(ភ្នំពេញ)៖ រយៈពេល២ឆ្នាំ រាជរដ្ឋាភិបាលខាតបង់ចំណូលពន្ធ ប្រមាណ៨០លានដុល្លារ បន្ទាប់ពីការដាក់ឲ្យអនុវត្តន៍ការលើកលែងអាករលើតម្លៃបន្ថែម (VAT) លើមុខទំនិញជាអាហារមូលដ្ឋាន។

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការលើកលែងអាករលើតម្លៃបន្ថែម លើមុខទំនិញជាអាហារមូលដ្ឋាននេះ ត្រូវបានដាក់ចេញលើកដំបូងកាលពីឆ្នាំ២០១៨ ដែលពេលនោះរដ្ឋខាតចំណូលពន្ធប្រមាណ៤០លានដុល្លារ ដូច្នេះរយៈពេល២ឆ្នាំប្រហែល ៨០លានដុល្លារ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក នុប សុ ធន វិចិត្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសពីការចាត់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រយៈពេល២ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៣។

ការដាក់ចេញនូវប្រកាសនេះ ជាការបន្តសុពលភាពរយៈពេល២ឆ្នាំបន្ថែមទៀត នូវការចាត់ទុកអាករលើតម្លៃបន្ថែម លើមុខទំនិញអាហារជាមូលដ្ឋាន ជាបន្ទុករបស់រដ្ឋដែលត្រូវបានអនុញ្ញាតតាំងពីឆ្នាំ២០១៨មកម្ល៉េះ។

ឆ្នាំ២០១៨ ជាឆ្នាំដាក់ចេញយន្តការលើកទឹកចិត្តនេះ ជាលើកដំបូង និងឃើញថាចំណូលពន្ធពីវិស័យពាក់ព័ន្ធមានការថមថយប្រមាណ៤០លានដុល្លារ នេះជាការចូលរួមចំណែករបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការលូតលាស់នៃវិស័យពាក់ព័ន្ធ។

ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំឱ្យមានការលើកទឹកចិត្តផ្នែកពន្ធដារជាច្រើនដូចជា ការលើកលែងពន្ធ-អាករជាហូរហែរ ទាំងក្នុងគោលដៅជួយសម្រួល ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រួលដល់សហគ្រាស ឬវិស័យដែលរងផលប៉ះពាល់នានា ឬវិស័យដែលទាមទារ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញកំណើន និងការរីកចម្រើនក្នុងវិស័យទាំងនោះ។

សម្រាប់ការលើកលែងពន្ធអាករនេះ ជាវិធានការគិតគូរដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលជាគោលការណ៍ គឺប្រជាពលរដ្ឋ ជាអ្នកទិញអាហារទាំងនោះមកទទួលទានប្រចាំថ្ងៃ ដែលអាចទិញពីទីផ្សារ ផ្សារទំនើប គឺរដ្ឋនឹងមិនគិតពន្ធ (អាករលើតម្លៃបន្ថែម) លើអាហារជាមូលដ្ឋានទាំងនោះទេ។

ទន្ទឹមនឹងការលើកលែង និងលើកទឹកចិត្តពន្ធ-អាករ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីជួយសម្រួលនេះ ក្រសួងសេដ្ឋកិច្ច សូមអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀត ពីសំណាក់សហគ្រាស-ក្រុមហ៊ុនជាអ្នកជាប់ពន្ធ សូមចូលរួមយកចិត្តទុកដាក់អនុវត្តកាតព្វកិច្ចសារពើពន្ធ ជាអាទីមាន កាតព្វកិច្ចចុះបញ្ជី, ប្រកាសបង់ពន្ធឱ្យបានត្រឹមត្រូវ និងចៀសវាងការគេចវេះពន្ធ។

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានចេញប្រកាសស្តីពី ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

តាមសេចក្ដីប្រកាសបានបញ្ជាក់ថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ ក្នុងស្រុកនូវទំនិញដែលជាអាហារជាមូលដ្ឋាន សម្រាប់ចិញ្ចឹមជីវិតប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់គោលដៅនៃប្រកាសនេះ «អាហារជាមូលដ្ឋាន» សំដៅដល់បណ្តាមុខទំនិញមួយចំនួន ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖

* សាច់សត្វចិញ្ចឹមមានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ ឬឆ្អើរ

* ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃតាមវិធីផ្លាប់ ឬឆ្អើរ

* ត្រីទឹកសាប និងទីកប្រែគ្រប់ប្រភេទរួមទាំង បង្កង បង្គា កំពឹស ក្ដាម និងសិប្បីជាតិគ្រប់ប្រភេទទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ ឬឆ្អើរ

* ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់

* អំបិលគ្រប់ប្រភេទ

* ទឹកត្រីនិងទឹកស៊ីអីវគ្រប់ប្រភេទ។

ការកំណត់អាករលើតម្លៃបន្ថែបជាបន្ទុករបស់រដ្ឋ ត្រូវបានកំណត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារជាមូលដ្ឋាន ដូចមានចែងក្នុងប្រការ៣នៃប្រកាសនេះ សម្រាប់រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់គោលដៅនៃប្រការនេះ ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕