(បាងកក)៖ ការកើនឡើងតម្លៃប្រេងបានប៉ះពាល់ដល់លទ្ធភាពទទួលបានប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសថៃ ដែលរារាំងដល់ឱកាសទាញយកប្រយោជន៍ពីការកើនឡើងតម្រូវការធ្វើដំណើរក្នុងស្រុក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាតម្លៃទាបនានាមានភាពស្ទាក់ស្ទើរក្នុងការបង្កើនតម្លៃសំបុត្រ ដោយសារអ្នកធ្វើដំណើរនៅមានភាពរសើបនៅឡើយចំពោះតម្លៃសំបុត្រក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដនេះ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីលោក Tassapon Bijleveld ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Asia Aviation ដែលជាម្ចាស់ភាកហ៊ុនភាគច្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia (TAA) ថា អត្រាបំពេញកៅអីអ្នកដំណើរជាមធ្យមក្នុងខែកុម្ភៈ មានពី ៧២-៧៣ភាគរយ ហើយអាចកើនឡើងសន្សឹមៗរហូតដល់ ៨០ភាគរយ ខណៈដែលយុទ្ធនាការឧបត្ថម្ភសម្រាប់អ្នកដំណើរក្នុងប្រទេសថៃបានចាប់ផ្តើមនៅខែនេះ។

លោក Tassapon បានថ្លែងថា៖ «យើងគួរតែទទួលបានអត្ថប្រយោជន៍ពីកំណើនតម្រូវការ ប៉ុន្តែជាអកុសល តម្លៃប្រេងបានកើនឡើងជាលំដាប់គិតចាប់តាំងពីចុងឆ្នាំមុនមកពីប្រហែល ៦០ដុល្លារក្នុងមួយបារ៉ែលដល់ជាង ៨០ដុល្លារ។ នេះគឺជាការចំណាយប្រតិបត្តិការធំមួយរបស់យើង ដូច្នេះជើងហោះហើរភាគច្រើនរបស់យើងមិនអាចទទួលបានប្រាក់ចំណេញទេ»។

លោកបន្ថែមថា សន្ទុះវិជ្ជមានក្នុងទីផ្សារក្នុងស្រុកត្រូវបានព្យាករថានឹងបន្តកើតមានក្នុងខែមេសា ដែលមានការព្យាករថា អត្រាបំពេញកៅអីអ្នកដំណើរនឹងមានប្រហែល ៩០% សម្រាប់ពិធីបុណ្យសង្ក្រានថៃ។ ក្រុមហ៊ុន TAA មានផែនការរក្សាតម្លៃសំបុត្រយន្តហោះនៅដដែលជៀសវាងកើតមានផលប៉ះពាល់ណាមួយលើអារម្មណ៍របស់ភ្ញៀវទេសចរ។

ទោះជាយ៉ាងណា លោក Tassapon បានថ្លែងថា បើតម្លៃប្រេងកើនឡើងដល់ ៩០ដុល្លារ ដូចដែលអ្នកជំនាញមួយចំនួនបានទស្សទាយនោះ ការដំឡើងសំបុត្រយន្តហោះមិនអាចជៀសផុតទេ។

យោងតាមទិន្នន័យពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ(IATA) តម្លៃប្រេងយន្តហោះបានកើនឡើងដល់ ១០៥,៧ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើង ៧៧,៨ភាគរយធៀបនឹងឆ្នាំមុន បើគិតត្រឹមថ្ងៃទី ២៨ ខែមករា។

អ្នកស្រី Nuntaporn Komonsittivate ប្រធានផ្នែកប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air (TLA) បានថ្លែងថា ក្រុមហ៊ុនរបស់អ្នកស្រីនឹងមិនដំឡើងតម្លៃសំបុត្រទេក្នុងអំឡុងតម្លៃប្រេងកើនឡើងនេះ ដោយសារវានឹងប៉ះពាល់ដល់តម្លៃជាមធ្យម ១.២០០បាតកក្នុងមួយជើងហោះហើរ ដែលក្រុមហ៊ុន TLA ចង់រក្សា។

អ្នកស្រីថ្លែងថា ការកើនឡើងអត្រាបំពេញកៅអីអ្នកដំណើរប្រហែលដល់ ៧០ភាគរយ បានបង្ហាញឱ្យឃើញពីឱកាសខ្ជះខ្ជាយ ដោយសារអនុបាតប្រាកចំណេញក្នុងមួយជើងបានរងប៉ះពាល់ដោយសារការកើនឡើងការចំណាយថ្លៃដើម។

លោកស្រី Nuntaporn មានប្រសាសន៍ថា៖ «យើងចង់បានអត្រាបំពេញកៅអីអ្នកដំណើរ ៨០ភាគរយក្នុងអំឡុងពិធីបុណ្យសង្ក្រានក្នុងខែមេសា។ ការដំឡើងតម្លៃសំបុត្រក្នុងអំឡុងរដូវសម្បូរភ្ញៀវខ្លាំងនេះអាចធ្វើទៅបាន ប៉ុន្តែវានឹងជាការដំឡើងដោយសារតម្រូវការខ្ពស់ ជាជាងដោយសារការកើនឡើងថ្លៃប្រេង»។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕