(ភ្នំពេញ)៖ ធុរជនពីអ៊ីរ៉ុប គ្រោងនឹងវិនិយោគទីក្រុងទំនើបឆ្លាតវៃ ឈ្មោះថា «អនាគត» នៅលើទឹកដីនៃខេត្តកោះកុង ដែលគ្រោងនឹងចំណាយរាប់លានដុល្លារ។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែល លោក ដេននីស កូកូវីច ប្រធានក្រុមហ៊ុន BilderBerg Investment Group បានឲ្យដឹងថា កម្ពុជាជាប្រទេសមួយ មានសក្តានុពលខាងសេដ្ឋកិច្ច មានទីតាំងភូមិសាស្តទាក់ទាញ មានស្ថិរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបើកទូលាយ សម្រាប់ការវិនិយោគទាំងក្នុង និងទាំងក្រៅប្រទេស។

លោក ដេននីស បានលើកឡើងពីកត្តាចម្បង ដែលធ្វើលោកជ្រើសរើស មកបណ្តាក់ទុននៅកម្ពុជា ពីព្រោះកម្ពុជាមានរដ្ឋាភិបាលស្ថិរភាពខ្លាំងជាង៤០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រ ដែលវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកវិនិយោគដូចជា រូបលោកក្នុងការមកបណ្តាក់ទុននៅកម្ពុជា និងជាពិសេសកម្ពុជា ជាប្រទេសមានសន្តិភាព, គ្មានអំពើហិង្សាដោយកាំភ្លើង និងគ្មានឧក្រិដ្ឋកម្មធំៗ។

លោកបន្ដថា ចំណែកឯប្រជាជនកម្ពុជាវិញ មានចរិតស្លូតបូត ឆ្លាតវៃ ក្រមសីលធម៌ការងាររឹងមាំ និងកម្លាំងពលកម្មដ៏ច្រើន ហើយមានឆន្ទៈក្នុងការអភិវឌ្ឍ ឲ្យកាន់តែប្រសើរឡើង។ លើសពីនេះ រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តដ៏ល្អ ដល់អ្នកវិនិយោគិនទាំងអស់ ដែលមកវិនិយោគដោយផ្ទាល់នៅកម្ពុជា និងការផ្តល់នូវការពារដល់វិនិយោគិនទាំងអស់ យ៉ាងពេញលេញ។

លោក ដេននីស កូកូវីច បានបន្តថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិ និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ។ ក្នុងគម្រោង «អនាគត» របស់លោកផ្ទាល់ គឺផ្តោតលើការអភិវឌ្ឍយ៉ាងពេញទំហឹង លើវិស័យធំបី៖ មានវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម។

លោក ដេ នីស បានគូសបញ្ជាក់ថា «អនាគត» នឹងក្លាយជាគម្រោងទីក្រុងទំនើបវៃឆ្លាតដ៏ធំមួយឈានមុខគេនៅអាស៊ី ដែលរួមទាំងតំបន់ហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ផ្តាច់មុខ និងប្រណីត តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម តំបន់កសិកម្មឆ្លាតវៃ តំបន់បច្ចេកវិទ្យា ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងសាសនារួមបញ្ចូលគ្នា ទាំងប្រាំមកពីជុំវិញពិភពលោក ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ គ្រប់ជាន់ថ្នាក់មកពីគ្រប់ទិសទីមករស់នៅ និងលេងកម្សាន្ត។

លោក ដេននីស កូកូវីច បានបន្ថែមថា គម្រោង «អនាគត» នឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ អូសទាញប្រជាពលករខ្មែរ ឲ្យត្រលប់មកធ្វើការ និងរស់នៅប្រទេសកំណើតវិញកែប្រែជីវភាពពលរដ្ឋ នៅក្នុងខេត្តកោះកុង និងក្នុងប្រទេស ឲ្យមានជីវភាពធូធារ បង្កើតការងារដល់ប្រជាជន បង្កើនផលិតកម្មក្នុងស្រុក និងពង្រីកទីផ្សារក្នុងតំបន់។

លោក ដេននីស កូកូវីច បានប៉ាន់ប្រមាណថា គម្រោងទាំងមូល នឹងត្រូវបញ្ចប់នៅក្នុងរយៈពេល៥ ទៅ៧ឆ្នាំខាងមុខ ហើយនឹងបើកដាក់ឲ្យដំណើរការ នៅតំបន់មួយជាជំហានៗផងដែរ។

វិនិយោគិនរូបនេះ ក៏បានបង្ហាញការគាំទ្រចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជាផងដែរ ដោយលោកបានបញ្ជាក់ថា លោកជឿលើការដឹកនាំ របស់សម្តេចតេជោ ហើយក៏ជឿជាក់លើ បេក្ខភាពលោក ហ៊ុន ម៉ាណែតដូចគ្នា ព្រោះតែការដឹកនាំដ៏ច្បាស់លាស់ របស់សម្តេចតេជោ ទើបលោកហ៊ានសម្រេចចិត្តវិនិយោគ លើគម្រោងដ៏ធំសម្បើមមួយនេះ។

លោក ដេនីស បានលើកឡើងថា «សូមមេត្តាកុំបារម្មណ៍ កុំភ័យ កុំឲ្យអ្នកណាកេងចំណេញយកផលប្រយោជន៍ពីអ្នក ហើយសូមអ្នកទាំងអស់គ្នា ជួយសហការ ជាមួយយើង ដើម្បីបង្កើតគម្រោងនេះ ឲ្យជោគជ័យនោះជីវិតអ្នកទាំងអស់គ្នា ទទួលសុភមង្គលពេញបរិបូរណ៍ មានជីវភាពសម្បូរសប្បាយ រហូតដល់កូនចៅ ចៅទួតរបស់អ្នកទាំងអស់គ្នាទៀត»