(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាស្ថាប័នចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជា រកចំណូលបានប្រមាណ៩០លានដុល្លារ កើនឡើងជាង១០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានប្រមាណជាង៧៩លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ចំណូលសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ២០២១ ទទួលបានចំនួន ៣៦៩ ១៤៥ ២៥៧ ពាន់រៀល ស្មើនឹងប្រមាណជាង៩០លានដុល្លារ ខណៈឆ្នាំ២០២០ រកចំណូលបាន ៣២៤ ៣៦៧ ៨៥៦ ពាន់រៀល ស្មើនឹងប្រមាណ៧៩ លានដុល្លារ ក្នុងនោះចំណូលបានមកពីការលក់ទឹកស្អាតមានចំនួន ២៨២ ៣៦៩ ៧៩៧ពាន់រៀល ស្មើនឹងប្រមាណ៦៩លាន២០ម៉ឺនដុល្លារ កើនឡើងជាងឆ្នាំ២០២០ ដែលលក់បានចំនួន ២៨១ ៦៤៩ ៣៣៨ពាន់រៀល ស្មើនឹងប្រមាណ៦៩លានដុល្លារ។

ចំណែកប្រាក់ចំណេញ ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន១៥៧ ០៩៦ ៣០១ពាន់រៀល ស្មើនឹងប្រមាណ៣៨លានដុល្លារ (មិនទាន់សវនកម្ម) កើនឡើងប្រមាណ១០លានដុល្លារ បើធៀបនឹងឆ្នាំ២០២០ ចំណេញបានចំនួន១២៩ ៥៨៦ ៦៧២ពាន់រៀល ស្មើនឹងប្រមាណជាង៣១លានដុល្លារអាមេរិក (សវនកម្មរួច)៕