(ប៉េកាំង)៖ កំណើនតម្លៃប្រេងសាំងកំពុងបង្កបញ្ហាលំបាកថ្មីមួយសម្រាប់រដ្ឋាភិបាលនានា ខណៈដែលរដ្ឋាភិបាលទាំងនោះព្យាយាមរក្សាសេដ្ឋកិច្ចរបស់ខ្លួនដែលរងគ្រោះដោយសារការរាតត្បាតជំងឺកូវីដឱ្យវិលត្រលប់មករកប្រក្រតីភាពវិញ។

ទីភ្នាក់ងារព័ត៌មាន Bloombeg បានរាយការណ៍ថា នៅក្នុងទ្វីបអាស៊ី ប្រទេសកូរ៉េខាងត្បូងបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីធានាបានការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រកបដោយស្ថិរភាព ខណៈដែលតាមដានតម្លៃ ហើយប្រទេសជប៉ុនឆាប់ៗនេះអាចផ្តល់ជំនួយដល់ក្រុមហ៊ុនចម្រាញ់ប្រេងក្នុងស្រុក។ ប្រទេសឥណ្ឌា ដែលជាអ្នកប្រើប្រាស់ប្រេងច្រើនជាងគេទី២ក្នុងតំបន់អាស៊ី បានទម្លាក់ពន្ធលើប្រេងសាំងនិងម៉ាស៊ូតពេលបោះឆ្នោតក្នុងខេត្តសំខាន់ៗមួយចំនួន។

លោក Howie Lee សេដ្ឋវិទូប្រចាំក្រុមហ៊ុន Oversea-Chinese Banking Corp ក្នុងប្រទេសសិង្ហបុរីបានថ្លែងថា៖ «តម្លៃប្រេងសាំងកាន់តែខ្ពស់ប៉ះពាល់ដោយផ្ទាល់ដល់មនុស្សដោយសារឥទ្ធិពលអតិផរណា។ វាក៏ជាវិធីលឿនបំផុតដែលបង្កើតឱ្យមានការកើនឡើងសម្ពាធអតិផរណាផងដែរ។ នោះគឺជាមូលហេតុដែលអ្នកនយោបាយតែងតែអង្គុយចាំមើលនៅពេលដែលតម្លៃប្រេងសាំងហក់ឡើងខ្លាំងពេក»។

តម្លៃប្រេងសាំងមានកំណើនខ្លាំងរាប់ចាប់ពីនៅសហរដ្ឋអាមេរិករហូតដល់នៅទ្វីបអាស៊ី ដោយសារការកើនឡើងការធ្វើដំណើរបង្កើនការប្រើប្រាស់ប្រេង ដោយប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុតនៅខែនេះគិតចាប់ពីឆ្នាំ២០១៤មក។ កំណើននេះកំពុងដាក់សម្ពាធអតិផរណាបន្ថែម ដូចទៅនឹងវត្ថុធាតុដើមផ្សេងទៀតផងដែរ រួមទាំងស្បៀងអាហារក៏ឡើងថ្លៃដែរ ដែលប៉ះពាល់ដល់ការចំណាយរបស់អតិថិជនដែលកំពុងរងគ្រោះដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ក្នុងទ្វីបអាស៊ី ការកាត់បន្ថយការនាំចេញប្រេងឥន្ធនៈពីប្រទេសចិន បានរឹតបន្តឹងការផ្គត់ផ្គង់។

អតិផរណាលក់រាយក្នុងប្រទេសឥណ្ឌាបានកើនឡើងនៅខែធ្នូ ដែលជាកំណើនខែទីបី ហើយផលប៉ះពាល់បន្ថែមទៀតអាចនឹងកើតមាន។ យោងតាមការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសនេះក្នុងឆ្នាំនេះត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់បំផុតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំទាំង ១០ក្នុងពិភពលោក។ ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុនស្ថិតនៅក្រោមគេនៃបញ្ជីអតិផរណានេះ។

ក្នុងប្រទេសជប៉ុន តម្លៃថាមពលកាន់តែខ្ពស់កំពុងប៉ះពាល់ដល់ថវិកាក្នុងគ្រួសារ ដែលអត្រាអតិផរណាត្រូវបានរំពឹងថានឹងមានអត្រាខ្ពស់បំផុតគិតចាប់ពីឆ្នាំ២០០៨មក មួយផ្នែកដោយសារប្រេងសាំងឡើងថ្លៃ។ ធនាគារកណ្តាលកូរ៉េខាងត្បូងក៏មានក្តីបារម្ភផងដែរអំពីការកើនឡើងតម្លៃ ខណៈដែលអតិផរណាបានកើនឡើង ៣ភាគរយនៅខែធ្នូ ដែលជាកំណើនបីខែជាប់គ្នា។ ទន្ទឹមនឹងនេះដែរ ឥណ្ឌូនេស៊ីកំពុងដោះស្រាយបញ្ហានៃការកើនឡើងការចំណាយលើឧបត្ថម្ភធនក្នុងគ្រាដែលតម្លៃប្រេងឥន្ធនៈកើនឡើង។

ការបញ្ចេញស្តុកប្រេង
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden នៅសហរដ្ឋអាមេរិកបានចំណាយពេល និងកិច្ចប្រឹងប្រែងយ៉ាងច្រើន ដោយព្យាយាមទម្លាក់តម្លៃប្រេង និងបានសម្របសម្រួលឱ្យមានការបញ្ចេញស្តុកប្រេងយុទ្ធសស្រ្ត រួមជាមួយនឹងប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ លោក Biden ក៏បាននិងកំពុងជំរុញអង្គការ OPEC និងប្រទេសសម្ព័ន្ធមិត្តរបស់អង្គការនេះឱ្យបង្កើនផលិតកម្ម។ ប៉ុន្តែ ផលលប៉ះពាល់នៃកិច្ចការនេះនៅមានកម្រិត និងមានបណ្តោះអាសន្នប៉ុណ្ណោះក្នុងគ្រាដែលមានការកើនឡើងតម្រូវការប្រេង។

បញ្ហាគឺថា ទីផ្សារប្រេងនៅតែស្ថិតក្នុងស្ថានភាពក្តៅ។ ប្រេងឆៅប្រភេទ Brent បានកើនឡើង ២៦ភាគរយគិតចាប់ពីដើមខែធ្នូមក ដល់ប្រហែល ៨៦ដុល្លារក្នុងមួយប៉ារែល ហើយធនាគារនានារួមទាំងធនាគារ Goldman Sachs Group Inc បានព្យាករថា ប្រេងឆៅអាចកើនឡើងដល់ ១០០ក្នុងមួយបារ៉ែលនៅរដូវក្តៅខាងមុខនេះ។

ប្រឈមនឹងបញ្ហានេះ កូរ៉េខាងត្បូងបានកាត់បន្ថយពន្ធលើប្រេងឥន្ធនៈកាលពីខែតុលា ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់អតិផរណា។ ចាប់តាំងពីពេលនោះមក ប្រេងសាំងក្នុងស្រុកបានធ្លាក់ចុះរយៈពេល ៩សប្តាហ៍មុនពេលស្ថិតនៅទ្រឹងវិញ។

នៅជប៉ុន តម្លៃប្រេងសាំងជាមធ្យមអាចកើនឡើងដល់ ១៧០យ៉េន (១,៤៩ដុល្លារ) ក្នុងមួយលីត្រក្នុងពេលឆាប់ៗនេះ ជាតម្លៃមួយដែលជំរុញឱ្យមានជំនួយគ្រាអាសន្នពីរដ្ឋាភិបាលសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេង។

ឥណ្ឌាក៏បានកាត់បន្ថយពន្ធលើប្រេងសាំង និងប្រេងម៉ាស៊ូតផងដែរនៅខែវិច្ឆិកា ដែលឈានទៅរកការធ្លាក់ចុះតម្លៃដែលកន្លងមកបានកើនឡើងដល់តម្លៃខ្ពស់បំផុត មុនពេលមានការបោះឆ្នោតក្នុងខេត្តសំខាន់ៗមួយចំនួនដែលគណបក្សរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ប្រឈមនឹងការប្រជែងខ្លាំង៕ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕