,៥ភាគរយធៀបនឹងចំនួន ៦៥០យូនីតដែលបានលក់ក្នុងខែធ្នូ។

តួលេខដដែលនេះបានបង្ហាញទៀតថា នៅតែមានការទិញផ្ទះនៅក្នុងរដ្ឋបុរីមួយនេះ បើទោះជារដ្ឋាភិបាលបានដាក់ចេញវិធានការនានាដើម្បីទប់ស្កាត់ការកើនឡើងតម្លៃផ្ទះកាលពីឆ្នាំមុនក៏ដោយ។ វិធានការទាំងនេះរួមមាន ការដំឡើងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះទី២ និងជនបរទេសដែលទិញអចលនទ្រព្យឯកជន ព្រមទាំងការដាក់កម្រិតឥណទានកាន់តែតឹងរ៉ឹងផងដែរ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា បើទោះជាការដាក់កម្រិតទាំងនេះអាចបង្អាក់តម្រូវការទិញផ្ទះក្នុងរយៈពេលខ្លីក្តី ក៏ការលក់ផ្ទះនិងតម្លៃផ្ទះទំនងជានឹងកើនឡើងនៅពេលណាដែលទីផ្សារស៊ាំនឹងវិធានការទាំងនេះ។ ប្រភពតម្រូវការមួយគឺមកពីអ្នកទិញគិតថា ទិញផ្ទះនៅពេលនេះដោយរំពឹងថាតម្លៃនឹងកើនឡើងនៅពេលខាងមុខ។

ដូចទៅនឹងប្រទេសផ្សេងទៀតនៅក្នុងពិភពលោកដែរ ទីផ្សារអចលនទ្រព្យលំនៅឋានសិង្ហបុរីនៅតែមានភាពល្អក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ អត្រាការប្រាក់ទាប និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចបានជំរុញតម្រូវការ ដែលជំរុញឱ្យអ្នកបង្កើតគោលនយោបាយចាត់វិធានការនានាដើម្បីរក្សាឱ្យផ្ទះនៅមានតម្លៃសមរម្យ។ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មាន Bloomberg៕