(បាងកក)៖ ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) របស់ប្រទេសថៃ មានផែនការលក់មូលបត្របំណុលថ្មីនៅខែក្រោយ ដែលសរុបមានតម្លៃ ៣០ប៊ីលានបាត (ប្រហែល ៩០០លានដុល្លារ) ដើម្បីប្រមូលមូលនិធិសម្រាប់គោលនយោបាយរដ្ឋាភិបាលដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយជំងឺកូវីដ-១៩។

ការសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Patricia Mongkhonvanit អគ្គនាយិកាការិយាល័យ Patricia Mongkhonvanit ខណៈថ្លែងថា គម្រោងនានាដែលត្រូវបានផ្តល់មូលនិធិតាមរយៈការលក់មូលបត្របំណុលនេះ រួមមានទាំងការទិញវ៉ាក់សាំងកូវីដ-១៩ និងការផ្តល់សំណងដល់បុគ្គលិកកម្មករដែលចុះឈ្មោះស្ថិតក្រោមប្រព័ន្ធសន្តិសុខសង្គម។

លោកស្រី Patricia បានថ្លែងថា មូលបត្របំណុលដែលមានអាយុកាល ៣ឆ្នាំ នឹងត្រូវលក់ចាប់ពីថ្ងៃទី១៧ ដល់ទី ៣១ ខែមករា ឆ្នាំ២០២២ តាមរយៈធនាគារបាងកក ធនាគារក្រុងថៃ ធនាគារកសិករ និងធនាគារស្យាមពាណិជ្ជ។

លោកស្រីបានបន្ថែមថា មូលបត្របំណុលទាំងនេះក៏អាចរកទិញបានផងដែរតាមរយៈសេវាធនាគារតាមអ៊ីនធឺណិតរបស់ធនាគារទាំងនេះ។ អត្រាការប្រាក់ជាមធ្យមដែលត្រូវបានធានាសម្រាប់មូលបត្របំណុលទាំងនេះមាន ១,៩ភាគរយក្នុងមួយឆ្នាំ។

លោកស្រីបានបន្តថា ផលចំណេញពីមូលបត្របំណុលនេះនៅឆ្នាំទី១ ទី២ និងទី៣ មាន ១,៦ភាគរយ ១,៨ភាគរយ និង ២,៣ភាគរយរៀងគ្នា។ ការលក់មូលបត្របំណុលនេះនឹងត្រូវធ្វើឡើងជាបីដំណាក់កាលគឺនៅថ្ងៃទី១៧ ដល់ ១៨ ខែមករា នៅថ្ងៃទី១៩ ដល់ ២៣ ខែមករា និងនៅថ្ងៃទី២៤ ដល់ ៣១ ខែមករា។

លោក Patricia ថ្លែងទៀតថា នៅពីរដំណាក់កាលដំបូង មូលបត្របំណុលនឹងត្រូវលក់ទៅឱ្យវិនិយោគិនជាបុគ្គលដែលជាពលរដ្ឋថៃ ឬអ្នករស់នៅក្នុងប្រទេសថៃដែលមានតម្លៃរហូតដល់ ៥លានដុល្លារក្នុងវិនិយោគិនម្នាក់ ខណៈដែលនៅក្នុងដំណាក់កាលចុងក្រោយ ចំនួនមូលបត្របំណុលដែលត្រូវលក់ទៅឱ្យអ្នកទិញម្នាក់នឹងមិនមានកម្រិតឡើយ។

វិនិយោគិនម្នាក់ៗអាចទិញមូលបត្របំណុលទាំងនៅក្នុងបីដំណាក់កាលនេះ ខណៈដែលចំនួនមូលបត្របំណុលដែលពួកគេទិញនៅក្នុងដំណាក់កាលនីមួយៗ នឹងមិនត្រូវបានរាប់បញ្ចូលគ្នាឡើយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕